វិទ្យុអាស៊ីសេរីចាត់ទុកករណី ជុន ច័ន្ទបុត្រ ជាការគម្រាមធ្ងន់ធ្ងរ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៧
- កែប្រែចុងក្រោយ: April 27, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាក់ទងនឹងរឿងរ៉ាវ របស់នាយករង ការផ្សាយផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលបានចូលទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសាមកនោះ គេត្រូវរង់ចាំរយៈពេលមួយសប្ដាហ៍ពេញ ដើម្បីទទួលបានប្រតិកម្មជាផ្លូវការ របស់ស្ថាប័នវិទ្យុអាមេរិក ផ្សាយចម្រុះភាសាមួយនេះ។ សេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន ក្នុងរសៀលថ្ងៃនេះ បានចាត់ទុកករណីខាងលើ ថាជាការគំរាមកំហែងធ្ងន់ធ្ងរ ទៅលើអ្នកសារព័ត៌មាន ខណៈរដូវកាល នៃការបោះឆ្នោត កំពុងខិតជិតមកដល់។
សេចក្ដីថ្លែងការណ៍ របស់វិទ្យុអាស៊ីសេរី បានការពារលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថា«មិនបានប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌណាមួយទេ»។ អត្ថបទនោះ បានសរសេរថា៖ «គាត់ (លោក ហួត វុទ្ធី) ក៏មិនបានបន្លំខ្លួន ឬក៏លាក់អត្តសញ្ញាណ ជាអ្នកសារព័ត៌មានរបស់អាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ [នោះដែរ]។ ចំណាត់ការ ក្នុងពេលថ្មីៗ មកលើរូបគាត់បែបនេះ គឺមានចេតនាបំភិតបំភ័យគាត់ និងបុគ្គលិកអាស៊ីសេរី ឯទៀត ក្នុងពេលប្រកួតប្រជែង ដ៏ស្វិតស្វាញ ក្នុងរដូវកាលបោះឆ្នោត។»។
ចំណាត់ការ ដែលសេចក្ដីថ្លែងការណ៍លើកឡើង ទំនងជាចង់និយាយដល់ ពីការកោះហៅលោក ហួត វុទ្ធី ពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ឲ្យចូលខ្លួនទៅបំភ្លឺ ពីដំណើររឿងខាងលើនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភាខាងមុខ។ នេះបើតាមដីកាមួយ ចុះហត្ថលេខា នៅថ្ងៃទី២១ ខែមេសា និងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមួយថ្ងៃក្រោយ។ ក្រសួងមហាផ្ទៃកម្ពុជា បានគិតថា ការចូលទៅក្នុងពន្ធនាគារនោះ គឺលោក ហួត វុទ្ធី បានកុហកអាជ្ញាធរ ដោយប្រើមធ្យោបាយ«បន្លំ»ខ្លួន ជាជំនួយការតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវចូលសួរសុខទុក្ខសកម្មជនរបស់គណបក្សខ្លួន ក្នុងពន្ធនាគារ នៅថ្ងៃនោះ។
តែការចោទប្រកាន់ របស់អាជ្ញាធរនោះ ត្រូវបានលោក ហួត វុទ្ធី បដិសេធ។ សេចក្ដីថ្លែងការណ៍ របស់វិទ្យុ «RFA» ដែលឧបត្ថម្ភធន់ដោយរដ្ឋសភាអាមេរិក បានបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំនៅអាស៊ីសេរី ចាត់ទុកការគំរាមកំហែងបែបនេះ ជាករណីធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី វាក៏មិនអាចរំខាន ឬរារាំងអ្នកសារព័ត៌មាន និងបុគ្គលិកអាស៊ីសេរី ដែលក្លាហានមោះមុត ក្នុងការបំពេញភារកិច្ច យកព័ត៌មានពិត ឥតលាក់លៀម និងមិនលម្អៀង ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវការព័ត៌មានពិត។»។
សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គីម សន្តិភាព វិញ បានចាត់ទុកការអះអាង របស់ស្ថាប័នវិទ្យុអាស៊ីសេរី ថាមានបំណង «បំភ័ន្តសាធារណៈមតិ»។ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់លោកថា អ្នកសារព័ត៌មានគ្មានអភ័យឯកសិទ្ធិនោះទេ ហើយបុគ្គលណា ប្រព្រឹត្តល្មើសច្បាប់ គឺជាមុខសញ្ញា របស់អ្នកអនុវត្តច្បាប់ ក្នុងការស្វែងរក និងផ្តន្ទាទោសតាមច្បាប់! ការអនុវត្តច្បាប់ព្រហ្មទណ្ឌ គឺដើម្បីរក្សាការពារ នូវសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លោក សន្តិភាព បានបន្តទៀតថា៖ «ច្បាប់ព្រហ្មទណ្ឌ ត្រូវយកមកអនុវត្ត ក្នុងគ្រប់កាលៈទេសៈ រាប់ទាំងកាលៈទេសៈនៃប្រទេស ដែលកំពុងរៀបចំការបោះឆ្នោតផងដែរ»។
លោក ហួត វុទ្ធី នឹងរងការចាប់ខ្លួន ពេលបង្ហាញខ្លួននៅតុលាការ?
ភ្លាមៗ បន្ទាប់ដីកាកោះរបស់សាលាដំបូង ត្រូវបានប្រគល់ ទៅឲ្យសាមីខ្លួន (កាលពីថ្ងៃទី២២ ខែមេសា) សារព័ត៌មានក្នុងស្រុកជាច្រើន បានបង្ហោះផ្សាយជាបន្តបន្ទាប់ ពីសំដីព្រមាន របស់អ្នកនាំពាក្យរូបនេះ ស្ដីពីចំណាត់ការ ទៅលើរូបលោក ហួត វុទ្ធី ដែលអាចឈានទៅដល់ការឃាត់ខ្លួន នៅពេលលោក ហួត វុទ្ធី បង្ហាញខ្លួន នៅតុលាការ។ សម្រាប់លោកមេធាវី ជូង ជូងី វិញ បានចាត់ទុក ការលើកឡើងរបស់លោក គីម សន្តិភាព ថាជាទង្វើខុសច្បាប់។ លោកមេធាវីបានសរសេរ នៅលើបណ្ដាញសង្គមដែរថា៖ «ក្នុងតួនាទី ជាមន្ត្រីក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាសយ៉ាងនេះ គឺប៉ះពាល់ ដល់សេចក្តីសម្រេច របស់តុលាការ»៕