រ៉ូណាល់ដូ បញ្ចេញក្បាច់កន្ត្រៃហោះ សម្លាប់ជូវេនទូស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មេសា ២០១៨
- កែប្រែចុងក្រោយ: April 04, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) មានអាយុ៣៣ឆ្នាំហើយ តែមើលទៅ មិនខុសពីពាក្យថា «ម្ទេសកាន់តែចាស់ កាន់តែហិរ» នោះឡើយ។ យប់ម៉ិញ នៅក្នុងការប្រកួតរវាងក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) និងក្រុម ជូវេនទូស (Juventus - អ៊ីតាលី) ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ូប (Champions League) ប្រចាំឆ្នាំ២០១៧-២០១៨ កីឡាករជាតិព័រទុយហ្គាលរូបនេះ រកគ្រាប់បាល់ ឲ្យក្រុមរៀលបាន ដល់ទៅពីរគ្រាប់ តែម្នាក់ឯង ដោយបញ្ចេញថ្វីជើង ដ៏គួរឲ្យកោតស្ងប់ស្ងែង។
គ្រាប់ទីមួយ (០-១) ត្រូវបានកីឡាករ រ៉ូណាល់ដូ រកបានតាំងពីនាទីទី៣ ពោលគឺគ្រាន់តែការប្រកួត ទើបនឹងចាប់ផ្ដើម មិនទាន់បានក្ដៅសាច់ដុំផងទេ។ រីឯគ្រាប់ទីពីរ (០-២) រកបាននៅនាទីទី ៦៤ ដែលធ្វើឲ្យកំពូលតារាបាល់ទាត់រូបនេះ រកគ្រាប់បានសរុប ១១៩គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់ ក្នុងក្របខណ្ឌអ៊ឺរ៉ុប ច្រើនជាងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) របស់ក្រុមបាសឺឡូន។
គ្រាប់បាល់ទាំងនេះ នាំជ័យជំនះដ៏ប្រសើរណាស់ សម្រាប់ក្រុមរៀល ព្រោះជាការប្រកួត ដែលធ្វើឡើងនៅក្នុងកីឡាដ្ឋាន របស់ក្រុម ជូវេនទូស។ តែមិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមរៀល នៅរកបានគ្រាប់បាល់មួយគ្រាប់ទៀត (០-៣) ដែលជាគ្រាប់បាល់ របស់កីឡាករ ម៉ាសឺឡូ (Marcelo) បន្ទាប់ពីកីឡាករ រ៉ូណាល់ដូ បញ្ជូនពីខាងស្លាប មកកណ្ដាលទីលាន។
» ទស្សនាការសង្ខេប នៃការប្រកួតនេះឡើងវិញ៖
សម្រាប់ក្រុមជូវេនទូសវិញ ការបរាជ័យដោយសារគ្រាប់បាល់ ជារឿងមួយ តែក្រុមនេះ រងការពិន័យ ដ៏ធ្ងន់ធ្ងរមួយបន្ថែមទៀត នោះគឺកីឡាករ ប៉ាវឡូ ឌីបាឡា (Paulo Dybala) ខ្សែប្រយុទ្ធជាតិអាហ្សង់ទីនរបស់ខ្លួន ត្រូវបានអាជ្ញាកណ្ដាល ដកកាតក្រហម បណ្ដេញចេញពីការប្រកួត នៅនាទីទី៦៦។ កាតក្រហម ក្នុងការប្រកួតលើកនេះ មានន័យថា កីឡាករមិនអាចចូលប្រកួត នៅការប្រកួតលើកក្រោយបានទេ ជាពិសេសការប្រកួត«ត្រឡប់» ដែលត្រូវប្រព្រឹត្តិទៅ ក្នុងកីឡាដ្ឋានរបស់ក្រុមរៀល នៅសប្ដាហ៍ក្រោយ។
ដើម្បីយកឈ្នះក្រុម រៀល នៅក្នុងទឹកដីអេស្ប៉ាញ ក្រុមជូវេនទូស ចាំបាច់ត្រូវរកគ្រាប់បាល់ ឲ្យបានច្រើនជាង៣គ្រាប់។ រកគ្រាប់បាល់ច្រើនយ៉ាងនេះ ទល់នឹងក្រុម រៀល ដែលកំពុងកាន់តំណែង ជាជើងឯកអ៊ឺរ៉ុប តាំងពីពីរឆ្នាំជាប់គ្នាមកនេះ ជារឿងដែលមិនអាចធ្វើបាន និងគ្មានសង្ឃឹមឡើយ។ តែនរណាអាចដឹងបាន? ព្រោះក្រុមជូវេនទូស ជាខ្លាចាស់មួយ នៅក្នុងចំណោមខ្លាចាស់ជាច្រើន នៅអ៊ឺរ៉ុបខាងលិច៕