១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ បាសា បះ​ជើង​នៅ អាត្លង់ទីកូ

ក្រុមបាសឺឡូន (Barcelone) ដែលសម្បូរដោយកីឡាករដ៏ចំណានៗ បានដួលបះជើង និង«ហាលអាវ» វិល​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយពីបានជួប ក្នុងការប្រកួត«ត្រឡប់»វិញ ជាមួយក្រុម អាត្លង់ទីកូម៉ាឌ្រីត (Atletico Madrid) សម្រាប់​វគ្គ១​ភាគ៤ផ្ដាច់ព្រ័ត្រ នៃការដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៦។ កីឡាករដែលធ្វើឲ្យ​ក្រុម​បាសឺឡូន យំមិនចេញ គឺកីឡាករអន្តរជាតិបារាំង ឈ្មោះ អង់ត័ន គ្រីស្មាន់ (Antoine Griezmann) ដែល​រក​គ្រាប់​បាន នៅ​នាទី​ទី៣៦ និង​នាទី​ទី ៨៨។
១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ បាសា បះ​ជើង​នៅ អាត្លង់ទីកូ
កីឡាករ អង់ត័ន គ្រីស្មាន់ ត្រូវបានកីឡាកររួមក្រុមចាប់លើក បន្ទាប់ពីរកបានគ្រាប់បាល់ទីមួយ ឲ្យក្រុមអាត្លង់ទីកូ។ (រូបថត Reuters)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៣ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 14, 2016
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្តែការ«ដួលបះជើង» របស់ក្រុមបាសឺឡូន (Barcelone) នៅចំពោះក្រុម អាត្លង់ទីកូម៉ាឌ្រីត (Atletico Madrid) មិនមែនជាលើកទីមួយទេ។ កាលពីឆ្នាំ២០១៤ ក្រុមអាត្លង់ទីកូ ធ្លាប់បំបាក់ក្រុមបាសឺឡូនម្ដងហើយ នៅ​ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌប្រកួតតែមួយ (Champions League 2014) មុន​នឹងទៅ​ជួប​ជា​មួយ​ក្រុម ឆែលស៊ី (Chelsea) នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ និងបន្ទាប់មកឡើងទៅជួប ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) នៅវគ្គផ្ដាច់ព្រ័ត្រ។

គេត្រូវនិយាយថា នៅពេលជួបជាមួយក្រុមបាសឺឡូនម្ដងៗ ក្រុមអាត្លង់ទីកូ បានរៀបចំខ្សែការពារយ៉ាងរឹងមាំ ហើយ​កីឡាករម្នាក់ៗ របស់ក្រុមនេះ បើទោះជាកីឡាករខ្សែប្រយុទ្ធមួយចំនួន ដែលឈរ​នៅខាងលើ​ក៏ដោយ បាន​ស្ម័គ្រ​ប្ដូរ«ស្លាប់» ប្រមូលគ្នាចុះមកការពារភ្លាមៗ នៅពេលបាល់ធ្លាក់ ទៅនៅក្រោមជើង របស់​ក្រុម​បាសឺឡូន។ ជាពិសេស នៅពេលដណ្ដើមបាល់បាន ក្រុមកីឡាកររបស់ អាត្លង់ទីកូ ដែលមានគ្រូបង្វឹកលោក «Diego Simeone» បានបណ្ដើរឡើងមកលើ យ៉ាងមានប្រសិទ្ធិភាព ជាច្រើនដង។ ហើយការរៀបចំ​ការ​វាយ​បក​វិញ ទាំងនេះហើយ ដែលបាននាំឲ្យក្រុម អាត្លង់ទីកូ រកគ្រាប់បាល់បានដូចចិត្ត នៅនាទីទី៣៦ ដែល​ជា​គ្រាប់​បាល់ ដោយប្រើក្បាលបញ្ជូន របស់កីឡាករបារាំង អង់ត័ន គ្រីស្មាន់ (Antoine Griezmann) និង​នៅ​នាទី​ទី៨៨ ជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ ទាត់បញ្ជូលទីដោយកីឡាករវ័យ២៥ឆ្នាំដដែល។

សម្រាប់បាល់ពិន័យ១១ម៉ែត្រនេះ បានកើតឡើង ដោយសារកីឡាករ អ៊ីញ៉េស្តា (Iniesta) របស់ក្រុម​បាសឺឡូន យកដៃទីប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ មុខទីរបស់ខ្លួន។ បើតាមច្បាប់បាល់ទាត់ កីឡារ​ខ្សែ​ការពារ​របស់​ក្រុម បាសឺឡូន រួបនេះ គួរត្រូវបណ្ដេញចេញពីការប្រកួត។ ប៉ុន្តែអាជ្ញាកណ្ដាល បានសម្រេចប្រគល់​ទៅឲ្យ​កីឡាករ អ៊ីញ៉េស្តា ត្រឹមតែកាតលឿងមួយប៉ុណ្ណោះ។

និយាយសរុបមក ចំពោះក្រុមបាសឺឡូន ការប្រកួតនៅយប់ថ្ងៃពុធនេះ ហាក់បានប្រព្រឹត្តិទៅ ដោយគ្មាន​កីឡាករ​ល្បីឈ្មោះ ដូចយ៉ាង លីយ៉ូនែល ម៉េស៊ី (Lionel Messi) - ល្វីស ស្វារ៉េស (Luis Suarez) ឬកីឡាករ ណីម៉ា (Neymar) ដូច្នេះ។ តើពួកគេ នៅឯណា? ក្រុមកីឡាករ ដែលមានចំណាត់ថ្នាក់ពិភពលោក ទាំងនេះ មានវត្តមាន​នៅក្នុងការប្រកួត តែពួកគេមិនអាចមានឱកាស បញ្ចេញ«ថ្វីជើង» ដើម្បីរកចន្លោះ ឬធ្វើការ​បញ្ជូន​បាល់ ដោយមានប្រសិទ្ធិភាព នៅចំពោះខ្សែការពារ ដូចសំណាញ់ចាប់មូស របស់ក្រុមអាត្លង់ទីកូ បាន​ទាល់​តែសោះ។

» ទស្សនាការសង្ខេបជាវីដេអូ នៃការប្រកួត រវាងក្រុមទាំងពីរដូចតទៅ៖

ការខកចិត្តរបស់ក្រុមបាសឺឡូន បានកើតមានខ្លាំង នៅនាទីចុងក្រោយ ដោយសារតែបាល់ពិន័យ ព្រោះ​កីឡាករ របស់ក្រុមអាត្លង់ទីកូ យកដៃប៉ះបាល់ ក្នុងតំបន់គ្រោះថ្នាក់ មិនត្រូវបាន​យល់ព្រម​ដោយ​អាជ្ញា​កណ្ដាល។ បញ្ហានេះ បង្កឲ្យមានការជជែកគ្នាខ្លាំងឡើង ទាំងនៅក្នុង និងទាំងនៅក្រោយការប្រកួត។ រូបភាព​ទូរទស្សន៍ ដែលបានថតជាប់ពីសកម្មភាព យកដៃប៉ះបាល់ របស់កីឡាករ ហ្គាប៊ី (Gabi) បញ្ជាក់ថា វាពិត​ជា​បាន​កើតឡើង នៅក្នុងតំបន់គ្រោះថ្នាក់ ហើយអាជ្ញាកណ្ដាលចាំបាច់ត្រូវផ្លុំកញ្ចែរ ឲ្យទាត់បាល់ពិន័យ ១១​ម៉ែត្រ។ តែផ្ទុយទៅវិញ ក្រុមបាសឺឡូន បានត្រឹមតែទាត់បាល់ពិន័យពីចំងាយ ចេញពីចំណុច មានកំហុស​នោះ និង​គ្មាន​បាន​លទ្ធផល​អ្វីទាំងអស់។

ក្រៅពីនេះ ក្រុមបាសឺឡូន មានឱកាសអាចទាត់បញ្ចូលទី ចំទិសដៅល្អ បាន៣ទៅ៤គ្រាប់ដែរ តែតែងត្រូវ​បាន​កីឡាករចាំទី ហ្សង់ អូប្លាក (Jan Oblak) ចាប់បាល់បានទាំងអស់។ រូបភាពនៃការប្រកួត កាលពីយប់ថ្ងៃពុធ​នេះ ធ្វើឲ្យគេនឹកឃើញ ពីការដួលរលំរបស់ក្រុម បាសឺឡូន ដូចគ្នា នៅចំពោះក្រុម រៀលម៉ាឌ្រីត កាលពី​សប្ដាហ៍​កន្លង​ទៅ និងនៅចំពោះក្រុម រៀលសូស៊ីអេដាត (Real Sociedad) កាលពីចុងសប្ដាហ៍មុន។ និយាយជារួម នៅ​ក្នុង​ការ​ប្រកួត ចំនួន៤ចុងក្រោយគេបំផុត ក្រុមបាសឺឡូន បានចាញ់អស់បីប្រកួតទៅហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...