ការ​ចាក់​សម្លាប់​ព្រះ​សង្ឃ​នៅ​វត្ត​សាមគ្គី​រង្សី មាន​អាចារ្យ ថាច់ សុទ្ធ នៅ​ពី​ក្រោយ?

ការធ្វើគត់ព្រះសង្ឃ ថាច់ សំខាន់ គង់នៅវត្តសាមគ្គីរង្សី ពិតជាមានអ្នកដែលនៅពីក្រោយខ្នង ជនដៃដល់ឈ្មោះ លី ទឹង ពិតប្រាកដ។ នេះបើតាមសង្ឃដីការ របស់ព្រះតេជគុណ ថាច់ វណ្ណា ដែលជាសាក្សីដ៍សំខាន់ នៅក្នុងសំនុំរឿងនេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ០២ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានចេញមកពីបំភ្លឺ នៅក្នុងតុលាការួច ព្រះតេជគុណ ថាច់ វណ្ណា សាក្សីដ៍សំខាន់ នៅក្នុងករណីការចាក់សម្លាប់ ព្រះតេជគុណ ថាច់ សំខាន់ គ្រូសូត្រឆ្វេងនៅវត្តសាមគ្គីរង្សី បានប្រាប់បណ្តាអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី ០២ ខែមីនា នៅមុខសាលាដំបូងរាជធានីភ្នំពេញថា រឿងនេះ អាចមានការទាក់ទង ជាមួយនឹងលោកអាចារ្យម្នាក់ ឈ្មោះ ថាច់ សុទ្ធ ព្រោះកន្លងមក ព្រះតេជគុណ ថាច់ សំខាន់ និងជនដៃដល់ មិនដែលមានទំនាស់អ្វី ដែលឈានដល់ការចាក់សម្លាប់គ្នានោះទេ។

ព្រះសង្ឃអង្គនេះ បានមានសង្ឃដីការរៀបរាប់ថា ថ្វីត្បិតតែព្រះតេជគុណ លី ទឹង តែងតែលេងបាល់ លេងសីនៅក្នុងវត្ត ដែលជាហេតុនាំឲ្យព្រះតេជគុណ ថាច់ សំខាន់ ហៅទៅណែនាំជាច្រើនលើក ច្រើនសារក៍ដោយ ក៍មិនអាចឈានដល់ មានគំនុំគំគួនដល់ថ្នាក់ប៉ុនប៉ង ធ្វើគត់ជនរងគ្រោះនោះដែរ។

ប៉ុន្តែរឿងហេតុ ដែលធ្វើឲ្យជនដៃដល់ ហ៊ានចាក់សម្លាប់គ្រូរបស់ខ្លួនដូច្នេះ គឺបណ្តាលមកពីជនដៃដល់ បានហែកក្រដាស ដែលវត្តបានបិទប្រកាស បញ្ឈប់លោកអាចារ្យម្នាក់ ឲ្យចេញពីវត្ត។ លោកអាចារ្យ ថាច់ សុទ្ធ ត្រូវបានវត្តចោទប្រកាន់ថា បាន​ដើររៃអង្គាស់លុយពីខាងក្រៅ ដោយយកឈ្មោះវត្តយកទៅលាប តែមិនដែលយកបច្ច័យ មកដាក់ក្នុងវត្តនោះទេ ពោល​គឺ​យកដាក់តែហោប៉ាវខ្លួនឯង ទើបចៅអធិការវត្ត សម្រេចបិទប្រកាសបញ្ឈប់ លោកអាចារ្យថាច់ សុទ្ធ មិនឲ្យ​នៅវត្ត​សាមគ្គី​រង្សី​ទៀត។

បន្ទាប់ពីមានការបិទប្រកាស បញ្ឈប់លោកអាចារ្យ ឈ្មោះ ថាច់ សុទ្ធ មិនបានប៉ុន្មានផង ស្រាប់តែតេជគុណ លី ទឹង បាន​ទៅហែកលិខិតបិទប្រកាសនោះចេញ។ នៅពេល ដែលលោកគ្រូសូត្យឆ្វេង ព្រះនាម ថាច់ សំខាន់ ដែលជាជនរងគ្រោះ បានដឹងពីរឿងហែកសេចក្តីប្រកាសដូច្នេះ ព្រះតេជគុណក៍បានហៅ ភិក្ខុ លី ទឹង មកណែនាំ ដើម្បីកែម្រូវជនដៃដល់ ឲ្យងាក​មកគោរពវិន័យព្រះសង្ឃវិញ ប៉ុន្តែសេចក្តីណែនាំរវាងគ្រូ និងសិស្សក៍ក្លាយជាជំលោះឆ្លោះប្រកែងគ្នា លឺដល់ខាង​ក្រៅ ដែលបណ្តាលឲ្យតេជគុណ លី ទឹង មានចិត្តឆេវឆាវទាញកាំបិត មកធ្វើគត់ព្រះតេជគុណ ថាច់ សំខាន់ ឲ្យសុគត់​ភ្លាមៗ​តែម្តង។

ព្រះតេជគុណ ថាច់ វណ្ណា មានសង្ឃដីកាបន្ថែមថា នេះជាហេតុផល ដែលព្រះតេជគុណហ៊ានសន្និដ្ឋានថា ករណីនេះ មានជាប់ពាក់ព័ន្ធជាមួយ អ្នកនៅពីក្រោយខ្នង ព្រោះទង្វើរបស់ជនដៃដល់ លី ទឹង ដែលទៅជួយហែកក្រដាស សេចក្តី​ប្រកាសនោះចោល មានន័យថាតេជគុណ លី ទឹង ចូលរួមគំនិតជាមួយនឹងលោកអាចារ្យនោះ ហើយអ្នកទាំងពីរ ប្រាកដ​ជា​មានអ្វីទាក់ទងនឹងគ្នាមិនខាន ចំពោះការធ្វើគត់ព្រះតេជគុណ ថាច់ សំខាន់ នេះ។

ទាក់ទងនឹងករណីនេះ ព្រះតេជគុណ ថាច់ ខុន គង់នៅវត្តសាមគ្គីរង្សី ដែលជាដើមបណ្តឹងនៅក្នុងសំនុំរឿងនេះ បានជំរុញ​ឲ្យតុលាការធ្វើការស្រាវជ្រាវ និងកាត់សេចក្តីឲ្យបានឆាប់រហ័យ ព្រោះករណីនេះ វាមានរយៈពេលយូរដែរទៅហើយ។ ព្រះ​តេជគុណ ថាច់ ខុន មានសង្ឃដីកាបន្ថែមថា ការសាកសួរតេជគុណ និងសាក្សីមួយអង្គទៀត គ្រាន់តែជាជំហានដំបូង​ប៉ុណ្ណោះ ហើយតុលាការមិនបានបញ្ជាក់ថា នឹងសំនុំរឿងនេះ នឹងត្រូវបើកសវនាការសម្រេចសេចក្តី នៅថ្ងៃណានៅ​ឡើយ។

គួរបញ្ជាក់ថា ព្រះតេជគុណ ថាច់ សំខាន់ គ្រូសូត្យឆ្វេងនៅវត្តសាមគ្គីរង្សី ត្រូវបានព្រះភិក្ខុ លី ទឹង គង់នៅវត្តសាមគ្គរង្សី​ដូចគ្នានោះ ធ្វើគត់ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅ។ សេចក្ដីរាយការណ៍ដំបូង បាននិយាយថា ទំនាស់​ពាក្យ​សម្តី រវាងព្រះភិក្ខុដៃដល់ និងគ្រូសូត្រឆ្វេង ថាច់ សំខាន់ ដោយហេតុព្រះតេជគុណ លី ទឹង លេងបាល់ នៅក្នុងវត្ត​បង្ក​ការ​រំខាន និងតែង​តែ​លេង​សើច​ប្រលែង​គ្នា នៅ​ក្នុង​វត្ត​ជា​មួយ​ព្រះ​សង្ឃ​ដទៃ​ទៀត ជា​ច្រើន​លើក​ច្រើន​សារ ដែល​ខុស​នឹង​វិន័យ​សង្ឃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...