ហោ ណាំហុង៖ បណ្តឹងទៅ ICC របស់បក្សប្រឆាំងដូចប៉ោងៗអស់ខ្យល់
បន្ទាប់ពីគណបក្សសង្រ្គោះជាតិប្រកាសឲ្យដឹងពីគម្រោង ប្តឹងសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) រដ្ឋាភិបាលកម្ពុជាបានឆ្លើយបតភ្លាមៗថា អ្វីដែលរដ្ឋាភិបាលសម្រេចធ្វើ ដោយបានផ្អាកការធ្វើបាតុកម្មហិង្សា ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ គឺឈរនៅលើគោលការណ៍ច្បាប់ ហើយក៏មានការសាទរពីមតិប្រជាពលរដ្ឋផងដែរ។
លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកា ឆ្នាំ២០១២។ រូបថត MONOROOM.info/Phnom Thom។
នយោបាយកម្ពុជា - រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៤ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅក្រសួងការបរទេស បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមានការអត់ធ្មត់យូរណាស់មកហើយ ចំពោះបាតុកម្មខុសនីតិវិធីច្បាប់ ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិកាលពីពេលកន្លងមក ដូច្នេះការសម្រេចបញ្ឈប់ (ការបង្រ្កាប) បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ គឺជារឿងត្រឹមត្រូវ ហើយក៏ត្រូវបានមតិទូទៅគេមានការអបអរសាទរផងដែរ។
នៅពេលដែលអ្នកសារព័ត៌មានសួរ ពីករណីដែលគណបក្សសង្រ្គោះជាតិនឹងប្តឹងការបង្រ្កាប របស់រដ្ឋាភិបាលកម្ពុជាលើបាតុករទៅកាន់(ICC) លោក ហោ ណាំហុង បានឆ្លើយបញ្ជាក់ថា៖ «ធម្មតាប៉េងប៉ោងពេលមានខ្យល់ គឺវាហោះឡើងទៅលើ តែបើវាអស់ខ្យល់ គឺវាធ្លាក់ ហើយកាលណាធ្លាក់មកហើយ គឺមិនដឹងដល់ណាទេ ឬក៏ធ្លាក់ទៅ កន្លែងដ៏កខ្វក់ស្មោកគ្រោក ក៏វាអាចធ្លាក់ ក៏ថាបាន។»
ការថ្លែងការពាររដ្ឋាភិបាលកម្ពុជាដោយលោក ហោ ណាំហុង នៅពេលនេះ គឺកើតឡើងភ្លាមៗតែមួយថ្ងៃក្រោយពេល លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងពីវប្បធម៌និទណ្ឌភាព (វប្បធម៌រួចទោស) និងរូបភាពនៃការប្រើអំពើហិង្សា កាន់តែមានភាពធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តឡើង ដោយកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
អនុប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិ សូមប្រកាសជូនដល់សាធារណជនជ្រាបថា យើងនឹងរៀបចំក្រុមមេធាវីអន្តរជាតិមួយ ដើម្បីធ្វើការវាយតម្លៃជុំវិញបទឧក្រិដ្ឋទាំងឡាយ។ ដែលបានប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងមក និងពេលថ្មីៗនេះ ទៅកាន់អាយស៊ីស៊ី (ICC)។»
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការបង្រ្កាបយ៉ាងរង្គាល ទៅលើបាតុករបស់គណបក្សសង្រ្គោះជាតិ និងកម្មករទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារអាមេរិក។ ការបង្រ្កាបនោះ បណ្តាលឲ្យមានជនរងគ្រោះយ៉ាងតិច៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ ដោយការបាញ់គ្រាប់កាំភ្លើងពិត ពីសំណាក់កម្លាំងសមត្ថកិច្ចកម្ពុជា។ ការបង្រ្កាបយ៉ាងរង្គាលនេះ ត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិសម្តែងការសោកស្តាយ និងធ្វើការថ្កោលទោសជាបន្តបន្ទាប់ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕
--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ