អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

ក្នុងតារាងចំណាត់ថ្នាក់ ឆ្នាំ២០១៧ ដែលទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ប្រទេស​កម្ពុជា ទទួល​បាន​លេខ ១៣២ នៅ​ក្រោយ​ភូមា ១លេខ។ តែនៅក្នុងអាស៊ាន នៃប្រទេសទាំង១០ កម្ពុជាគ្រាន់​បើ​ជាង ៦ប្រទេស និង​នៅចាញ់​ ពីរ​ប្រទេសទៀត គឺប្រទេសឥណ្ឌូនេស៊ី និង​ហ្វីលីពីន។
អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា
រូបភាពរបស់សារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ នៅពេលចេញផ្សាយរបាយការណ៍ «ការគ្រប់គ្រងដ៏អរិភាព» របស់​អង្គការ គ្លបប៊ល វិតណេស។
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៧ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 27, 2017
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមិនទាន់បានមធ្យមភាគ នៅឡើយទេ សម្រាប់វិស័យសារព័ត៌មាន នៅកម្ពុជា បើគេប្រៀបធៀបចំណាត់ថ្នាក់ របស់ប្រទេសនេះ នៅក្នុងបញ្ជីចំណាត់ថ្នាក់ ទាំង ១៨០ ប្រទេស ទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ប្រទេសកម្ពុជា ទទួលបានពិន្ទុ ៤២,០៧ ត្រូវនឹងចំណាត់ថ្នាក់លេខ ១៣២ ខណៈប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសណ័រវេស ដែលទទួលបានពិន្ទុ ត្រឹមតែ៧,៨០ប៉ុណ្ណោះ។

នៅបណ្ដាប្រទេសទាំង១០ នៃតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគ្រាន់បើជាង៦ប្រទេស មាន៖ ប្រទេស វៀតណាម (លេខ ១៧៥) ឡាវ (លេខ ១៧០) ព្រុយណេ (លេខ ១៥៦) សិង្ហបូរី (លេខ ១៥១) ម៉ាឡេស៊ី (លេខ ១៤៤) និងប្រទេស ថៃ (លេខ ១៤២)។ តែចំណាត់ថ្នាក់របស់កម្ពុជា នៅអន់ជាង៣ប្រទេស នោះគឺប្រទេស ឥណ្ឌូនេស៊ី (លេខ ១២៤) ហ្វីលីពីន (លេខ ១២៧) និងជាពិសេស គឺប្រទេសភូមា (លេខ ១៣១) ដែលកន្លងមក ធ្លាប់ត្រូវបានមេដឹកនាំកម្ពុជា អះអាងថា បានមករៀនសូត្ររបៀបដឹកនាំរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ពីកម្ពុជា។

អន់ជាងឆ្នាំមុន...

ចំណាត់ថ្នាក់របស់កម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ បានធ្លាក់ចុះបួនលេខ បើប្រៀបធៀប ទៅនឹងឆ្នាំ ២០១៦ ដែលកម្ពុជាទទួលបានលេខ ១២៨ ខណៈប្រទេសទាំង៩ផ្សេងទៀត របស់សមាគមអាស៊ាន សុទ្ធតែទទួលបានពិន្ទុ អន់ជាងកម្ពុជាទាំងអស់ (ប្រទេសភូមា លេខ ១៤៣ សម្រាប់ឆ្នាំ២០១៦)។

របាយការណ៍ឆ្នាំ២០១៧ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានពន្យល់ពីចំណាត់ថ្នាក់ថ្មី របស់កម្ពុជាថា វិស័យសារព័ត៌មាននៅក្នុងប្រទេស បានរងនូវការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ពីសំណាក់របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ នៅក្នុងប្រទេស សុទ្ធសឹងជាសមាជិកក្រុមគ្រួសារ និងអ្នកជិតដិត របស់របបដឹកនាំមួយនេះ។ ការធ្វើរបាយការណ៍ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ទៅលើការធ្វើនេសាទខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិ តែងបានរងការចោទប្រកាន់ ត្រឡប់មកវិញ ពីការផ្សាយព័ត៌មាន​«បរិហារកេរ្តិ៍» ឬពីការធ្វើឲ្យខូច ដល់«រូបភាព»​របស់ប្រទេស។

អង្គការអន្តរជាតិមួយនេះ ដែលមានជំនាញ ខាងការឃ្លាំមើល ពីសិទ្ធិសេរីភាព នៃអ្នកយកព័ត៌មាន នៅជុំវិញពិភពលោក បានសរសេរបន្តទៀតថា៖ «ក្រោយពីមានឃាតកម្ម ទៅលើលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ និងសង្គមដ៏ល្បីឈ្មោះនោះរួច សារព័ត៌មានជាច្រើន ដូចយ៉ាង "The Phnom Penh Post" និង "The Cambodia Daily" ជាដើម បានរងនូវការវាយប្រហារ យ៉ាងហិង្សា ពីសំណាក់សមាជិក ក្រុមគ្រួសាររបស់លោក ហ៊ុន សែន និងបានរងនូវការគម្រាមកំហែង ពីសំណាក់ជនអនាមិក»។

ចំណាត់ថ្នាក់គ្មានបច្ចុប្បន្នភាព...

ជាប្រតិកម្មតបទៅវិញ មន្ត្រីរដ្ឋាភិបាល តែងបានចាត់ទុករបាយការណ៍ និងចំណាត់ថ្នាក់ របស់អង្គការអន្តរជាតិខាងលើ ថាគ្មានបច្ចុប្បន្នភាព និងមិនសមស្រប ទៅនឹងស្ថានភាពជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា ហើយថា រាល់ចំណាត់ការទាំងឡាយ ដែលត្រូវបានធ្វើឡើង ទៅលើអ្នកសារព័ត៌មាននោះ គឺជាអនុវត្តន៍ច្បាប់របស់កម្ពុជាប៉ុណ្ណោះ។

ករណីចុងក្រោយបង្អស់ ដែលបានកើតឡើង ទៅលើអ្នកសារព័ត៌មាន គឺការកោះហៅលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ផ្នែកខេមរភាសា របស់វិទ្យុអាស៊ីសេរី ឲ្យចូលទៅឆ្លើយបំភ្លឺ នៅក្នុងតុលាការ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ បានចូលទៅសួរសុខទុក្ខអ្នកទោស នៅក្នុងពន្ធនាគារ ជាមួយក្រុមតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍មុន។ អាជ្ញាធរបានហៅ ទង្វើរបស់លោក ហួត វុទ្ធី ជាការបន្លំខ្លួន ដែលអាចមានទោស តាមច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជា ខណៈស្ថាប័នវិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍ បរិហារចំណាត់ការទាំងនេះ ទៅលើបុគ្គលិករបស់ខ្លួន ថាជាការ«គម្រាមកំហែងធ្ងន់ធ្ងរ» នៅមុនកាលបោះឆ្នោតមកដល់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...