សមាគម​ខ្មែរ​កម្ពជា​ក្រោម ប្រតិកម្ម​តប​នឹង​ក្រសួង​ការបរទេស​កម្ពុជា

«ខ្មែរក្រោម គឺប្រជាពលរដ្ឋវៀតណាម ដូច្នេះស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀយណាម» នេះជា​ចម្លើយ​តបរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់សមាគមខ្មែរកម្ពុជាក្រោម នៅ​ពេលដែល​សមាគមនេះ ស្នើសុំអោយជួយអន្តរាគមន៏ ចំពោះការរំលោភសិទ្ធិរបស់អាជ្ញាធរវៀតណាម ទៅលើ​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម។ ជាចម្លើយតបមួយ ដែលបង្កឲ្យសមាគមមានប្រតិកម្មនៅថ្ងៃនេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្មែរក្រោម គឺប្រជាពលរដ្ឋវៀតណាម ដូច្នេះស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀយណាម» នេះជា​ចម្លើយ​តបរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់សមាគមខ្មែរកម្ពុជាក្រោម នៅ​ពេលដែល​សមាគមនេះ ស្នើសុំអោយជួយអន្តរាគមន៏ ចំពោះការរំលោភសិទ្ធិរបស់អាជ្ញាធរវៀតណាម ទៅលើ​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម។ ជាចម្លើយតបមួយ ដែលបង្កឲ្យសមាគមមានប្រតិកម្មនៅថ្ងៃនេះ។


អង្គប្រជុំប្រចាំឆ្នាំ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីខែធ្នូឆ្នាំ២០១២។ (រូបថត kkkhrda.org)

សិទ្ធិមនុស្ស - លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម បានថ្លែងក្នុងសន្និសិទ្ធិកាសែតមួយ ដែល​រៀបចំដោយសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឃន៏ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤នេះ ថា «ក្រសួង​ការបរទេសបានហៅទូរស័ព្ទដោយមិនផ្លូវការថា ខ្មែរក្រោម គឺជាពលរដ្ឋរបស់វៀតណាម ដូចច្នេះត្រូវស្ថិត​ក្រោមការគ្រប់គ្រងរបស់វៀតណាម»។ ការលើកឡើងរបស់ប្រធានបណ្ដាញយុវជនខ្មែរក្រោមនេះ ក្រោយពេល​មាន​ការចាប់ខ្លួនដាក់ពន្ធនាគារ នូវពលរដ្ឋនិងព្រះសង្ឃកម្ពុជាក្រោម ដោយអាជ្ញាធរវៀតណាម កាលពីពេលកន្លងមក ហើយសមាគមរបស់លោក បានដាក់របាយការណ៍មួយ ឲ្យក្រសួងការបរទេសកម្ពុជា ដើម្បីអោយជួយធ្វើការ​អន្តរាគមន៏ ទៅលើរដ្ឋាភិបាលវៀតណាម ដើម្បីអោយមានការដោះលែងពលរដ្ឋ និងព្រះសង្ឃទាំងនោះមកវិញ។

ចំពោះការឆ្លើយតបរបស់ក្រសួងការបរទេសកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី២ មករា ឆ្នាំ២០១៤នេះ សមាគមខ្មែរ​កម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឃន៏ បានចាត់ទុកថារាជរដ្ឋាភិបាលកម្ពុជា មិនអាចអន្តរាគមន៏បានចំពោះ​ពលរដ្ឋខ្មែរក្រោម ដែលកំពុងរងការរំលោភសិទ្ធិមនុស្ស នៅអតីតទឹកដីកម្ពុជាក្រោមបានឡើយ។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាត្រ៣៣ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរ​ ដែល​កំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋការពារ»។ មួយវិញទៀត ព្រះរាជសេចក្តីថ្លែងការណ៍របស់ព្រះបាទ នរោត្តម សីហនុ ដែលធ្វើនៅទីក្រុងប៉េកាំង កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩២ នៅក្នុងកថាខណ្ឌមួយ ដែលព្រះអង្គបានមាន​ព្រះរាជបន្ទូលថា «ចំពោះខ្មែរទាំងប្រុសទាំងស្រី ដែលរស់នៅក្រៅប្រទេសកម្ពុជា ត្រូវតែទទួលស្គាល់ជាខ្មែរពេញទី ពេញលក្ខណៈច្បាប់នៅលើទឹកដីកម្ពុជា ទោះបីជាពួកគេបានយកសញ្ជាតិប្រទេស ដែលពួកគេកំពុងរស់នៅ​ក៏​ដោយ»។

មិនមែនតែក្នុងពេលនេះទេ ប៉ុន្តែកន្លងមក ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើនអង្គ-នាក់ទៀត ត្រូវបាន​អាជ្ញាធរ​កងកម្លាំងសមត្ថកិច្ចវៀតណាម រំលោភសិទ្ធិ បង្កររបូសស្នាម និងចាប់ពន្ធនាគារ ហើយសមាគមមួយនេះ ក៏ធ្លាប់បានព្យាយាមរកកិច្ចអន្តរាគមន៏ពី រដ្ឋាភិបាលកម្ពុជាដែរ។ ទាក់ទិនបញ្ហានេះ លោក ចាន់ សូវ៉េត អនុប្រធាន​ផ្នែកស៊ើបអង្កេត របស់សមាគមសិទ្ធិមនុស្ស អាដហុក បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងថា «នៅក្នុង​ទស្សនៈសិទ្ធិមនុស្ស ពលរដ្ឋកម្ពុជាក្រោមក៏ជាពលរដ្ឋខ្មែរ ប្រើប្រាស់ភាសារខ្មែរដែរ បើទោះជារដ្ឋាភិបាលកម្ពុជា គ្មានសកម្មភាពនៅដែនដីវៀតណាមក៏ដោយ តែក៏មានសិទ្ធិទទូច ឬក៏ស្នើសុំអោយរដ្ឋាភិបាលវៀតណាម គោរពនូវ​សិទ្ធិខ្មែរកម្ពុជាក្រោមដែរ»។

លោក តាំង សារៈ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានទទួលស្គាល់ថា បារាំងបានកាត់ទឹកដីកម្ពុជាក្រោម ទៅ​អោយវៀតណាមកាន់កាប់ តែលោកបាននិយយាថា «បើមើលតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងហើយថាប្រជាពលរដ្ឋខ្មែរនឹងមិនត្រូវបានដកហូតសញ្ជាតិ ហើយក៏គ្មានតុលាការណាមួយអាចហូត សញ្ជាតិខ្មែរកម្ពុជាក្រោមបានដែរ»។ លោកបានថ្លែងតបនឹងភាពមិនអើពើ របស់ក្រសួងការបរទេសកម្ពុជាយ៉ាង​ដូច្នេះថា «បើមិនអាចអន្តរាគមន៏បានក៏ហីចុះ តែលិខិតខ្លះយើងបានផ្ញើទៅវៀតណាម តាមរយៈក្រសួងនេះ តើអាច​ធ្វើបានដែរឬទេ?» ចំពោះករណីនេះ លោកចាន់ សូវ៉េត ក៏បានអោយដឹងបន្ថែមទៀតថា «បើសិនជារដ្ឋាភិបាល​កម្ពុជាមានឆន្ទៈ គាត់អាចអន្តរាគមន៏បាន តែកន្លងមកកម្ពុជាយើងមិនធ្វើបែបហ្នឹងទេ មានតែចាប់អោយវៀតណាម​កាត់ទោសថែមទៀត»៕

----------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...