យន្ដហោះប្រដេញរ៉ូស្ស៊ីហោះរំលងជិតបំផុត ពីលើនាវាសង្គ្រាមអាមេរិក
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ មេសា ២០១៦
- កែប្រែចុងក្រោយ: April 15, 2016
- ប្រធានបទ: អាមេរិក-រ៉ូស្ស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះជាច្រើនគ្រឿង របស់កងទ័ពរ៉ូស្ស៊ី បានធ្វើការហោះហើរ «យ៉ាងព្រហើន» នៅពីលើនាវាសង្គ្រាម របស់កងទ័ពអាមេរិក ក្នុងខណ:ដែលនាវានេះ ស្ថិតក្នុងដែនទឹកអន្តរជាតិ នៃសមុទ្របាល់ទិក (Baltique)។ នេះបើតាមការប្រកាសឱ្យដឹង របស់អ្នកទទួលខុសត្រូវមួយរូប មកពីក្រសួងការពារជាតិអាមេរិក ដែលបានថ្លែង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ហេតុការណ៍ នៃករណីហោះហើរ របស់យន្ដហោះរ៉ូស្ស៊ី រំលងពីលើនាវាសង្គ្រាម ធុន «USS Donald Cook» របស់អាមេរិក បានកើតឡើងជាច្រើនដង នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។ អ្នកទទួលខុសត្រូវអាមេរិកដដែល បានបញ្ជាក់បន្ថែមថា ជាពិសេសនៅថ្ងៃពុធ យន្ដហោះប្រដេញរ៉ូស្ស៊ី ធុន «Su-24» បានហោះរំលង នៅកំពស់ប្រមាណ ជា៩ម៉ែត្រ ពីលើនាវាចម្បាំងអាមេរិកប៉ុណ្ណោះ។ មន្ត្រីរូបនេះបានហៅទង្វើខាងលើ ថាមានសណ្ឋានដូច ជាផែនការវាយប្រហារមួយ។
មន្ត្រីក្រសួងការពារជាតិអាមេរិក បានឲ្យដឹងទៀតថា៖ «គឺជាការបំពានដ៏ខ្លាំងបំផុតមួយ បើប្រៀបធៀបទៅនឹងការបំពានលើកមុនៗ ដែលយើងបានឃើញ»។
ហេតុការណ៍ខាងលើ បានចាប់ផ្ដើមកើតឡើង ចាប់តាំងពីថ្ងៃចន្ទ បន្ទាប់ពីនាវាចម្បាំងអាមេរិក បានស្ថិតនៅចម្ងាយប្រមាណជា ១៣០គីឡូម៉ែត្រ ពីក្រុង កាលីនីហ្គ្រាត (Kaliningrad) ដែលជាទឹកដីដាច់ដោយឡែក របស់ប្រទេសរ៉ូស្ស៊ី (នៅភាគខាងលិចបំផុត)។ ខេត្តមួយនេះ មានទីតាំងនៅចន្លោះ រវាងសមុទ្របាល់ទិក ប្រទេសប៉ូឡូញ និងប្រទេសលីតួអានី តែមិនជាប់ជាមួយនឹងទឹកដី រ៉ូស្ស៊ី ធំនោះទេ។
«គ្រោះថ្នាក់ខ្លាំងណាស់...»
មន្ត្រីទទួលខុសត្រូវដដែល បានរៀបរាប់ថា យន្ដហោះប្រដេញធុន «Su-24» ចំនួនពីរគ្រឿង បានហោះរំលងពីលើនាវា «USS Donald Cook» ចំនួន២០ដង ស្ថិតនៅកំពស់ប្រមាណជា ៩០០ម៉ែត្រ និងបន្ទាប់មក នៅកំពស់ ៣០ម៉ែត្រ។ នៅថ្ងៃអង្គារ ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកមួយគ្រឿង ធុន «Ka-27» របស់កងទ័ពរ៉ូស្ស៊ី បានហោះរំលងពីលើនាវាអាមេរិក ចំនួន៧ដង ដោយបានថតយករូបភាព ទៅជាមួយផង។ បន្តិចក្រោយមក យន្ដហោះប្រដេញ «Su-24» បានហោះមកទៀត ហើយបានហោះពីលើនាវាអាមេរិក ដោយកំពស់មួយជិតមែនទែន។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ហោះជិតនាវា រហូតសូម្បីតែទឹកសមុទ្រ ក៏រញ្ជួយដែរ»។ ប៉ុន្តែលោកបាននិយាយថា យន្ដហោះនេះ ទំនងជាមិនមានបំពាក់អាវុធ ឬកាំជ្រួចនោះទេ។
កងទ័ពអាមេរិក ដែលមានវត្តមាននៅលើនាវា បានព្យាយាមប្រកាសសញ្ញា ប្រាប់ទៅយន្ដហោះរ៉ូស្ស៊ី តាមរលកអាកាសអន្តរជាតិ ប៉ុន្តែមិនទទួលបានចម្លើយ ពីយន្ដហោះទាំងនោះមកវិញទេ។ អ្នកទទួលខុសត្រូវដដែល បានបន្ថែមទៀតថា៖ «បើតាមមេបញ្ជាការនាវា បានឲ្យដឹងថា ទង្វើនេះមានគ្រោះថ្នាក់ណាស់ ហើយជាការចំអក ដ៏ព្រហើនមួយ»។
សូមបញ្ជាក់ដែរថា ទំនាក់ទំនងរវាងក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បានស្គាល់នូវភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពីវិបត្តិជាច្រើន បានផ្ទុះឡើងជាបន្តបន្ទាប់ មានជាអាថ៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងប្រទេសស៊ីរី៕
» វីដេអូ និងរូបភាព ដែលកងទ័ពអាមេរិក នៅលើនាវា «USS Donald Cook» ថតបាន ពីសកម្មភាពរបស់យន្ដហោះរ៉ូស្ស៊ី៖