ហូ វ៉ាន់៖ បាតុកម្ម​បក្ស​សង្រ្គោះជាតិ ​នឹង​ចាប់​ផ្តើម​ជា​ថ្មី​នៅ​ថ្ងៃ​១០​មករា

បើទោះជាការបង្រ្កាបយ៉ាងរង្គាល លើបាតុករមិនទាន់បានបញ្ចប់ស្រួលបួលក៏ដោយ ក៏គណបក្សសង្រ្គោះ​ជាតិ​បាន​អះអាងថា ការបង្រ្កាបកន្លងមក ដោយកងកម្លាំងរដ្ឋាភិបាលមិនបាន ធ្វើឲ្យបាតុករបាក់ទឹកចិត្តនោះទេ ផ្ទុយទៅ​វិញ​វាកាន់តែធ្វើឲ្យទឹកចិត្តរបស់ពួកគេ មានភាពផុសផុលជាងមុន ថែមទៀត ព្រោះការទាមទាររបស់ពួកគេ មិនទាន់បាន​សម្រេច ហើយគណបក្សសង្រ្គោះជាតិនឹងដឹកនាំមហាបាតុកម្មអហិង្សាជាថ្មី ដោយចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាការបង្រ្កាបយ៉ាងរង្គាល លើបាតុករមិនទាន់បានបញ្ចប់ស្រួលបួលក៏ដោយ ក៏គណបក្សសង្រ្គោះ​ជាតិ​បាន​អះអាងថា ការបង្រ្កាបកន្លងមក ដោយកងកម្លាំងរដ្ឋាភិបាលមិនបាន ធ្វើឲ្យបាតុករបាក់ទឹកចិត្តនោះទេ ផ្ទុយទៅ​វិញ​វាកាន់តែធ្វើឲ្យទឹកចិត្តរបស់ពួកគេ មានភាពផុសផុលជាងមុន ថែមទៀត ព្រោះការទាមទាររបស់ពួកគេ មិនទាន់បាន​សម្រេច ហើយគណបក្សសង្រ្គោះជាតិនឹងដឹកនាំមហាបាតុកម្មអហិង្សាជាថ្មី ដោយចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។


ទំហំកើនឡើងនៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បង្កការកកស្ទះរាប់ម៉ោងនៅភ្នំពេញ នាថ្ងៃទី២២ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ លោក ហូ វ៉ាន់ ជាមន្រ្តីជាន់ខ្ពស់ និងជាប្រធានគណៈកម្មការវិន័យ របស់គណបក្សសង្រ្គោះជាតិបានពន្យល់ថា កម្ពុជាជាប្រទេស​ប្រជាធិបតេយ្យ ដែលខុសពីប្រទេសដែលប្រកាន់យករបបផ្តាច់ការ ឬយោធានិយម តែអ្វីដែលរដ្ឋាភិបាល​បានបញ្ជា​យោធា ឲ្យបង្រ្កាបលើបាតុករយ៉ាងហិង្សា ក្នុងពេលចុងក្រោយនេះ បានបង្ហាញថាកម្ពុជា មិនមែនជាប្រទេសកាន់លិទ្ធិ​ប្រជាធិបតេយ្យពិតប្រាកដនោះទេ។

មន្រ្តីជាន់ខ្ពស់របស់គណបក្សជំទាស់ដដែលនេះ បានបន្តថា បាតុករ និងគណបក្សសង្រ្គោះជាតិ មិនបានបោះបង់​ការ​ទាមទារនូវអ្វី ដែលជាការត្រឹមត្រូវនោះទេ ហើយក៏មិនបានតក់ស្លុត ទៅនឹងការបង្រ្កាបរបស់រដ្ឋាភិបាលផងដែរ ផ្ទុយ​ទៅវិញគណបក្សសង្រ្គោះជាតិ និងបាតុករនឹងនៅតែបន្តការទាមទារ ជាមួយគោលជំហរអហិង្សារហូត​ទទួលបាន​ជោគជ័យ។

លោក ហូ វ៉ាន់ បញ្ជាក់ថា៖ «ការបង្រ្កាបមិនបានបំបាក់ស្មារតីទេ តែវាជាការដុតកំហឹងកម្មករ និងបាតុករកាន់តែ​មាន​សន្ទុះខ្លាំងឡើង តែគណបក្សសង្រ្គោះជាតិ រក្សាគោលការណ៍អហិង្សា ហើយមិនចង់ឲ្យមាន​ការប្រឈម​ណាមួយ​ឡើយ(...)។ យើងនឹងចាប់ផ្តើមធ្វើពីថ្ងៃ១០មករានេះទៅ នៅសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង(...) យើងនឹងធ្វើនៅតំបន់ណាដែលមិនសូវក្តៅពេក ឬតំបន់ដែលប្រជាពលរដ្ឋមិនសូវយល់សភាពការណ៍។»

សូមរម្លឹកថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក្រោយការបង្ក្រាបលើបាតុករគណបក្សសង្រ្គោះជាតិ ទាម​ទារបោះឆ្នោតឡើងវិញ និងកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក បានដាក់កំហិត មិនឲ្យ​មានការ​ជួបប្រជុំជាសាធារណៈ ឬការប្រមូលផ្តុំធ្វើបាតុកម្មជាថ្មី ដោយគ្មានការកំណត់ពេលវេលា រហូតដល់សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបានធានាពីភាពប្រក្រតីឡើងវិញ។

ជុំវិញករណីនេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកវិភាគឯករាជ្យបានលើកឡើងថា រដ្ឋាភិបាល​កម្ពុជាសព្វថ្ងៃ ដែលក្រុមប្រឆាំងចាត់ទុកជារដ្ឋាភិបាល«ចាំផ្ទះ»នោះ គួរបែងចែកឲ្យបានច្បាស់រវាងបាតុកម្មហិង្សា និងបាតុកម្មអហិង្សា ហើយមិនត្រូវសម្អាងលើបាតុកម្មហិង្សា ទៅបង្រ្កាបឬហាមឃាត់លើបាតុកម្មអហិង្សានោះទេ ដូច្នេះ ប្រសិនបើការបង្រ្កាប ដោយគ្មានការថ្លឹងថ្លែងប្រភេទនេះ ត្រូវបានកើតឡើងមែននោះ មានន័យថាប្រទេស​កម្ពុជាកំពុងបោះជំហាន«ផ្ទុយ» ទៅនឹងដំណើរការទៅមុខ នៃលិទ្ធិ​ប្រជាធិបតេយ្យ។

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...