គល់ បញ្ញា៖ មាន​ការ​ចរចា មាន​ការ​ចាប់​ខ្លួន? នោះ​ជា​រឿង​«នយោបាយ»

បើដោះស្រាយបញ្ហា ខាង«នយោបាយ»ចេញ ទើបដោះស្រាយ បញ្ហាខាង«សេរីភាព»ជាក្រោយ។ បើគ្មាន​ការ​ដោះ​ស្រាយ​បញ្ហា«នយោបាយ»ទេ បញ្ហាសេរីភាពក៍គ្មាន ដូច្នេះប្រជាពលរដ្ឋ និងសកម្មជនបក្សប្រឆាំង ត្រូវតែប្រឈម នឹង​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។ នេះជាការលើកឡើង របស់លោក គល់ បញ្ញា។
លោក គល់ បញ្ញា តំណាងឲ្យអង្គការសង្គមស៊ីវិលបួន ដែលចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោស ការចាប់ខ្លួនពលរដ្ឋ។ (រូបថត monoROOM.info/S.Tith )
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 18, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាល់ការចាប់ខ្លួន«មុន»ការចចារ ឬ«អំឡុង»​ពេល​ចរចា ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា COMFREL បាន​ចាត់​ទុក​ថា ជា​រឿង​«នយោបាយ»​តែ​មួយ។ លោក​បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ ការ​ប្រើ​ប្រាស់​តុលាការ ការ​ប្រើ​ប្រាស់​អាជ្ញាធរ​បិទ​ទីលាន​ប្រជាធិបតេ្យ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ការ​ដាក់​សម្ពាធ​ខាង​នយោបាយ ស្វែង​រក​កិច្ច​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង។

លោកបានលើកជាឧទាហរណ៍​ជាក់​ស្តែង​មួយ​ថា លទ្ធផល​នៃ​ការ​ចរចា​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤ ថ្មីៗ​នេះ ជា​លទ្ធផល​ដែល​បាន​មក​ពី​ការគម្រាម​កំហែង និង​តាម​រយៈ​ការ​ចាប់​ខ្លួន អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ប្រាំបី​នាក់ ក្រោយ​ហេតុការណ៍​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នេះ។

ប្រធានអង្គកាខុមហ្រ្វេលរូបនេះ បានថ្លែងពន្យល់ថា កន្លងមកអាជ្ញាធររដ្ឋាភិបាល បានប្រើប្រាស់នូវមធ្យោបាយ និងយន្តការ «តុលាការ» ក្នុងការចាប់ខ្លួនអ្នកតវ៉ាណា ដែលចេញ«មុខ»ជាងគេ មកប្រើប្រាស់ជាសម្ពាធ។ ​មធ្យោបាយទាំងនោះ បានបង្ហាញថាមាន«ប្រសិទ្ធិភាព» និងទទួលបានផលវិជ្ជមានច្រើន។ ដូច្នេះ​អាជ្ញាធរ រួម​ទាំងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកវិធីសាស្ត្រនេះ មកធ្វើជា​«រូបមន្ត» តាមរយៈអំណាច«កម្លាំង»ប្រដាប់អាវុធ និងតុលាការធ្វើការចាប់ខ្លួនពលរដ្ឋ ដែលចេញមុខតវ៉ានោះជា​បន្ត​បន្ទាប់ ដែលតំណាលគ្នា ឬមុន មានជំនួបប្រជុំបច្ចេកទេស ឬជំនួនកំពូលររវាងបក្សទាំងពីរម្តងៗ។ លោកបាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ការគម្រាមកំហែង ការប្រើហិង្សា និងការចាប់ខ្លួនទាំងអស់ ព្រោះតែចង់បាននូវ​«លទ្ធផល»​នៃការ​ចរចា ប៉ុណ្ណោះ។

លោកបានចោទជាសំនួថា តើរាល់ការចចារទាំងអស់ ដើម្បីបុព្វហេតុអ្វី? បុព្វហេតុបក្ស ឬយ៉ាងណា? បើការ​ចរចា​ធ្វើឡើង ដើម្បីតែប្រយោជន៍បក្សនោះ ពិតជាមាន«បញ្ហា»កើតឡើង។ តែបើការចចារ កើតឡើងដោយ​គ្មានការចាប់ខ្លួន ឬការគម្រាមកំហែងទេ នោះលទ្ធផលនៃកិច្ចប្រជុំ ពិតជាអាចបង្កើតឡើង ឲ្យមាន គ.ជ.ប មួយ​ឯករាជ្យ។ នោះការបោះឆ្នោតក៏យុត្តិធម៌ និងត្រឹមត្រូវ។ ហើយ រដ្ឋសភាមួយក៏រឹងមាំ និងអាចដោះស្រាយ​រាល់​បញ្ហា​ជូនប្រជាពលរដ្ឋបាន។ ពេលនោះប្រជាពលរដ្ឋនឹងអាចចូលរួម ដើម្បីលើកស្ទួយប្រជាធិបតេយ្យពិត​នៅ​កម្ពុជា។ តើចាំបាច់អ្វីដែលរដ្ឋាភិបាលកម្ពុជា បង្កើតការចចារឡើង ក្រោមសម្ពាធ និងដាក់លក្ខខណ្ឌដូច្នេះ? លោកថា គណបក្សប្រជាជនកម្ពុជា ដែលកាន់ «អំណាចនិងកម្លាំងប្រដាប់អាវុធ»នោះ គួរតែបង្ក​បរិយាកាស​ឲ្យការពិភាក្សាគ្នានេះ ប្រព្រឹត្តទៅបានលឿន និងទទួលលទ្ធផលល្អ។

ករណីពលរដ្ឋ និងព្រះសង្ឃមួយចំនួន ដែលត្រូវបានអាជ្ញាធរ ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន​កម្ពុជា រងការចាប់ខ្លួនជាបន្តបន្ទាប់នោះ ត្រូវបានប្រធានអង្គការរូបនេះបញ្ជាក់ទៀតថា បើទោះជាគ្មានទំនាក់​ទំនងគ្នា ឬគ្មានអំណះអំណាងអ្វីដែលបង្ហាញពីការជាប់ពាក់ព័ន្ធ ក្នុងរឿងនយោបាយក៏ដោយ តែការ​ចាប់​ខ្លួន​នេះ ក៏​បាន​បង្ហាញពីការដាក់សម្ពាធខាង«សិទ្ធិ និងសេរីភាព» ដែរ។ ជាពិសេស ការចាប់ខ្លួននេះ វាស្ថិតក្នុង​សប្តាហ៍​តែ​មួយ ឬសប្តាហ៍បន្តបន្ទាប់គ្នា ដែលជាទូទៅគេអាចសន្មតថា «វាជាសម្ពាធមួយ ទៅលើក្រុមណា ដែល​ប្រឆាំង​នឹង​អាជ្ញាធរ​ និងរដ្ឋាភិបាល។ តែករណីទាំងនោះ អាចមានសម្ពាធខុសៗគ្នា។»

លោកបានបង្ហាញនូវចំណុចសំខាន់ ក្នុងការប្រមួល ឬចង្អុលមុខសញ្ញាថា អ្នកនោះនឹងត្រូវចាប់ខ្លួន គឺចេញ​ពីអ្នកដែលហ៊ានចេញមុខទិតៀន ហ៊ានប្រឆាំងជាមួយអាជ្ញាធរនានា តាមខេត្តក្រុង រដ្ឋាភិបាល ក៏ដូចជា​គណបក្សកាន់អំណាច។

សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក គល់ បញ្ញា ក្នុងសន្និសិទសារព័ត៌មានមួយ នាទីស្នាក់ការ​សមាគម​អាដហុក ក្នុងព្រឹកថ្ងៃទី១៨ ខេវិច្ឆិកា នេះដូចតទៅ៖

(វីដេអូនឹងមកដល់ក្នុងពេលបន្តិចទៀត)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...