កូនទាហានម្នាក់ លិតចានបង្គន់ ដើម្បីបញ្ជាក់ការទទួលខុសត្រូវ ដល់មេទាហាន
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៥
- កែប្រែចុងក្រោយ: January 23, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេទាហានជនជាតិចិន ដែលជាគ្រូបណ្តុះបណ្តាលបច្ចេកទេស នៅសាលាបង្រៀនផ្នែកយោធាមួយ នៅក្នុងខេត្តស៊ីឈួន និងជាមេទាហានដ៏តឹងរ៉ឹងម្នាក់ បានខឹងសម្បារជាខ្លាំង នឹងក្រុមកូនទាហានចូលថ្មី ដែលមិនបានសំអាត កន្លែងស្នាក់នៅ និងបង្គន់ឱ្យបានស្អាតទៅតាម ការដាក់បញ្ជារបស់គាត់។ ប៉ុន្តែលោកបានស្រឡាំងកាំងភ្លាមៗ ខណៈដែលសមាជិកម្នាក់ ដែលជាកូនទាហានទើបនឹងចូលថ្មី នៅក្នុងក្រុមនោះ បានលុតជង្គង់ឱនចុះ ដើម្បីលិតឥដ្ឋ និងលិតចានបង្គន់ ព្រោះចង់បញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រុមខ្លួន ដែលបានធ្វើតាមការបញ្ជារបស់មេទាហាន។
ដើមឡើយ មេទាហានល្បី ដែលមានឈ្មោះថា ឆាវ ផេង (Cai Peng) បានប្រាប់កូនទាហានទាំងអស់ឱ្យលាងសំអាត អាគារស្នាក់នៅ និងបន្ទប់ទឹក។ មេទាហានម្នាក់នេះ បានផ្តាំកូនទាហានទាំងអស់ថា ធ្វើយ៉ាងណា ត្រូវសំអាតឱ្យស្អាតរួចរាល់ នៅពេលដែលគាត់ត្រលប់មកវិញ។
បន្ទាប់ ពីលោក ឆាយ ផេង ត្រឡប់មកពិនិត្យមើលកន្លែង ដែលលោកបានបញ្ជាឱ្យសម្អាតវិញ លោកបានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយលោកមើលឃើញថា ការសំអាតរបស់ពួកគេ មិនបានស្អាត និងមិនបានធ្វើឱ្យលោកពេញចិត្ត។ លោកបានស្រែកគំហក ដាក់កូនទាហានថ្មីៗទាំងនោះ ប្រុងនឹងដាក់ពិន័យដល់ពួកគេ។
ប៉ុន្តែភ្លាមនោះ មានកូនទាហានម្នាក់ឈ្មោះ ហូ លៀវ (Ho Liao) ចេញមក ហើយបាននិយាយបដិសេធ ចំពោះការយល់ឃើញរបស់មេរបស់ខ្លួន ដែលថាពួកគេសម្អាត មិនបានស្អាត។ កូនទាហានវ័យក្មេង របស់ប្រទេសចិនរូបនេះ បាននិយាយថា៖ «អត់ទោសលោកនាយ ខ្ញុំមិនយល់ស្រប ចំពោះការពិន័យនោះទេ ហើយខ្ញុំចង់បញ្ជាក់ការពិត»។ កូនទាហានចិត្តសឿងរូបនេះ បានលុតជង្គង់ចុះ ហើយចាប់ផ្តើម លិតឥដ្ឋការ៉ូ បន្ទប់ទឹក រួមទាំងចានបង្គន់ផងដែរ រួចហើយរូបគេ ក៏បានបន្តទៅលិតកន្លែងផ្សេងទៀត ដែលពួកគេបានសម្អាត។
ក្រោយពីកូនទាហានវ័យក្មេង ដែលទើបមករៀនវិជ្ជាជីវៈទាហានរូបនេះ ចេញមុខបញ្ជាក់ការពិតដល់មេរបស់ខ្លួនរួមមក ពួកគេមិនត្រូវបានទទួលទណ្ឌកម្មអ្វីឡើយ។ មហាវិទ្យាល័យ និងសាកលវិទ្យាល័យចិនជាច្រើន ដែលមានការបណ្តុះបណ្តាលផ្នែកយោធា បានជម្រុញឱ្យមានវិន័យតឹងរឹង រួមទាំងការរក្សាបន្ទប់គេងស្អាត និងអនាម័យ។ បើពួកគេមិនធ្វើដូចតាមការកំណត់ទេ នោះ ពួកគេនឹងត្រូវបានមេទាហានទទួលបន្ទុកផ្ទាល់ ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ៕