អលង្ការតម្លៃរាប់ម៉ឺនដុល្លា«បាត់» ព្រោះមានជើងរត់?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៥
- កែប្រែចុងក្រោយ: January 23, 2015
- ប្រធានបទ: ចោរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុគ្គលិកសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ចំនួនពីររូបត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ«ចោរកម្ម» រួចព្រមទាំងធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ដោយតុលាការ បើពិនិត្យយោងតាមរបាយការណ៍របស់សមត្ថកិច្ច។
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជាមួយនឹងពាក្យបណ្តឹងរបស់ដើមចោទលោក សៀក សុជាតិ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំងពីរនាក់នោះ ពីបទ«ចោរកម្ម»។ ហើយបានបញ្ជូនទៅកាន់លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសម្រេចចោទប្រកាន់ និងបន្តនីតិវិធីតុលាការ។
ជនជាប់សង្ស័យទាំងពីររូបនេះ នៅចំពោះមុខតុលាការ បានធ្វើការបដិសេធចំពោះការចោទប្រកាន់នោះ ដោយអះអាងថាខ្លួនមិនបានយកនោះឡើយ។ បើទោះជាយ៉ាងនេះក្តី លោក កែវ សុជាតិ ព្រះរាជអាជ្ញារង បានសម្រេចធ្វើការចោទប្រកាន់ភ្លាមៗ និងបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនទាំងពីរ ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី២១ ខែមករាម្សិលម៉ិញនេះ។
«ករណីចោទប្រកាន់នេះ ជនសង្ស័យទាំងពីរនាក់មិនបានឆ្លើយសារភាពអ្វីនោះទេ។ ខ្ញុំសម្រេចធ្វើការចោទប្រកាន់យោងទៅតាមរបាយការណ៍របស់សមត្ថកិច្ចដែលបញ្ជូនសំណុំរឿងមក។ (…) ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់ គឺមានតម្លៃជាទឹកប្រាក់ជាង២០ម៉ឺនដុល្លារ(អាមេរិក)។» នេះបើតាមការបញ្ជាក់ របស់លោកព្រះរាជអាជ្ញារង តាមសារព័ត៌មានដើមអម្ពិល។
តាមការអះអាង របស់នាយកទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ (ផ្កាយ៣) បានលើកឡើងថា លោកបាត់គ្រឿងអលង្ការមានខ្សែក បន្ដោងដាំពេជ្រ ចិញ្ចៀន និងកាបូបលុយ សរុបទឹកប្រមាណជិត២០ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីលោកបានត្រឡប់មកពីហាត់ប្រាណ ស្ទីម សូណា និងម៉ាស្សាវិញ ក៏បើកប្រអប់សុវត្តិភាព សម្រាប់ដាក់សម្ភារៈភ្ញៀវ ក៏បាត់តែម្តង។ លោកបញ្ជាក់ថា សោរប្រអប់សុវត្តិភាពនោះ មេការម្នាក់បានប្រគល់កូនសោរឲ្យលោក ដើម្បីចាក់និងរក្សាទុកដោយខ្លួនឯង។
ជនសង្ស័យទាំងពីរនាក់នោះ ឈ្មោះ សំរិទ្ធ រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជាគ្រូបង្ហាត់ហែលទឹក និងឈ្មោះ នុត សាវ៉េត ភេទស្រី អាយុ ៣២ឆ្នាំ ជាមេការមើលការខុសត្រូវ សណ្ឋាគារសូហ្វីតែល។ បើទោះជាបដិសេធមិនទទួលស្គាល់យ៉ាងណា ក៏ជនសង្ស័យទាំងពីរ មិនអាចរួចពីបណ្ដឹងចោទប្រកាន់ របស់លោកផ្កាយបីនោះឡើយ។ ពួកគេក៏ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះធ្វើការស្រាវជ្រាវ ក៏ឈានទៅដល់ការឃាត់ខ្លួន បុគ្គលិកសណ្ឋាគារទាំងពីរនាក់ រួចបញ្ជូនទៅកាន់តុលាការតែម្តង។
អ្នកដែលស្គាល់សណ្ឋាគារនេះមួយរូប បានលើកឡើងដោយមិនបញ្ចេញអត្តសញ្ញាណថា មិនមានអ្វីពិបាក ក្នុងការស្វែងរកជនល្មើសពិតប្រាកដនោះទេ ព្រោះថាសម្រាប់សណ្ឋាគារ លំដាប់ផ្កាយប្រាំខាងលើនេះ មុខជាមានបំពាក់នូវការមេរ៉ាសុវត្តិភាព។ ដូច្នេះអាចបើកមើល នឹងឃើញពីសកម្មភាពនានា ដែលទាក់ទងនឹងប្រអប់សុវត្តិភាពនោះ ជាមិនខាន។ បើលោកផ្កាយបីរូបនេះ ពិតជាបានទុករបស់ទាំងអស់ នៅក្នុងប្រអប់នោះ វាមិនពិបាកក្នុងការស្វែងរក តាមរយៈកាមេរ៉ាសុវត្តិភាពនេះទេ។ ខ្លាចតែលោកមិនបានដាក់របស់ក្នុងនោះ ហើយស្រែកថាដាក់។
សម្រាប់សមត្ថកិច្ចមួយរូប ដែលបានចុះធ្វើការស្រាវជ្រាវ និងអង្កេតនោះ បានថ្លែងឡើងថា លោកពិតជាបានពិនិត្យមើល ការមេរ៉ាសុវត្តិភាពជាមុនហើយ ទើបលោកអាចធ្វើការសន្និដ្ឋាន និងឈានដល់ការចោទប្រកាន់ និងចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នោះយ៉ាងដូច្នេះ។ បើគ្មានភស្តុតាងជាក់លាក់ណាមួយស៊ីចង្វាក់ទេ នោះសមត្ថកិច្ចមិនអាចចាប់ខ្លួន ឬចោទប្រកាន់បុគ្គលណាម្នាក់ថាមានកំហុសនោះដែរ។
យោងតាមមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ (…) ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។»៕