ចិនជឿថា ការបោះឆ្នោតនៅកម្ពុជានាឆ្នាំខាងមុខ នឹងសេរី-យុត្តិធម៌ស្របតាមឆន្ទៈរាស្ត្រ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ មករា ២០១៨
- កែប្រែចុងក្រោយ: January 05, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនទាន់បានបោះឆ្នោតផង តែប្រទេសចិនកុម្មុយនីស្ដ៍ ដែលមិនដែលធ្វើការបោះឆ្នោត តាមបែបសេរី និងប្រជាធិបតេយ្យម្ដងសោះ បានចេញមុខមកប្រកាសរួចជាស្រេច ថាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា នាឆ្នាំខាងមុខ នឹងមានលក្ខណៈសេរី យុត្តិធម៌ ស្របតាមឆន្ទះប្រជាពលរដ្ឋ។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស «Reuters» កាលពីម្សិលម៉ិញ។
ទីភ្នាក់ងារព័ត៌មាន បានស្រង់យកសំដី របស់លោក គង់ ស៊ាន់យូ (Kong Xuanyou) អនុរដ្ឋមន្រ្តីការបទេសចិន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បត្តិម្សិលម៉ិញ មកបញ្ជាក់ថា ចិនគោរព និងគាំទ្រចំពោះដំណើរអភិវឌ្ឍ ដែលត្រូវបានជ្រើសរើស ដោយប្រជាពលរដ្ឋកម្ពុជា ហើយជឿជាក់ថា ការបោះឆ្នោតនាពេលខាងមុខនេះ ដែលស្ថិតក្រោមការត្រួតពិនិត្យ ពីគ្រប់ភាគី អាចឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវរបស់ខ្លួន និងជ្រើសរើសបាន នូវគណបក្សនិងអ្នកដឹកនាំ ដែលបំពេញតាមតម្រូវការ របស់ប្រជាពលរដ្ឋ។
ការប្រកាសជំហរជាថ្មី របស់ប្រទេសចិន បានធ្វើឡើងស្របពេល ដែលសហគមន៍អន្តរជាតិ ជាពិសេសស្ថាប័នសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានមិនទទួលស្គាល់ភាពស្របច្បាប់ នៃការបោះឆ្នោតទាំងឡាយណា នាពេលខាងមុខ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងសំខាន់ជាងគេ នៅក្នុងប្រទេសកម្ពុជា ត្រូវបានរំលាយចោល ដោយអំណាចសាលក្រម របស់តុលាការកំពូល ដ៏ចម្រូងចម្រាស កាលពីពាក់កណ្ដាលខែវិច្ឆិកា។
បន្ថែមពីលើការព្រមានខាងលើ សហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នៅបានសម្រេចផ្ដាច់ជំនួយ សម្រាប់កម្មវិធីទាំងឡាយណា ដែលទាក់ទងនឹងការបោះឆ្នោត និងបានប្រកាស ត្រៀមដាក់ទណ្ឌកម្មផ្សេងទៀត ប្រឆាំងរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែការសម្រេចផ្ដាច់ជំនួយ ពីសំណាក់ប្រទេសមហាអំណាចលោកខាងលិច ទំនងជាមិនប៉ះពាល់ ដល់ដំណើរការបោះឆ្នោត នៅកម្ពុជាឡើយ ដោយហេតុថា រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ខ្លួននឹងប្រើប្រាស់ថវិកាជាតិ ៥២លានដុល្លារ ដើម្បីឲ្យការបោះឆ្នោត អាចប្រព្រឹត្តិទៅបាន។ ខណៈប្រទេសចិន ក៏បានប្រកាស ចូលមកជំនួសសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបដែរ ដោយបានបញ្ជូនជំនួយ កាលពីចុងខែធ្នូ មកឲ្យ គ.ជ.ប រួចហើយ នូវសម្ភារៈ បរិក្ខារ ចំនួន៣០មុខ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨។
ក្រៅពីនេះ នៅមានប្រទេសជប៉ុនមួយទៀត ដែលនៅតែបន្តគម្រោងផ្ដល់ជំនួយ ប្រមាណជា៧,២លានដុល្លារ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ យ៉ាងណា ប្រទេសជប៉ុនបានប្រកាសជំហរថា ខ្លួនមានការព្រួយបារម្ភ និងកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា និងចង់ឲ្យមានការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់រាស្ត្រម្ចាស់ឆ្នោត។ នេះ បើតាមលេខាទីមួយរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា អ្នកស្រី តាណាបេ កាអូរី (Kaori Tanabe) ដែលបានថ្លែងកាលពីម្សិលម៉ិញ ប្រាប់វិទ្យុអាស៊ីសេរី។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានប្រកាសថា លោកមិនខ្វល់ខ្វាយ ចំពោះជំនួយរបស់បរទេស សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ឬក៏ខ្វល់ខ្វាយ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ ទៅលើការបោះឆ្នោតនានា នៅកម្ពុជា ក្នុងពេលខាងមុខនេះឡើយ។ លោកថា តាមច្បាប់កម្ពុជា គឺតម្រូវ ឲ្យតែប្រជាជនកម្ពុជាទទួលស្គាល់ វា«ចប់សព្វគ្រប់ហើយ»។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីជួបជាមួយយុវជនអាស៊ាន-ជប៉ុន ចំនួន៣៦២នាក់ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ដោយបានហៅការព្រមានទាំងឡាយ ពីសំណាក់បរទេសទាំងឡាយ ថាជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកថា៖ «កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើង ទុកឲ្យយើងសម្រេចកិច្ចការរបស់យើង។ គ្មាននរណាស្គាល់យើង ជាងយើងទេ។ យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងចាត់តាំងការបោះឆ្នោត ជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។»។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបន្តថា៖ «ទោះបីអ្នកណាជួយ ឬ មិនជួយ វាមិនសំខាន់សម្រាប់យើងទេ។ ទោះបីអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ ច្បាប់យើងខ្ញុំតម្រូវឲ្យប្រជាជនកម្ពុជាទទួលស្គាល់ គឺចប់សព្វគ្រប់ហើយ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយបញ្ហាចុងក្រោយ (...) ព្រះមហាក្សត្រកោះប្រជុំ គឺជារឿងរួចរាល់ មិនចាំបាច់អ្នកណា ចោទថា ត្រូវទទួលស្គាល់ ឬអត់ទទួលស្គាល់ យើងអត់ត្រូវការទេ។»៕