ពលរដ្ឋ​រអ៊ូ​ថា សាលា​រាជធានី​បិទ​ផ្លួវ​សុធារស ដូច​បិទ​ឆ្នាំង​បាយ​ពលរដ្ឋ

សាលារាជធានីភ្នំពេញ បានប្រកាសបិទផ្លូវសុធារស ចាប់ពីស្ថានទូតរុស្ស៊ី ដល់ស្តុបចំការមន ដោយអនុញ្ញាតឲ្យបើកបរតែម្ខាង ក្នុងគោលបំណងកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅលើផ្លូវនេះ។ តែពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ បានត្អូញត្អែរថា ការប្រកាសបិទផ្លូវនេះ ដូចជាបិទឆ្នាំងបាយពួកគាត់អញ្ជឹង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៣ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមប្រព័ន្ធផ្សព្វផ្សាយនានា របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់វិថីសុធារស ចាប់ពីផ្លូវមុខស្ថានទូតរុស្ស៊ី ដល់ភ្លើងស្តុបជលផល ទល់នឹងមហាវិថីព្រះនរោត្តម ជាផ្លូវឯកទិស ហើយនឹងចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃទី០២ ខែមីនា ​ឆ្នាំ​២០១៥ វេលាម៉ោង ៨:០០នាទី ព្រឹកតទៅ។ សាលារាជធានី បានអំពាវនាវឲ្យសាធារណៈជនជ្រាប និងចូលរួម​សហការ​អនុវត្តន៍ ឲ្យមានប្រសិទ្ធភាពជាក់លាក់ ។ រីឯនគរបាលចរាចរណ៍វិញ បានដាក់របាំង មិនឲ្យធ្វើដំណើរពីស្ដុបចំការមន ឆ្ពោះ​ទៅស្ថានទូតរុស្ស៊ីទេ ដោយថែមទាំង យាមកាម និងត្រួតពិនិត្យចររាចរណ៍នៅទីនោះផង។

ការសម្រេចចិត្តបិទផ្លូវ របស់សាលារាជធានី បានបង្កឲ្យមានការត្អូញត្អែរ ពីប្រជាពលរដ្ឋ ដែលរស់នៅលើ តាមដងផ្លូវ​នេះ។ ពលរដ្ឋភាគច្រើននៅទីនោះ សុទ្ធសឹងជាអ្នកលក់ដូរ ផលិតផលសិប្បកម្មខ្មែរ ដែលមានការនាំចូល ពីបណ្តាអ្នក​ផលិត​ផ្ទាល់ដៃ នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ តែសាលារាជធានី បែរជាបិទផ្លូវនេះ ដោយហេតុផលបញ្ហា​ចររាចរណ៍ ជាហេតុឲ្យអ្នកដែលមានផ្ទះសំបែង នៅទីនោះ ពិបាកក្នុងការចេញចូលផ្ទះខ្លួនឯង ជាអន្លើ។

អ្នកស្រី ណារី ជាអ្នករស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ តាមបណ្តោយវិថីសុធារស បានឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងថា សាលារាជធានីភ្នំពេញធ្វើបែបនេះ ដូចជាបិទផ្លូវរកស៊ីបន្តិចបន្តួច តាមផ្ទះពលរដ្ឋ ព្រោះថាមិនមានមនុស្សឆ្លងកាត់ ហើយលក់មិនដាច់។ ម្យ៉ាងទៀត លំបាកសព្វគ្រប់ សូម្បីតែពេលចូលផ្ទះ ក៏ត្រូវវាង​ស្ទើរ​កន្លះម៉ោងដែរ។ អ្នកស្រីបន្តថា កាលពីលឺដំណឹងនេះដំបូង ក្រុមអ្នកភូមិ បានទៅសួរនាំនៅសង្កាត់ តែខាងសង្កាត់​និយាយ​ថា គេគ្រាន់តែសាកល្បងបិទ ជាបណ្តោះអាសន្នប៉ុណ្ណោះ។ អ្នកស្រីលើកឡើងថា៖ «សាលាក្រុងធ្វើបែបនេះ ដូចបិទឆ្នាំង​បាយ ពួកខ្ញុំអញ្ជឹង»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី មួយ នី បានឲ្យដឹងថា អស់រយៈពេលពីរថ្ងៃហើយ មកដល់ថ្ងៃទី០៣ខែមិនានេះ ដែលសាលា​រាជធានី ចាប់អនុវត្តន៍បិទផ្លូវ នៅមុខផ្ទះគាត់ តាំងពីនោះមក មិនដែលលក់ដាច់បន្តិចសោះ គ្មានមនុស្សណាម្នាក់ ហ៊ាន​ឆ្លង​កាត់ផ្លូវនេះទៀតទេ ព្រោះមានប៉ូលិសនៅយាមជានិច្ច។ ស្រ្តីវ័យកណ្តាលម្នាក់ នៅជិតនោះបានបន្ថែមឲ្យដឹងថា គម្រោង​របស់​សាលាក្រុង តែងតែបែបនេះ មិនទាន់បានអភិវឌ្ឍន៍ទេ តែចេញលិខិតឲ្យរុះរើមុនភ្លាមៗ ករណីមុខផ្ទះគាត់ ក៏ដូចគ្នា​ដែរ មិនទាន់ពង្រីកផ្លូវមកដល់ទេ ពេលស្ទះខ្លាំងបិទផ្លូវ មិនឲ្យធ្វើដំណើរម្ខាងតែម្តង។

ស្រដៀងគ្នានេះដែរ លោក ដារ៉ា បានឲ្យដឹងថា បើសាលារាជធានីភ្នំពេញធ្វើបែបនេះ អ្នកដែលរស់នៅតាម បណ្តោយ​វិថី​សុធារសទាំងអស់ ច្បាស់ជាវេទនាមិនខាន។ លោកបន្តថា លុះត្រាតែពង្រីកផ្លូវ ពីស្តុបចំការមន ដល់ទៅស្ថាន​ទូតរុស្ស៊ី​នោះ ទើបប្រសើរ។ តែបើបិទផ្លូវមុខផ្ទះពលរដ្ឋដូច្នេះ មិនមែនជាការប្រសើទេ។ លោក ដារ៉ា បានបន្ថែមទៀតថា ម្យ៉ាង​ទៀត​ផ្លូវសុធារសនេះ ជាផ្លូវសេដ្ឋកិច្ចសំខាន់ របស់ទីក្រុងកោះពេជ្រ អញ្ចឹងមិនគួរបិទទេ។ លោកបានសំណូមពរ ទៅ​សាលា​រាធានីភ្នំពេញ ជួយឲ្យពង្រីកផ្លូវ ឲ្យដល់កោះពេជ្យមុនសិន ចាំបិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរ ជាក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...