អាដហុក៖ ទាហានឃុំខ្លួនតំណាងកម្មករគឺជារឿងរំលោភច្បាប់ទាំងស្រុង
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: January 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការផ្នែកការពារសិទ្ធិមនុស្ស អាដហុក នៅថ្ងៃនេះ បានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនដោយធ្វើការចង្អុលមុខចំៗចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធលេខ ៩១១ ដែលបានធ្វើការចាប់ខ្លួន និងឃុំខ្លួនតំណាងកម្មករ-កម្មការិនី នៅក្នុងហេតុការណ៍អំពើហិង្សា កាលពីចុងសប្តាហ៍មុន ថាគឺជាអំពើខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាននោះទេ។
លោក វ៉ន ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)
សំណុំរឿងកម្មករ - ជាការសន្និដ្ឋានដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតប្រៀបធៀបជាមួយអង្គច្បាប់ អង្គការសិទ្ធិមនុស្សអាដហុក បានហៅសកម្មភាពរបស់កងម្លាំងទាហានឆ័ត្រយោងលេខ ៩១១ ដែលបានធ្វើការចាប់ខ្លួន និងឃុំខ្លួនតំណាងកម្មករក្នុងប្រតិបត្តិការបង្រ្កាបក្រុមកម្មករតវ៉ាទាមទារប្រាក់ខែគោល ១៦០ ដុល្លារ កាលពីថ្ងៃទី ០២ ខែមករា កន្លងទៅ ជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ញន់ធ្ញរបំផុត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយកាលពីល្ញាចថ្ងៃទី ០៨ ខែមករា ម្សិលមិញ អង្គការធ្វើការផ្នែកសិទ្ធិមនុស្សមួយនេះ បានលើកឡើងថា ការបង្រ្កាបរបស់កម្លាំងយោធាកាលពីថ្ងៃទី ០២ ខែមករា នៅរោចក្រយ៉ាកជីន ទាហានបានប្រើអាវុធដែលជាឧបករណ៍សម្រាប់ធ្វើសង្គ្រាម ហើយយុទ្ធសាស្រ្តនៃការបង្រ្កាបធ្វើឡើងមានលក្ខណៈជាយុទ្ធសាស្រ្តរបស់យោធាក្នុងពេលធ្វើសង្គ្រាម។ នៅក្នុងប្រតិបត្តិការនេះ យោធា បានចាប់ខ្លួន និងឃុំខ្លួនតំណាងកម្មករ ព្រះសង្ឃចំនួន ១៥ អង្គនាក់ ទៅដាក់នៅក្នុងបន្ទាយទាហានលេខ ៩១១ រហូតដល់ថ្ងៃទី ០៣ ខែមករា ទើបបញ្ជូនតំណាងកម្មករចំនួន ១០ នាក់មកតុលាការក្រុងភ្នំពេញ។ ទង្វើរបស់កងកម្លាំងបែបនេះ អង្គការអាដហុកចាត់ទុក ជាទង្វើខុសច្បាប់ធ្ងន់ធ្ងរបំផុត។
ការអះអាងរបស់អាដហុកបែបនេះ ដោយផ្អែកទៅលើច្បាប់នីតិវិធីក្រមព្រហ្មទណ្ឌមាត្រា ៦០ ដែលបានចែងថា «កងកម្លាំងប្រដាប់អាវុធជាយោធា មិនមែនជានគរបាលយុត្តិធម៌នោះទេ ដូច្នេះ កងកម្លាំងយោធាមិនមានសមត្ថកិច្ច ធ្វើជាជំនួយតុលាការបានឡើយ ហើយកងកម្លាំងប្រដាប់អាវុធ ក៏គ្មានសមត្ថកិច្ចត្រូតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម បទលហុ កំណត់អត្តសញ្ញាណចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាងនោះដែរ។ ម្យ៉ាងវិញទៀត កងកម្លាំងប្រដាប់អាវុធគ្មានសិទ្ធិណាមួយ អាចចាប់ឃាត់ខ្លួនជនល្មើសបានឡើយ»។
បន្ថែមពីលើការថ្កោលទោសកងកម្លាំងប្រដាប់អាវុធ អង្គការអាដហុក ក៏បានចាត់ទុកសម្មភាពរបស់ព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ ដែលបានទៅសាកសួរតំណាងកម្មករ នៅឯបន្ទាយទាហាន ៩១១ ទាំងយប់ ជាសកម្មភាពដែលផ្ទុយពីគោលការណ៍ច្បាប់ ពីព្រោះថា បន្ទាយទាហានមិនមែនជាកន្លែងឃុំខ្លួន ដែលព្រះរាជអាជ្ញាត្រូវសួរចម្លើយនោះទេ។ លើសពីនេះទៀត តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនតំណាងកម្មករចំនួន ១០ នាក់ ដោយមិនផ្តល់ព័ត៌មានដល់មេធាវី ឬគ្រួសារនៃជនរងគ្រោះទៀត ដែលសកម្មភាពនេះជាអំពើលោភទៅលើច្បាប់ និងបង្ហាញថា មន្រ្តីយុត្តិធម៌កំពុងស្ថិតនៅក្រោមអំណាចរបស់យោធាស្ទើរទាំងស្រុង។
តបនឹងការលើកឡើងរបស់អង្គការអាដហុក ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង សុំការអត្ថាធិប្បាយពីលោក ខេង ទីតូ អ្នកនាំពាក្យកងរាជហត្ថ និងលោក គៀត ចន្ថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានទេ កាលពីយប់ថ្ងៃទី ០៨ ខែមករាម្សិលមិញ។ តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយថា សកម្មភាពបង្ក្រាបរបស់កងកម្លាំងធ្វើឡើងស្របច្បាប់ ដើម្បីឲ្យសណ្តាប់ធ្នាប់សាធារណៈ វិលមកសភាពដូចដើមវិញតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោក ផៃ ស៊ីផាន អះអាង ការបង្រ្កាបរបស់កងកម្លាំងគ្មាននិន្នាការ ស្អប់កម្មករគាំទ្របក្សប្រឆាំងនោះទេ គឺគ្រាន់តែបង្ក្រាបក្នុងន័យឲ្យទីក្រុងភ្នំពេញមានភាពរីករាយល្អធម្មតាឡើងវិញប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០២ ខែមករា សប្តាហ៍មុន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដឹកនាំកម្មករប្រមាណជាង ១០០ នាក់ធ្វើការតវ៉ាទាមទារប្រាក់ខែគោល ១៦០ ដុល្លារ ហើយត្រូវទទួលការបង្ក្រាប់ពីកងកម្លាំងយ៉ាងចាស់ដៃ។ ក្រោយពីបង្រ្កាបលោក វន់ ពៅ និងបក្សពួក ត្រូវបានតុលាការសម្រេចឃុំខ្លូនដោយអាថ៌កំបាំងមិនឲ្យមេធាវី ក្រុមគ្រួសារជនរងគ្រោះ បានដឹងនោះទេ។ តែកាលពីថ្ងៃពុធម្សិលមិញ ក្រុមអង្គការសិទ្ធិមនុស្សបានរកលោក វន់ ពៅ និងបក្សពួកឃើញហើយ ពោលគឺពួកគេត្រូវបានដឹកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម៕
---------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ