សង្គម​ស៊ីវិល៤ ចេញ​សេចក្តី​ថ្លែង​កាណ៍​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​ពលរដ្ឋ

អង្គការសង្គមស៊ីវិលចំនួន ៤ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដើម្បីថ្កោលទោសចំពោះការចុះបង្រ្កាប និង​ចាប់​ខ្លួន​តំណាង​សហគមន៍នានា រួមទាំងសកម្មជននយោបាយ និងព្រះសង្ឃដែលប្រព្រឹត្តឡើង ដោយអាជ្ញាធរ​រាជធានី​ភ្នំពេញ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៨ វិច្ឆកា ២០១៤
  • កែប្រែចុងក្រោយ: November 18, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេលប្រមាណ​ថ្ងៃចុង​ក្រោយ​នេះ មាន​សកម្មជន​ការពារ​ដីធ្លី នយោបាយ និង​ព្រះ​សង្ឃ​ចំនួន ១៧​នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ផ្តន្ទាទោស។ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន សកម្មជន​ទាំង​អស់​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បួន រួម​មាន គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (Chrac) សមាគម​អាដហុក (Adhoc) ខុមហ្វ្រែល(Comfrel) និង​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន (Hrtf) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​រួម​គ្នា ចំពោះ​ការ​ចាប់​ខ្លួន​ជន​ទាំង​នោះ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​វិច្ឆកា ព្រឹក​ម៉ិញ​នេះ។

ការចាប់ខ្លួនតំណាងសហគមន៍ រួម​ទាំង​សកម្មជន​នយោបាយ និង​ព្រះ​សង្ឃ​ទាំង ១៧នាក់​នោះ ត្រូវ​បាន​ផ្តន្ទា​ទោស​តាម​មាត្រា ២៨, ២១៨, ៤៥៩, ៤៩៥ និង ៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៧៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។ បទ​ល្មើស​ក្នុង​មាត្រា​ខាង​លើ​នេះ អាច​ជាប់​ពន្ធនាគារពី ០១ឆ្នាំ​ទៅ ៣០ឆ្នាំ។ ហើយ​ការ​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​សកម្ម​ជន​ទាំង​នោះ បាន​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នៃ​ការ​ដាក់​សំពាធ​នយោបាយ ព្រោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ មិន​មាន​ធាតុ​ផ្សំ​តាម​នីតិវិធី​ច្បាប់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ។

ព្រះតេជគុណ កែវ សុម៉ាលី សមាជិកមួយអង្គ ពីបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានថ្លែងថា ពីមុនព្រះសង្ឃគ្រាន់តែរងការគំរាមកំហែង ជេរប្រមាថ ឫក៍វាយដំច្រំធាក់តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ កើតដល់​មានការវាយដំ រហូតដល់មានការសំម្រាតស្បង់ជីពររបស់ព្រះសង្ឃ ដោយគ្មានការអនុវត្តវិន័យសង្ឃ​ឲ្យបាន​ត្រឹមត្រូវ។

ព្រះសង្ឃអង្គនេះ បានបន្តទៀតថា ព្រះសង្ឃអាចចាប់ផ្សឹកបាន លុះត្រាតែបានប្រព្រិត្តអំពើរ ខុសឆ្គងបួនចំនុច ទើបព្រះសង្ឃអង្គនោះអាចត្រូវផ្សឹកបាន តែក៏មិនមែនត្រូវបានចាប់បង្ខំ ដោយអាជ្ញធរនោះដែរ។ ប៉ុន្តែបច្ចុប្បន្ន​នេះ មិន​មែន​ជាអំណាចរបស់មន្ត្រីសង្ឃ ជាអ្នកផ្សឹកនោះទេ គឺជាអំណាចរបស់អាជ្ញាធរ រហូតដល់បំពាន​ចាប់​ទាំង​បង្ខំ ដោះ​ស្បង់ជីពរ និងប្រមាថ វាយដំហើយញាត់ចូលគុកថែមទៀត។ ព្រះតេជគុណមានសង្ឃដីការ​ទៀត​ថា ក្នុង​នាម​ព្រះអង្គជាសមាជិករបស់បណ្តាញព្រះសង្ឃឯករាជ្យ ព្រះអង្គមិនពេញចិត្តនឹងទង្វើទាំងនេះទេ។

ទន្ទឹមនឹងនេះលោក សួន ប៊ុនស័ក្ដិ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិកាប្រព្រឹត្តិកម្ម នៃអង្គការ​សមាគម​ការពារសិទ្ធិមនុស្សកម្ពុជា (Chrac) បានថ្លែងនៅក្នុងសន្និសីទក្នុងព្រឹកនេះថា ការចាប់ខ្លួននេះ គឺមានផល​ប៉ះពាល់ ទៅលើគោលការណ៍សិទ្ធិមនុស្ស ហើយនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញរបស់ប្រទេសកម្ពុជា មានចែង​យ៉ាង​ច្បាស់លាស់ អំពីការធានានៅសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងឲ្យដឹងទៀតថា៖ «រឿងអីដែលការតវ៉ារបស់គាត់ បែជាអាជ្ញាធរមិនយកបញ្ហាទៅដោះស្រាយ បែជាទៅចាប់ខ្លួនពួកគាត់ទៅវិញ អាណ្នឹង គឺជារឿងមួយដែលរំលោភសិទ្ធធ្ងន់ធ្ងរណាស់ ហើយបញ្ហាមួយ​ទៀត​នោះ​ គឺជះឥទ្ធិពលមិនល្អទៅថ្ងៃអនាគត»។

ចំណែកឯ លោក ឡាត់គី ប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក បានថ្លែងតំណាងឲ្យ​អង្គការ​សង្គមស៊ីវិលទំាងបួន ប្រាប់អ្នកសារព័ត៌មានថា ប្រជាជនដែលត្រូវបានចាប់ខ្លួន យកទៅផ្តន្ទាទោសដាក់​ពន្ធនាគារទាំងអស់ មិនបានប្រព្រិត្តនូវកំហុសឆ្គង ដូចដែលបានចោទប្រកាន់ទាំងអស់នោះទេ។ ហើយ​សកម្មភាព នៃការទាមទារតវ៉ាដោយសន្តិវិធី គឺធានាដោយច្បាប់ ចំណែកការមិនទទួល​ខុសត្រូវរបស់​អាជ្ញាធរ​រដ្ឋ ក្នុង​ការ​រកដំណោះស្រាយជូនប្រជាពលរដ្ឋ គឺជាការរំលោភកាត្វកិច្ចមុខងារសាធារណៈរបស់រដ្ឋ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានធ្វើការអំពាវនាវ និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជន​ទាំងនោះជាបន្ទាន់ ដោយគ្មានលក្ខខ័ណ្ឌ និងសូមឲ្យរដ្ឋាភិបាលបើកលំហរនៃលិទ្ធិប្រជាធិបតេយ្យ ដោយ​ផ្តល់​សិទ្ធសេរីភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្នុងការទាមទារតវ៉ាដោយគ្មានការភ័យខ្លាច និងបញ្ចប់ការប្រើប្រាស់​ការ​ដាក់សំពាធនយោបាយ តាមរយៈការចោទប្រកាន់ និងចាប់ខ្លួនសកម្មជននានា។

មិនទាន់មានប្រតិកម្មឆ្លើយតប ទៅនឹងសេចក្ដីថ្លែងការណ៍ខាងលើ ពីសំណាក់មន្ត្រីអាជ្ញាធរ ឬតំណាងខាង​រដ្ឋាភិបាលកម្ពុជានៅឡើយ មកទល់នឹងម៉ោងនេះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាប​បន្ថែម​ទៀត នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួនុ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...