ហ៊ុន សែន៖ ត្រូវមានបទបញ្ញត្តិ ស្ដីពីគណបក្ស«មិនចូលប្រជុំសភាដំបូង»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២ មីនា ២០១៥
- កែប្រែចុងក្រោយ: March 03, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រូវតែធ្វើនូវបទបញ្ញត្តិថ្មី ពីអំពី ការមិនចូលប្រជុំសភាដំបូង របស់គណបក្សណា ដែលមានសម្លេងឆ្នោតក្នុងរដ្ឋសភា។ នេះជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុង«ទិវាយុទ្ធនាការអក្ខរកម្មជាតិ» នាព្រឹកថ្ងៃទី០២ ខែមីនា បន្ទាប់ពីសេចក្ដីព្រាង វិសោធនកម្មច្បាប់បោះឆ្នោត«ថ្មី» ត្រូវបានគណបក្សទាំងពីរ ឯកភាពលើចំណុច ដែលនៅសេសសល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលម៉ិញនេះ។
ក្រោយការបោះឆ្នោត២០១៣ កន្លងថ្មីៗនេះ គណបក្សសង្គ្រោះជាតិ ដែលបានជាប់ឆ្នោត បានធ្វើពហិការ មិនចូលសភា ដែលនាំឲ្យកូរ៉ុមតំណាងរាស្រ្តនៃរដ្ឋសភា មានចំនួនមិនគ្រប់១២៣នាក់។ ចំនួនមិនគ្រប់នេះ តាមរយៈការបើកសភាដំបូង មិនគ្រប់ចំនួនតាមច្បាប់រដ្ឋធម្មនុញ្ញ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលចូលប្រជុំសភាដំបូងតែឯង រងនូវការវាយប្រហារយ៉ាងខ្លាំង ពីសំណាក់គណបក្សប្រឆាំង សាធារណៈមតិជាតិ និងអន្តរជាតិមួយចំនួន។
លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «បញ្ហានៅសល់ថ្ងៃនេះ សម្អាត ហើយដាក់បញ្ចូល បញ្ញត្តិស្ដីអំពីបញ្ហា ដែលគេហៅថា កុំឲ្យជាប់គាំង អ្នកដែលមិនចូលស្បថ យកសុពលភាព និងអ្នកដែលចូលប្រជុំ ស្អីៗហ្នឹង ។ (…) អញ្ជឹងវាទៅស្រួលហើយ។»
នៅក្នុងជំនួបកំពូលមួយ រវាងប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច លោក សម រង្ស៊ី និងប្រធានក្រុមតំណាងរាស្រ្តមតិភាគច្រើន ក្នុងរដ្ឋសភា លោក ស ខេង កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈកន្លងមក បានបន្សល់ទុកនូវបញ្ហា ចំនួនជាង១០ចំណុច ក្រោយពីបានដោះស្រាយ នូវចំណុចធំៗមួយចំនួន ដែលបានបង្ហាញ នូវការដោះដូរគ្នាមួយចំនួន រវាងបក្សទាំងពីរ ដើម្បីឲ្យមានភាពត្រូវគ្នានោះ។ តែភាពត្រូវគ្នានេះ ក៏បានកើតឡើង ក្រោយការព្រមាន ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ លោកនាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈថា បើជំនួបនៃក្រុមការងារគណបក្សទាំងពីរនេះ នៅតែបង្ហាញជំហរមិនត្រូវគ្នាទេ នោះលោកនឹងសម្រេច រក្សាអនុវត្តច្បាប់ចាស់ ដែលមានស្រាប់។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនេះ ជាលទ្ធផល នៃការព្យាយាមបិទបាំង របស់លោក ស ខេង និងលោក សម រង្ស៊ី នៅក្នុងជំនួបកំពូលនោះ។ មិនត្រឹមតែប៉ុណ្ណឹង លោក ប៊ិន ឈិន ប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា ក៏ទើបនឹងបានបង្ហើបឲ្យដឹង នាថ្ងៃទី២ ខែមីនានេះ ក្នុងពិធីបើកសន្និបាត បូកសរុបការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែរថា គណបក្សទាំងពីរបានឯកភាពគ្នាលើចំណុច យល់ព្រមឲ្យមន្រ្តីរាជការសាធារណៈ ដូចជា មន្រ្តីតុលាការ (ចៅក្រម ព្រះរាជអាជ្ញា) នគរបាល យោធា… អាចចូលរួមឃោសនាបោះឆ្នោត ក្នុងក្រមខ័ណ្ឌ ជាប្រជាពលរដ្ឋធម្មតា គ្មានប្រើអាវុធ អំណាច និងបុណ្យស័ក្តឡើយ។
លោក ប៊ិន ឈិន បានបន្ថែមទៀតថា ក្រុមការងារមកពីគណបក្សទាំងពីរ បានឯកភាពបន្ថែមចំនួនអាសនៈពីរទៀត ពី១២៣ ទៅ ១២៥អាសនៈ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ឆ្នាំ២០១៨។ និងបានឯកភាព លើការទម្លាក់ចំនួនថ្ងៃ នៃការឃោសនាបោះឆ្នោត ពី៣០ថ្ងៃ មកត្រឹម ២៥ថ្ងៃ ដែលក្នុងនោះ ៤ថ្ងៃជាថ្ងៃហែរក្បួនឃោសនា និង២១ថ្ងៃជាថ្ងៃឃោសនា នៅនឹងកន្លៃង ខណៈមន្រ្តីសង្គមស៊ីវិល មិនអាចចូលរួម ក្នុងការឃោសនាបោះឆ្នោត ឲ្យគណបក្សនយោបាយណាមួយបានឡើយ។
យ៉ាងណាក៏ដោយ ច្បាប់នានាពាក់ព័ន្ធនឹង គ.ជ.ប ទាំងនេះ បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ពីសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ជាភាសាអង់គ្លេស ថា ERA ដោយបានហៅច្បាប់ថ្មីនោះថា នៅតែ«គ្មាន»ភាពឯករាជ្យ ដរាបណាស្ថាប័នមួយនេះ ស្ថិតក្រោមការគ្រប់គ្រងដោយ គណបក្សនយោបាយ។ លោក ព្រាប កុល នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាពេលថ្មីៗនេះ ថា គ.ជ.ប ថ្មី នៅតែមានចំណុចលាក់លៀម ពី«បក្ស»ទាំងពីរ៕