វិភាគ៖ ព័ត៌មានពីព្រះរាជពិធី ដែលឆ្លុះបញ្ចាំងពីកម្រិតនៃរបបសារព័ត៌មាន
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កុម្ភះ ២០១៣
- កែប្រែចុងក្រោយ: February 06, 2013
- ប្រធានបទ: វិភាគ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កិច្ចខិតខំទាំងនេះ វាត្រូវតែគួអោយលើកទឹកចិត្ត បើគេបានដឹងពីភាពខិតខំប្រឹងប្រែង របស់បុគ្គលិកអ្នកបម្រើការ អោយស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងប៉ុន្មាន ដែលបានចូលរួមធ្វើការផ្សាយបន្តផ្ទាល់ ពីក្នុងព្រះរាជពិធីនេះ។ ប៉ុន្តែបើគេធ្វើការវិភាគ អោយបានល្អិតល្អន់ ទៅក្នុងយន្តការ បច្ចេកទេស រូបភាព សម្លេង កម្រិតចំណេះដឹងរបស់ពិធីករ និងធ្វើការប្រៀបធៀប ការផ្សាយបន្តផ្ទាល់បែបនេះ ទៅបណ្ដាប្រទេសផ្សេងៗ ដែលមានរបបសារពត៌មានប្រសើរជាងកម្ពុជា គេនឹងយល់ថាប្រទេសកម្ពុជា ដែលបានផ្លាស់ប្ដូរ ជា«របបប្រជាធិបតេយ្យសេរី» តាំងពីឆ្នាំ១៩៩៣មកនោះ តែសម្រាប់របបសារព័ត៌មានវិញ នៅមិនទាន់«សេរី» ឬក៏«សេរី»មិនអោយច្រើនជាងអ្វី ដែលគេតម្រូវអោយ«ថាតាម»នោះឡើយ។
មួយវិញទៀត គួរត្រូវគិតពិចារណាឡើងវិញ ពីរាល់កំហុសឆ្គង ឬកង្វះខាតផ្នែកបច្ចេកទេសទាំងឡាយ ដើម្បីធ្វើការកែលម្អរ រាល់ការផ្សាយ ដែលមានលក្ខណៈចាស់គម្រិលបែបនេះ អោយមានលក្ខណៈប្រសើរទៅលើកក្រោយៗទៀត និងជួយផ្លាស់ប្ដូរមុខមាត់ប្រទេស អោយមានមោទនភាពខាងវិស័យសារព័ត៌មាននេះឡើង។
ការផ្សាយរូបភាព និងសម្លេង ដោយការរៀបចំមួយ មិនសេរី និងច្រឡំបល់
ក្រសួងព័ត៌មានធ្លាប់ហៅ និពន្ធនាយក អ្នកយកព័ត៌មាន ពិធីករ អ្នកនិយាយ ឬអ្នកសរសេរព័ត៌មាន ទៅប្រៀនប្រដៅ ដោយខ្លាចថា អ្នកទាំងនេះធ្វើរបាយការណ៍ និងធ្វើអ្វីខុស ពីអត្ថន័យនៃរាជពិធីបុណ្យព្រះបរមសព។ ក្នុងន័យនេះ ក្រសួងព័ត៌មាន គួរបែងចែកអោយដាច់ រវាង«សេរីភាព» និង«កង្វះសមត្ថភាព» នៃអ្នកធ្វើកិច្ចការខាងព័ត៌មាន។ «សេរីភាព» ជាការទុកអោយអ្នកទាំងនេះ ធ្វើការងារដោយឯករាជ្យ ហើយក៏មានន័យស្មើនឹង«ការទទួលខុសត្រូវ» នៅក្នុងការប្រកបវិជ្ជាជីវះរបស់ខ្លួនដែរ។ តែចំពោះករណី«កង្វះសមត្ថភាព» វាអាចត្រឡប់មកជាការទទួលខុសត្រូវ របស់ក្រសួងព័ត៌មានទៅវិញ ដែលក្នុងនាមជា«ម៉ែឪ» មិនបានគិតពីការបង្កើន ឬបំពេញសមត្ថភាពដល់ពួកគាត់ ឲ្យបានត្រឹមត្រូវ។
ជាការពិតហើយ ដែលរាល់ការផ្សព្វផ្សាយ ត្រូវធ្វើឡើងនៅក្នុងរង្វង់ច្បាប់ និងត្រូវស្របតាម អត្ថន័យចាំបាច់នៃព្រះរាជពិធី។ តែអាជ្ញាធរមិនត្រូវ យកហេតុផលទាំងនេះ មកធ្វើជារនាំងសម្រាប់រារាំង សិទ្ធសេរីភាព នៃការយកព័ត៌មាន និងភាពសម្បូរបែបនៃវិស័យព័ត៌មាន ដែលសាធារណជន គួរតែទទួលបាននោះទេ។
ជាងនេះទៅទៀត ក្រៅពីន័យមួយ ដែលនិយាយថាជា«ការផ្សាយរួមគ្នា»នោះ គេនៅរកចម្លើយមិនឃើញ ពីមូលហេតុដែលការផ្សាយបន្តផ្ទាល់នេះ តម្រូវអោយធ្វើរួមគ្នា រវាងស្ថានីយទូរទស្សន៍ក្នុងស្រុកដល់ទៅ៦។ ហើយស្ថានីយទូរទស្សន៍នីមួយៗ ត្រូវគេកំណត់អោយឈរជើង តម្រូវឲ្យចាប់រូបភាព នៅក្នុងតែតំបន់ដែលខ្លួនត្រូវធ្វើ និងមិនអាចធ្វើលើសពីដែនកំណត់នេះទេ។ គេមិនយល់ថា ហេតុអីក៏ទូរទស្សន៍ជាតិ «ទទក» ដែលមានអាយុចាស់វស្សា និងត្រូវបានរដ្ឋាភិបាល ផ្ដល់មធ្យោបាយអោយច្រើនជាងគេនោះ មិនធ្វើកិច្ចការនេះតែឯង ហើយទុកអោយបណ្ដាស្ថានីយ៏ទូរទស្សន៍ផ្សេងទៀត គេចាត់ចែងកម្មវិធីរបស់គេ ទៅតាមអ្វីដែលគេចង់បានទៅ? ឬក៏រាល់ស្ថាប័នទាំងនេះ ទាំងរដ្ឋ ទាំងឯកជន សុទ្ធតែត្រូវរដ្ឋាភិបាលក្ដោបក្ដាប់ ប្រើប្រាស់បានទាំងអស់?
បើពិនិត្យអោយជ្រៅទៅលើគុណភាព ទាំងរូបភាព ទាំងសម្លេង ការរៀបចំការផ្សាយបញ្ចូលគ្នានេះ បែជាបង្កអោយមានភាពច្រឡំបល់ មិនដឹងថានរណាជានរណា ក្បួនផ្ដើមពីកន្លែងណា ដល់កន្លែងណា ហើយរាជរថនាគរាជដាក់តំកល់ព្រះមឈូសារ មិនដឹងនៅឯណាពិតប្រាកដ។ល។ សម្លេងនិយាយ ជួនលឺខ្លាំង ជួនលឺខ្សោយ ជួនស្ដាប់លឺសូរឆ្លងល្វើយៗ ស្ដាប់មិនចង់លឺ។ ផ្ទុយពីការអួតអាង របស់អ្នកដឹកនាំមួយចំនួន ការផ្សាយដែលមានលក្ខណៈបែបនេះ អាចចាត់ទុកជាការលេងសើចមួយ និងមិនអោយតម្លៃទៅសាធារណជន ជាអ្នកស្ដាប់និងទស្សនា។
បច្ចេកទេសនៃការផ្សាយផ្ទាល់ ដែលនៅខ្ចី
ក្នុងការផ្សាយបន្តផ្ទាល់កន្លងមក គ្មានរូបភាពចល័តតាមក្បួនណាមួយ ត្រូវបានធ្វើឡើយ។ មូលហេតុមានដូចជា ទីមួយ អ្នកកាន់ម៉ាស៊ីនថត ត្រូវគេកំណត់អោយ នៅតែមួយកន្លែង ឬអាចចល័តទៅកាន់ទីណាមួយ ដែលគេអនុញ្ញាតអោយ និងទីពីរ ជាបញ្ហា«កង្វះបច្ចេកទេស»។ ក្នុងសម័យបច្ចុប្បន្ននេះ ដើម្បីបម្រើឲ្យសេរីភាព នៃការទទួលរូបភាព ការបម្លាស់ប្ដូរទីកន្លែង របស់អ្នកកាន់ម៉ាស៊ីនថតវីដេអូ ជាការចាំបាច់ណាស់។ ដូច្នេះហើយ គេតម្រូវអោយគ្រប់ម៉ាស៊ីនថតទាំងនោះ ត្រូវបំពាក់ដោយឧបករណ៍បញ្ជូន តាមរលកធាតុអាកាសដោយមិនប្រើខ្សែរ ដែលជាករណីយ៉ាងពិសេស ក្នុងពេលមានកម្មវិធីបម្លាស់ទីបែបនេះ ដែលអ្នកមានអាជីពត្រូវធ្វើ នាសម័យបច្ចុប្បន្ន។
ជាការពិតហើយ ដែលគេត្រូវគិតទៅដល់ «ខ្ទង់ចំណាយ» ដែលបណ្ដាស្ថាប័នទាំងនោះត្រូវប្រើ ដើម្បីបំពាក់ឧបករណ៍ទាំងនេះ។ តែគេមិនបានគិតថា នៅក្នុងរបបទីផ្សារសេរី រាល់ស្ថាប័នឯកជនទាំងនោះ គ្មានសមត្ថភាពនឹងចំណាយប្រាក់ ដើម្បីទិញសម្ភារះទាំងនេះនោះទេ។ គ្រាន់តែគេត្រូវគិតថា តើអាចប្រើបានឬអត់ ត្រូវប្រើប្រាស់នៅពេលណា ឬរបៀបយ៉ាងដូចម្ដេច ហើយក្រសួងព័ត៌មាន ឬរដ្ឋាភិបាលត្រូវទុកសិទ្ធិអោយ អ្នកកាន់ឧបករណ៍ទាំងនេះ អាចធ្វើបន្លាស់ទីបានឬអត់តែប៉ុណ្ណោះ។
អ្នករាយការណ៍ និយាយពត៌មាន ពិធីករ «ថាតាម»
ក្រៅពីលោកស្រី ចាន់ ធី និងអ្នកផ្សាយកម្មវិធីជើងចាស់ពីរ-បីរូបចេញ ដែលចេះប្រើពាក្យសម្ដី បានយ៉ាងសក្ដិសមនោះ អ្នកធ្វើរបាយការណ៍ អ្នកនិយាយព័ត៌មាន និងពិធីករមួយចំនួនធំផ្សេងទៀត នៅក្នុងការផ្សាយបន្តផ្ទាល់នេះ ត្រូវគេសង្កេតឃើញ ថាមានចំណេះចេះប្រើប្រាស់ដ៏ស្ទាត់ជំនាញ នូវភាសា«ថាតាម» ឬ«អានតាម»យ៉ាងរត់មាត់។ គេបានស្ដាប់លឺពិធីករ ពិធីការិនី ទន្ទេញពាក្យ «ក៏ដូចជា» ពាក្យ«ពន់ពេក» និងពាក្យ«ផងដែរ» ជាច្រើនសិបដង ចាប់ពីនាទីដំបូងរហូតដល់ ចុងបញ្ចប់នៃព្រះរាជពិធី។ ពិធីករមួយរូប ដែលគ្រប់គ្រងអារម្មណ៍មិនបាន បាននិយាយទំនងជា«ចង់យំ»ខ្លួនឯង តែអ្នកដែលស្ដាប់លឺពាក្យតម្អូញរបស់គាត់ បែរជាមិនគួរឲ្យចង់យំតាម សូម្បីបន្តិច។
ព្រះរាជជីវប្រវត្តិរបស់ សម្ដេចព្រះនរោត្ដម សីហនុ ត្រូវបានគេសរសេរពង្វាង នូវហេតុការណ៍មួយចំនួន ដែលមិនបម្រើអោយ«នយោបាយ» របស់រដ្ឋាភិបាលសព្វថ្ងៃ ហើយត្រូវបានអ្នកធ្វើអត្ថាធិប្បាយ សម្រាប់ការផ្សាយបន្តផ្ទាល់នេះ យកមកអានសារចុះសារឡើង ជាច្រើនដង។ ព្រះបរមងារ ព្រះរាជបីតាឯករាជ្យជាតិ បង្រួបបង្រួមជាតិ ... ក៏ត្រូវបានក្រុមអ្នកពិធីករទាំងនេះ ទន្ទេញចាំមាត់យ៉ាងស្ទាត់ ហើយរំលឹកមកវិញ សឹងតែ៥នាទីម្ដងដូចគ្នា។
«សុភាសិកមានតម្លៃ បើយកមកតំណាលយូរៗម្ដង នឹងកាន់តែមានតម្លៃ និងនៅតែគួរអោយចង់និយាយ ឬចង់ស្ដាប់បន្តទៅទៀត។ តែបើយកសុភាសិកនោះ មកនិយាយរាល់នាទី វានឹងក្លាយជាភាសាជូរជ្រិញ ហើយមិនយូរឡើយ នឹងត្រូវរសាយ សាបរលាបទៅៗជាមិនខាន។»
កំណត់ក្រឹត្យក្រមលើអ្នកសារព័ត៌មាន មិនទំនង
នៅក្នុងព្រះរាជពិធី អ្នកសារព័ត៌មានឯករាជ្យជាច្រើន ត្រូវបានកងកម្លាំងថែរក្សាសណ្ដាប់ធ្នាប់ក្បួនដង្ហែ រុញចេញជាញយដង មិនអោយធ្វើការងាររបស់ខ្លួន បានសមប្រកបឡើយ។ នេះបើទោះអ្នកសារព័ត៌មានបានលើកប័ណ្ណ អនុញ្ញាតដោយក្រសួងព័ត៌មាន បង្ហាញពួកគាត់នោះក៏ដោយ។ តែផ្ទុយទៅវិញ ក្រុមអ្នកសារព័ត៌មាន ដែលស្និតនឹងរដ្ឋាភិបាល ត្រូវគេអនុញ្ញាតិអោយធ្វើដំណើរ ចេញចូល ដោយមិនមានហាមឃាត់អ្វីច្រើនឡើយ។
សូមរំលឹកថា ពេលនិពន្ធនាយក អ្នកយកព័ត៌មាន ពិធីករ អ្នកនិយាយ ឬអ្នកសរសេរព័ត៌មាន ត្រូវបានកោះអញ្ជើញមកប្រៀនប្រដៅនោះ ក្រសួងព័ត៌មានបានកំណត់អោយ អ្នកសារព័ត៌មានដែលត្រូវទៅធ្វើព័ត៌មាន នៅក្នុងព្រះរាជពិធី មានសម្លៀកបំពាក់តាមបែបកាន់ទុក្ខ ក្នុងនោះមានការស្នើសុំ អោយពាក់ស្បែកជើង«ផ្ទាត់» មកធ្វើការក្នុងព្រះរាជពិធី! គេមិនយល់ថា តើក្រិត្យក្រម«ស្បែកជើងផ្ទាត់» ដែលចង់បង្ហាញពីការកាន់ទុក្ខនោះ វាអាចទៅរួចទេ តែបើអ្នកសារពត៌មានទាំងនេះ ត្រូវធ្វើការផង ត្រូវ«រត់»តាមក្បួន ដើម្បីយកព័ត៌មាន និងថតរូបផងនោះ ?
កិច្ចប្រជុំនោះ ត្រូវបានថ្នាក់ដឹកនាំកំពូលៗ របស់ក្រសួងព័ត៌មាន ផ្ដល់កិត្តិយសចុះមកធ្វើបឋកថា និងផ្ដល់ជាសេចក្ដីណែនាំ ដូចយ៉ាងត្រូវនិយាយស្ដី ឬសរសេរអត្ថបទ ដោយប្រើរាជស័ព្ទយ៉ាងដូចម្ដេច ត្រូវធ្វើកាយវិការយ៉ាងណា ស្លៀកពាក់យ៉ាងម៉េចនោះជាដើម។ និយាយរួម គេត្រូវសរសើរពីសន្ដានចិត្ត«ដ៏ជ្រះថ្លា»របស់ពួកគាត់ ក្នុងការបើកវគ្គបំពាក់បំប៉ន «ដោយពួកគាត់ផ្ទាល់»។ តែសំនួរសួរថា តើអស់លោកមេក្រសួងធំៗទាំងនេះ នឹងត្រូវធ្វើយ៉ាងដូច្នេះរហូត នៅកម្មវិធីលើកក្រោយៗ ទៅអោយគ្រប់តែនិពន្ធនាយក អ្នកយកព័ត៌មាន ពិធីករ អ្នកនិយាយ ឬអ្នកសរសេរព័ត៌មាន ដែលមកថ្មីៗទៀត ឬយ៉ាងណា?
តើការបើកឲ្យមាន នូវសាលាបណ្ដុះបណ្ដាលជាន់ខ្ពស់ វិជ្ជាជីវះសារព័ត៌មាន និងដឹកនាំកម្មវិធី មិនមែនជាជម្រើសដ៏ល្អទេឬ? តែសំនួរចុងក្រោយនេះ មានតែរដ្ឋាភិបាល ឬក្រសួងព័ត៌មានខ្លួនឯងប៉ុណ្ណោះ ដែលដឹងចម្លើយ នឹងយល់ថា តើគួរឬមិនគួរ អោយមានសាលាអ្នកសារព័ត៌មាននេះ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមក របាយការណ៍ឆ្នាំ២០១៣ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានបន្ថយចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ពីលេខ១១៧ ក្នុងឆ្នាំ២០១២ មកលេខ១៤៣ ដែលបង្ហាញថា ការរិតត្បិតក្នុងវិស័យព័ត៌មានក្នុងប្រទេសនេះ មានកម្រិតកាន់តែរីកដុះដាលទៅ។ តែជាចំណាត់ថា្នក់ ដែលរដ្ឋាភិបាល បានច្រានចោល ហើយប្រកាសថា «កម្ពុជាគោរពរបបសារព័ត៌មាន ប្រសើរជាងបណ្តាប្រទេសអាស៊ាន»៕