ជុំវិញ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព ថ្ងៃ​ទី​០១​ខែ​កុម្ភះ (LIVE)

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ នៃអតីតព្រះមហាក្សត្រ ព្រះបាទព្រះនរោត្ដម សីហនុ។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ឬចុចលើប៊ូតុង ធ្វើបច្ចុប្បន្នភាព ( Page refresh/Actualiser la page) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រះរាជពិធី​មរណទុក្ខ ដ៏ក្រៀមក្រំនេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ នៃអតីតព្រះមហាក្សត្រ ព្រះបាទព្រះនរោត្ដម សីហនុ។ សូមអញ្ជើញត្រឡប់​ចូល​មកអាននៅក្នុងទំព័រដដែលនេះ ឬបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នកគ្រាន់តែចុចលើប៊ូតុង ធ្វើ​បច្ចុប្បន្នភាព ( Page refresh/Actualiser la page) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រះរាជពិធី​មរណទុក្ខ ដ៏ក្រៀមក្រំនេះ។


រូបព្រះឆាយាល័ក្ខ ដាក់តាំងនៅមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ។

- ម៉ោង០៦ម៉០០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ព្រឹកនេះ មហាជនប្រមាណជាជាងមួយលានកន្លះនាក់ មកពី២៤ខេត្ដ-ក្រុង ត្រូវបានគេគិតថា នឹងមកចូលរួម ក្នុង​ព្រះរាជពិធីដង្ហែរព្រះបរមសព នៅតាមដងផ្លូវជាច្រើន ក្នុងរាជធានីភ្នំពេញ។ វិថីសំខាន់ៗ ដូចជាផ្លូវនរោត្ដម ផ្លូវមាត់ទន្លេមុខព្រះបរមរាជវាំង និងផ្លូវដែលក្បួនដង្ហែត្រូវឆ្លងកាត់ ព្រមទាំងសាលារៀនទីផ្សារ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន​មួយចំនួន ត្រូវបិទ។ ការដង្ហែរព្រះបរមសព នឹងត្រូវចាប់ផ្ដើមចេញពីព្រះបរមរាជវាំងនៅម៉ោង០៨ម៉៣០ព្រឹកនេះ ដង្ហែលើចម្ងាយផ្លូវប្រហែលជាង៦គីឡូម៉ែត្រ ចំណាយពេលថ្នើរជើង ប្រមាណ​ជាង៣ម៉ោង ។

- ម៉ោង០៦ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

រាល់ព្រឹត្តិការណ៍ផ្សេងៗ ដែលទាក់ទងនឹងព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ សម្រាប់រយះពេល៤ថ្ងៃ ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែកុម្ភះនេះ សូមអញ្ជើញចូលទៅអានរបាយការណ៍បូកសរុប របស់មនោរម្យព័ងអាំងហ្វូ ដោយចុចលើទីនេះ

- ម៉ោង០៦ម៉៤៥ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព នឹងចាប់ផ្ដើមដោយ​អម​ជាមួយ​នឹង​ការ​ថ្វាយ​ស័ង្ខរបស់​ក្រុម​បារគូ និង​ការ​បាញ់​កាំភ្លើងធំ​១០១​ណាត់​ផង។ កាំ​ភ្លើង​១៤​ដើម​ ត្រូវបានគេ​យក​មក​ដាក់​តម្រៀប​គ្នា ​នៅ​មុខ​ព្រះ​បរម​រាជវាំង ដោយបែរ​កាណុង​របស់​វា​ទៅ​រក​ទន្លេ។


Crédits photo : TANG CHHIN SOTHY/AFP

នៅមុនថ្ងៃព្រះរាជពិធី គេឃើញមានការដាក់លក់ នូវរូបសញ្ញាកាន់ទុក្ខ ដែលមានរចនារូបអតីតព្រះមហាក្សត្រ ជាប់ជាមួយនោះផង។


Crédits photo : DAMIR SAGOLJ/REUTERS

- ម៉ោង០៨ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ព្រះបរម​មឈូសារ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង មកដល់ព្រះអង្គដងកើរ នាមាត់ទន្លេចតុមុខ។ សម្តេចព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចយាយ បានព្រះរាជដង្ហែ តាមពីក្រោយព្រះបរមសព ព្រះបរមរតនកោដ្ឋនោះផង។

- ម៉ោង០៨ម៉២៥ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

វេលានេះនៅអ៊ឺរ៉ុប បណ្ដាញទូរទស្សន៍អ៊ឺរ៉ូញ៉ូរ (EuroNews) បានយករូបភាពផ្សាយផ្ទាល់ នៃព្រះរាជពិធីដង្ហែរ​ព្រះ​បរម​សព របស់់ទូរទស្សន៍ជាតិកម្ពុជា មកផ្សាយជាពត៌មាន​បន្តសុទ្ធសាធ ដោយមិនមានធ្វើ អត្ថាធិប្បាយបន្ថែមអ្វីឡើយ។

- ម៉ោង០៨ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ដង្ហែរ​ព្រះ​បរម​សព ក្នុងព្រះមឈូសារ ត្រូវបានលើកដាក់ទៅលើរាជរថនាគរាជ ដែលរងចាំនៅទីតាំងព្រះអង្គដងកើរ។ ការដង្ហែរព្រះរាជពិធីនឹងចាប់ផ្ដើម ក្នុងពេលបន្តិចទៀតនេះ ជាមួយនឹងការបាញ់កាំភ្លើងធំចំនួន១៤ដើម។

អ្នកយកព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានរាយការណ៍ថា ទោះជានៅមុខព្រះបុរមរាជវាំងត្រូវបានគេអនុញ្ញាត អោយបណ្ដាជនខ្លះៗចូលរួមក៏ដោយ ក៏ចំនួនអ្នកចូលរួមនៅទីនោះ មានយ៉ាងសន្ធឹកសន្ធាប់ រហូតប្រមាណជាច្រើនពាន់នាក់។

- ម៉ោង០៨ម៉៤៥ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

រូបថតពីខាងជើងវត្តឧណ្ណាលោម ដោយអ្នកយកព័ត៌មាន របស់មនោរម្យព័ងអាំងហ្វូនៅទីនោះ។

- ម៉ោង០៩ម៉០០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

កាំភ្លើងធំបានបាញ់បញ្ចេញស្នូររបស់ខ្លួន យ៉ាងសន្ធឹកសន្ធាប់។ ការបាញ់កាំភ្លើងចំនួន១០១ណាត់នេះ ជាសញ្ញាបដិសណ្ឋាកិច្ច ផ្ដល់ដោយរដ្ឋាភិបាលបារាំង អោយដល់ព្រះរាជាកម្ពុជា ក្នុងដំណើរព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសបារាំង កាលពីសម័យមុន។ សញ្ញាព្រះរាជបដិសណ្ឋាកិច្ច នៃកាំភ្លើង១០១ណាត់នេះ មានកម្រិតស្មើរនឹង ព្រះរាជបដិសណ្ឋាកិច្ច ថ្វាយព្រះមហាក្សត្រអង់គ្លេស។

- ម៉ោង០៩ម៉២២ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

បន្ទាប់ពីឈប់នៅមុខវត្តឧណ្ណាលោម ប្រមាណជា១០នាទី ដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីធ្វើការសូត្រមន្ត​​បង្សុកូល រាជរថនៃព្រះរតនកោដ្ឋ បានរំកិលខ្លួនតាមដងតិរះវិថី ព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ «វត្តភ្នំ»។

- ម៉ោង០៩ម៉៤០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

សេចក្ដីរាយការណ៍ពីក្បែរផ្សាកណ្ដាល បាននិយាយថា បណ្ដាជនអ្នកជាច្រើនម៉ឺននាក់ បានសម្រុកមកកាន់មាត់ទន្លេ ក្នុងគោលបំណងទស្សនាផ្ទាល់ភ្នែក នូវព្រះវាជពិធីនេះ។

- ម៉ោង០៩ម៉៤៥ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ដើម្បីអានពីព្រះរាជជីវប្រវត្តិសង្ខេប របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សូមចុចលើទីនេះ

រីឯ សរុបថ្ងៃខែសំខាន់ៗ នៅក្នុងជីវិតរបស់ព្រះអង្គ សូមចុចអាននៅទីនេះ

- ម៉ោង០៩ម៉៥០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

គេហទំព័រភ្នំពេញប៉ុស្ដ៍ បានរាយការណ៍ថា លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណរដ្ឋមន្ត្រី បាន​ដួល​សន្លប់​ភា្លមៗ​នៅ​ម៉ោង​ប្រហែល​ជា ៨:៣០ នាទី​ព្រឹក​នេះ ខណៈ​ពេល​ក្បួន​ព្រះ​បរមសព ​ព្រះ​បរមរតន​កោដ្ឋ ​ដង្ហែរ​ចេញ​​ពី​មុខ​ព្រះ​បរម​រាជវាំង។ បច្ចុប្បន្នលោក កំពុងពិនិត្យសម្រាក ក្នុងមន្ទីពេទ្យ។


រូបថតពីគេហទំព័រភ្នំពេញប៉ុស្ដ៍

- ម៉ោង១០ម៉០៥ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

រូបថតខ្លះៗ ពីពិធីដង្ហែក្បួនរបស់ ព្រះមឈូសារ ពីពេលចាប់ផ្ដើមចេញពីព្រះបរមរាជវាំង។

- ម៉ោង១០ម៉២០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ក្បួនដង្ហែបានស្ថិតនៅពេលនេះ ជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រ «វត្តភ្នំ» របស់រាជធានីភ្នំពេញ។ តែក្បាលរបស់ក្បួន បានរំកិលចេញមកដល់ មុខមន្ទីរពេទ្យព្រះអង្គឌួងរួចហើយ។ ចំណែកឯរាជរថតំកល់ព្រះមឈូសារ កំពុងស្ថិតនៅក្បែរបរិវេណ«វត្តភ្នំ» នៅឡើយ។ នៅតាមដងផ្លូវ មនុស្សម្នាជាច្រើនកកកុញ តែខ្លះអង្គុយ ខ្លះឈរយ៉ាងស្ងៀមស្ងាត់ ហើយក៏មានមនុស្សជាច្រើន សម្លឺងមើលព្រះរាជក្បួនទាំងបង្ហូរទឺកភ្នែកផង។

- ម៉ោង១០ម៉5០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ក្បួនដង្ហែបានធ្វើដំណើរមកដល់ វិមានឯករាជ្យ និងទទួលស្វាគមន៍ដោយ ការសូត្រមន្ត​​បង្សុកូលប្រោះព្រំ របស់ព្រះសង្ឃជាច្រើនអង្គនៅទីនោះ។ តែរាជរថតំកល់ព្រះមឈូសារ នៅមិនទាន់មកដល់នៅឡើយ។ អ្នករាយការណ៍ បាននិយាយថា ដោយសារក្បួនមានប្រវែងវែងអន្លាយនោះ រាជរថដែលតំកល់ព្រះមឈូសារ ស្ថិតនៅមុខអនុវិទ្យាល័យចតុមុខ និងបញ្ចប់ក្បួន នៅចម្ងាយប្រមាណជា១៥០ម៉ែត្របន្តមកទៀត។

- ម៉ោង១១ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

រាជរថដែលតំកល់ព្រះមឈូសារ បានព័ទ្ធនៅជុំវិញវិមានឯករាជ្យ។ នៅទីនេះគេឃើញរាជវង្សានុវង្ស ដូចជាព្រះអង្គម្ចាស់នរោត្តម រណរិទ្ធិ ជាដើម ទ្រង់គង់លើព្រះទីនាំង ដោយទ្រង់បានកោរព្រះកេសាបួសមុខភ្លើង ថ្វាយព្រះបរមសពនៃព្រះរាជវរបិតារបស់ព្រះអង្គ។

- ម៉ោង១១ម៉២០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

តាំងពីព្រលឹម ព្រះអាទិត្យមិនទាន់រះ បណ្ដាប្រជាជន បានសម្រុកចូលក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីដង្ហែ ព្រះបរមសពនៃអតីត ព្រះមហាក្សត្រសម្ដេចនរោត្តមសីហនុ។ សូមទស្សនារូបថតខាងក្រោម ដែលមនោរម្យបានថតជូនលោកអ្នក៖

- ម៉ោង១១ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ក្បួនដង្ហែបានធ្វើដំណើរមកដល់ ពីមុខវាលព្រះមេរុ។ ព្រះរាជាព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុនីនាថ សីហនុ បានយាងដោយជើងទទេ មកកាន់ទ្វានាគ នៃវាលព្រះមេរុ ដែលមានការរៀបចំតាក់តែងយ៉ាងធំសម្បើមនោះ ដើម្បីស្ដេចនឹងទទួលក្បួន ជាពិសេសព្រះបរមកោដ្ឋ ដែលនឹងមកដល់ក្នុងពេលបន្តិចទៀត។ ការបាញ់កាំភ្លើងជាលើកទីពីរ ក៏កំពុងតែត្រៀមបាញ់ម្ដងទៀតដែរ។

- ម៉ោង១១ម៉៥០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

រាជរថបានមកដល់វាលព្រះមេរុ។ ព្រះរាជាទាំងពីរអង្គ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់យាងតាមពីក្រោយនៃរាជរថនេះ ដើម្បីយាងចូលទៅកាន់ទីរាជតំកល់ព្រះសព កណ្ដាលវាលព្រះមេរុ។

- ម៉ោង១២ម៉០០ ម៉ោងនៅភ្នំពេញ ថ្ងៃត្រង់ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ព្រះបរមសព កំពុងត្រូវបានរៀបចំលើកចេញពីរាជរថ មកដាក់តំកល់លើព្រះទីនាំងមួយទៀត ដើម្បីរំកិលយកទៅដាក់តំកល់ ក្នុងវាលព្រះមេរុ សម្រាប់ធ្វើរាជពិធី ដែលមានរយះពេលបួនថ្ងៃ រហូតដល់ថ្ងៃទី០៤ខែកុម្ភះខាងមុខ។

- ម៉ោង១២ម៉២៥ ម៉ោងនៅភ្នំពេញ ថ្ងៃត្រង់ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ព្រះញាតិវង្សានុវង្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលខ្មែរ បានអមព្រះបរមកោដ្ឋ ដើម្បីដង្ហែទស្សិណ ជុំវិញទីរាជតំកល់ព្រះមេរុ ដោយមានការបាញ់កាំភ្លើងធំអមផង។ ពិធីដង្ហែទស្សិណនេះ បានធ្វើនៅចំពោះមុខ អង្គទូតជាច្រើននាក់ នៃប្រទេសជាមិត្តរបស់កម្ពុជា។

- ម៉ោង១២ម៉៤៥ ម៉ោងនៅភ្នំពេញ ថ្ងៃត្រង់ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

រូបភាពអ្នកស្រណោះស្រណោក អង្គសម្ដេចឪ ៖

- ម៉ោង០១ម៉០០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ព្រះមឈូសារ ត្រូវបានដាក់តំកល់លើព្រះមេរុ ជាស្ថាពរ។

- ម៉ោង០១ម៉៣០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

កម្មវិធីជាបន្ត ជាការបើកអោយព្រះញាតិវង្សានុវង្ស ចូលថ្វាយបង្គុំលាជាចុងក្រោយ បន្ទាប់មកមន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គទូតផ្សេងៗទៀត។ នៅរសៀលនេះដដែល នឹងមានធម៌ទេសនា ចាប់ពីម៉ោងបួនទៅ និងមានកម្មវិធីអុជប្រទីបបំភ្លឺផង។

កម្មវិធីផ្សាយបន្តផ្ទាល់ ពីព្រះរាជពិធីដង្ហែព្រះបរមសព ក្នុងថ្ងៃដំបូងនេះ សូមបញ្ចប់ត្រឹមប៉ុណ្ណេះ។ មនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកវិញ ក្នុងអត្ថបទរបស់ខ្លួនផ្សេងៗ ក្នុងពេលបន្តិចទៀត ដែលសុទ្ធសឹងជាអត្ថបទរបាយការណ៍ បទយកការណ៍ អត្ថបទវិភាគ ដែលឧទិសអោយព្រះរាជពិធីទាំងបួនថ្ងៃនេះ យកមកជូនលោកអ្នក៕

----------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...