កម្ពុជាបង្គុំលាជាចុងក្រោយ «សម្ដេចឪ»អតីតព្រះរាជារបស់ខ្លួន
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កុម្ភះ ២០១៣
- កែប្រែចុងក្រោយ: February 01, 2013
- ប្រធានបទ: ស្ដេចសោយទីវង្គត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះបរមសព ដាក់ក្នុងព្រះមឈូសារ បានចាកចេញពីព្រះបរមរាជវាំង នៅម៉ោងប្រមាណជា ០៨ព្រឹក ម៉ោងនៅរាជធានីភ្នំពេ ញ ហើយបានដង្ហែរឆ្ពោះ ទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ «វត្តភ្នំ» មុននឹងកាត់តាមមហាវិថីព្រះនរោត្តម មកព័ទ្ធជុំវិញវិមានឯករាជ្យ ហើយបានបញ្ចប់នៅវាលព្រះមេរុ ប្រមាណជាម៉ោង១រសៀល។ នៅតាមចំនុចសំខាន់មួយចំនួន ដូចជាពេលចេញពីព្រះរាជវាំង មកដល់មុខវត្តឧណ្ណលោម នៅក្នុងបរិវេណវត្តភ្នំ និងមកដល់វិមានឯករាជ្យជាដើម ក្បួនដង្ហែរបស់ព្រះមឈូសារ បានទទួលការសូត្រមន្តបង្សុកូលប្រោះព្រំ របស់ព្រះសង្ឃជាច្រើនអង្គនៅទីនោះ។
ព្រះរាជពិធីនេះ មានការចូលរួម ពីថ្នាក់ដឹកនាំប្រទេស ដូចជាលោកហ៊ុនសែន នាយករដ្ឋមន្ត្រី លោកហេង សំរិន ប្រធានរដ្ឋាសភាជាដើម រួមជាមួយមន្ត្រីរាជការជាច្រើនពាន់នាក់ រៀបតាមលំដាប់ផែន ជិះយាន្ដនិងដើរអម ពីមុខនិងពីក្រោយ រាជរថដែលតំកល់ព្រះមឈូសារ។
» អានអត្ថបទផ្សាយបន្តផ្ទាល់ ពីព្រះរាជដង្ហែនេះ ក្នុងអត្ថបទមុនរបស់ទស្សនាវដ្ដីមនោរម្យ,អាំងហ្វូ
ជូតទឹកព្រះនេត្រជាញ៉យដង ដោយទ្រង់ព្រះកន្សែងដ៏សោកសៅនោះ សម្ដេចម៉ែ មុនីនាថ សីហនុ ទ្រង់បានយាងដើរដោយព្រះបាតទា ទទេរ ជាមួយនឹងព្រះហស្ថទាំងគូរដាក់ប្រណម្យ ទៅចូលជាមួយនឹងព្រះរាជពិធីវិញ នៅពេលក្បួនដង្ហែនេះ បានត្រឡប់មកដល់មុខព្រះបរមរាជវាំង។ នៅក្បែរនឹងសម្ដេចម៉ែ «ស្ដេចកូន»ដែលជាស្ដេចផែនដី នៃព្រះរាជាណាចក្រ ទ្រង់ក៏យាងទៅជាមួយ ដោយព្រះបាតទា ទទេរដូចគ្នា ប្រកបដោយព្រះភ័ក្ដស្រពាប់ស្រពោន ឆ្ពោះទៅកាន់វាលព្រះមេរុ ដែលមានការរៀបចំសាងសង់ យ៉ាងពិសេសសម្រាប់ព្រះរាជពិធីតំកល់ និងថ្វាយភ្លើង។
តាំងពីព្រហាម ព្រះអាទិត្យមិនទាន់រះ ប្រជាជនប្រុសស្រីជាច្រើនពាន់នាក់ ខ្លះសម្រុកលើកគ្នា ពីតាមបណ្ដាខេត្តជុំវិញផង ជាមួយនឹងសម្លៀកបំពាក់សខ្មៅ បានធ្វើដំណើរមកកាន់ទីកន្លែង ដែលពួកគេយល់ថា អាចបោះទីតាំងបាន ដើម្បីរងចាំទទួលនូវការយាងមកដល់ជាចុងក្រោយ នៃព្រះរាជវត្តមាននៃអង្គសម្ដេចឪរបស់ពួកគាត់។
នៅថ្ងៃនេះ រាជធានីភ្នំពេញ ត្រូវបានគេរៀបចំ ដើម្បីត្រៀមទទួលបណ្ដាជន យ៉ាងហោចណាស់ពីរលាននាក់ ពីគ្រប់ទិសទី ដែលបានមកឈរនៅតាមដងវិថីនានា រងចាំទទួលព្រះរាជព្រះទីនាំង ដែលមានដាក់តំកល់ព្រះមឈូសារពីលើ។ ពួកគាត់បានកំណត់រួចជាស្រេចនៅក្នុងចិត្ត ថានេះជាឱកាសចុងក្រោយបង្អស់ ដែលពួកគាត់អាចជួបអតីតព្រះមហាក្សត្រ ជាទីសក្ការ បើទោះជាព្រះអង្គទ្រង់បានយាងទៅកាន់ សុគតិភពផុតបាត់ទៅហើយ នោះក៏ដោយ។
ទ្រង់បានសោយទីវង្គត់នៅរដ្ឋធានីប៉េកាំង នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១ម៉២០នាទី កណ្ដាលអាធ្រាត ដោយរោគបេះដូង ហើយព្រះបរមសពត្រូវបាន មហេសីរបស់ព្រះអង្គ សម្ដេចម៉ែ មុនីនាថ សីហនុ អមព្រះរាជដំណើរ ដោយស្ដេចកូនព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី និងកូនចិញ្ចឹមរបស់ព្រះអង្គ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យាងត្រឡប់មកកាន់ ព្រះរាជាណាចក្រមាតុភូមិវិញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
មេដឹកនាំនៅបស្ចឹមលោកអវត្តមាន...
ព្រះបរមសពត្រូវបានតំកល់ រក្សាទុកសម្រាប់រយះពេលយ៉ាងហោចណាស់បីខែ នៅក្នុងព្រះបរមរាជវាំង ដែលទំនៀមទំលាប់នេះ ធ្លាប់បានធ្វើ កាលពីពេលព្រះវរបីតារបស់ព្រះអង្គ ព្រះបាទនរោត្ដម សុរាម្រិត ទ្រង់សោយទីវង្គត់នៅឆ្នាំ១៩៦០។ ការថែរក្សារូបរាងព្រះបរមសពរបស់ទ្រង់ ត្រូវបានអ្នកជំនាញកម្ពុជា និងចិន ប្រើប្រាស់មធ្យោបាយប្រហាក់ប្រហែល នឹងការថែរក្សារសាកសពរបស់លោក ម៉ៅ សេទុង ដែលធ្វើមរណភាព កាលពីឆ្នាំ១៩៧៦កន្លងទៅ ហើយរហូតមកទល់សព្វថ្ងៃ សាកសពនេះនៅតែមាន រូបរាងដូចដើមនៅឡើយ។
សូមបញ្ជាក់ថា ព្រះរាជពិធី ថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ នឹងធ្វើនៅថ្ងៃទី០៤ខែកុម្ភះខាងមុខ ដោយមានវត្តមានពីសំណាក់មេដឹកនាំ ក្នុងតំបន់ជាច្រើន ខណៈមានតែនាយករដ្ឋមន្ត្រីបារាំង លោកហ្សង់-ម៉ាក អៃរ៉ូល (Jean-Marc Ayrault) ជាមេដឹកនាំនៃ «បស្ចឹមលោក»តែម្នាក់គត់ ដែលនឹងធ្វើដំណើរ មកចូលរួមក្នុងព្រះរាជពិធីនេះ។
ការចាកចេញ ដែលធ្វើឲ្យរាជានិយម នៅកម្ពុជា ចុះខ្សោយ...
ការសោយទីវង្គត់ របស់ព្រះបាទ នរោត្ដម សីហនុ អាចនឹងធ្វើអោយរាជានិយមនៅកម្ពុជា ធ្លាក់ចុះខ្សោយ ក្នុងខណៈដែលរដ្ឋធម្មនុញ្ញរបស់ប្រទេស មិនអនុញ្ញាតអោយរាជានិយម មានអំណាចស្រាប់នោះ។ អ្នកវិភាគប្រចាំតំបន់ បានមើលឃើញថានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ជាបុរសខ្លាំងតែម្នាក់គត់ នៅក្នុងព្រះរាជាណាចក្រនេះ ហើយលោកបានគ្រប់គ្រងប្រទេស ដោយប្រើកណ្ដាប់ដៃដែក តាំងពីជិត៣០ឆ្នាំមកហើយ។ យ៉ាងណាក៏ដោយ ក៏នៅពេលទៅយាង ព្រះបរមសពរបស់អតីតព្រះមហាក្សត្រ ពីរដ្ឋធានីប៉េកាំង លោក ហ៊ុន សែន បានស្បថ នឹងការពារ«របបរាជានិយម» និងព្រះញាតិវង្ស នៅចំពោះព្រះបរមសព និងអ្នកមានវត្តមាននៅទីនោះផ្សេងទៀត។
លោក ដាវិដ ឆេដល័រ (David Chandler) ប្រវត្តិវិទូជំនាញខាងប្រទេសកម្ពុជា បានលើកឡើងថា «ព្រះរាជា សីហមុនី មិនមានព្រះរាជបុត្រស្នងរាជ្យទេ។ រីឯគណបក្សរាជានិយម ក៏កំពុងតែបែកខ្ញែកគ្នាដែរ។ ប្រជារាស្ត្រជាន់ទាប ស្រឡាញ់អតីតព្រះមហាក្សត្រ សីហនុ ណាស់ (...) ខ្ញុំគិតថា មនុស្សជំនាន់មុន ចង់បានអោយមានស្ដេច។ តែលោកហ៊ុន សែន និងក្មេងស្រករក្រោយ ដូចជាមិនខ្វល់នឹងរឿងនេះទេ៕»