អង្គការជាតិ-អន្តរជាតិ សុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ឈប់​ប្រើ​ហិង្សា

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅ ក្នុងប្រទេសកម្ពុជាចំនួន ១៣ បានសរសេរលិខិតថ្វាយ​ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដោយស្នើឲ្យព្រះអង្គស្តេចយាងចេញ ព្រះរាជអន្តរាគមន៍​ទៅ​ប្រមុខរដ្ឋាភិបាលកម្ពុជាជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់សកម្មភាព​ប្រើកម្លាំងប្រដាប់អាវុធសម្លាប់​ប្រជាពលរដ្ឋស្លូតត្រង់​ត​ទៅទៀត។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: January 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅ ក្នុងប្រទេសកម្ពុជាចំនួន ១៣ បានសរសេរលិខិតថ្វាយ​ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដោយស្នើឲ្យព្រះអង្គស្តេចយាងចេញ ព្រះរាជអន្តរាគមន៍​ទៅ​ប្រមុខរដ្ឋាភិបាលកម្ពុជាជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់សកម្មភាព​ប្រើកម្លាំងប្រដាប់អាវុធ សម្លាប់​ប្រជាពលរដ្ឋស្លូតត្រង់​ត​ទៅទៀត។


ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី នៅព្រលានយន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ការបង្ក្រាបលើកម្មករ​ - បន្ទាប់ពីមានអំពើហិង្សាដែលបង្កឡើងដោយក្រុមកម្មករ ជាមួយនឹងកងកម្លាំងបង្រ្កាប​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី ០២ ទី ០៣ ខែមករាកន្លងទៅ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៥ នាក់​បានស្លាប់បាត់បង់ជីវិតរួចមក សង្គមស៊ីវិលជាតិនិងអន្តរជាតិ បានរួមគ្នាសរសេរលិខិតមួយយ៉ាងប្រញាប់ ដើម្បីស្នើ​សុំឲ្យព្រះមហាក្សត្រឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពប្រើប្រាស់កម្លាំងសមត្ថកិច្ច​បង្រ្កាប​ហិង្សាមកលើពលរដ្ឋស្លូតត្រង់បន្តទៀត។

នៅក្នុងលិខិតរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលជាតិ- អន្តរជាតិ ចុះថ្ងៃទី ០៤ ខែមករា ពោលគឺមួយថ្ងៃក្រោយ​ពីមាន​អំពើហិង្សា ដែលទើបផ្សព្វផ្សាយដល់ដៃអ្នកកាសែតបានរៀបរាប់ទូលព្រះមហាក្សត្រថា ព្រឹត្តិការណ៍រវាង​កម្មករ​-កម្មការិនី និងកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ពោលគឺថ្ងៃទី ០២ និង​ទី០៣ ខែមករា បានបណ្តាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់និងរងរបួសជាច្រើននាក់។ ព្រឹត្តិការណ៍នេះ បានកើតឡើង​ភ្លាមៗក្រោយពីកម្មករ- កម្មការិនី រោងចក្របានធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ ដុល្លារក្នុងមួយខែ។

នៅក្នុងលិខិតដដែលនោះ បានបន្តថា ម្លោះហើយនៅចំពោះមុខព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ ប្រទេសជាតិយើងពិត​ជាត្រូវការចាំបាច់ និងជាបន្ទាន់នូវព្រះរាជអន្តរាគមន៍ ដែលមិនអាចខ្វះបាន របស់ព្រះករុណាអម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ក្នុងការផ្សះផ្សារ និងឯកភាពជាតិ ដូចដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ តំណាងអង្គការ និងក្រុមសម្ព័ន្ធសង្គមស៊ីវិល បានស្នើឲ្យព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ទ្រង់ចេញព្រះភក្រ្ត ក្នុងការធ្វើព្រះរាជអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យបញ្ឈប់ប្រើអំពើហិង្សាសម្លាប់ប្រជាជនស្លូតត្រង់បន្តទៀត។

គួរបញ្ជាក់ថា នៅក្នុងលិខិតរបស់សម្ព័ន្ធអង្គការជាតិ និងអន្តរជាតិនៅថ្ងៃទី ០៤ ខែមករានោះ មានតំណាង​ស្ថាប័ន​អង្គការ​ចំនួន ១៣ ដែលមានដូចជា អង្គការតម្លាភាពកម្ពុជារបស់លោក ព្រាប កុល មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ និងសន្តិភាពរបស់លោក យ៉ង គឹម អេង អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្សកម្ពុជារបស់លោកមេធាវី សុក សំអឿន និងអង្គការសីលការរបស់អ្នកស្រី ធីតា ឃឺស ជាដើម។

សូមរម្លឹកដែលថា បើតាមរបាយរបស់អង្គការអាដហុក អំពើហិង្សាដែលបានផ្ទុះឡើងនៅផ្លូវវ៉េងស្រេង សួន​កាណាឌីយ៉ា កាលពីថ្ងៃទី ០២ ថ្ងៃទី ០៣ មករាកន្លងទៅ មានមនុស្សយ៉ាងតិច ៥ នាក់បានស្លាប់ និងប្រមាណជាង ៣០ នាក់ទៀត ត្រូវរងរបួសធ្ញន់ និងស្រាល។ ក្រោយពីស្លាប់របស់កម្មករគណបក្សធំៗទាំងពីរនៅកម្ពុជា បានទម្លាក់​ដាក់​កំហុសគ្នាទៅវិញទៅមក។ សំណុំរឿងនេះ គណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញ បានសម្រេចពឹងពាក់មេធាវី​អន្តរជាតិមួយរូប ឲ្យធ្វើការស្រាវជ្រាវវិភាគរកភស្តុតាង ដើម្បីប្តឹងរដ្ឋាភិបាលទៅតុលាការព្រហ្មណទណ្ឌអន្តរជាតិ៕

-------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...