ជប៉ុន​រង​ឱសានវាទ​២៤ម៉ោង ពី​រដ្ឋ​អ៊ីស្លាម​និយម​តឹង

ក្រុមសមាជិករដ្ឋអ៊ីស្លាមនិយមតឹង បានគម្រាមប្រទេសជប៉ុន កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ថានឹង​សម្លាប់​ចំណាប់​ខ្មាំង​ជប៉ុន​ពីរ​នាក់ នៅថ្ងៃសុក្រ ប្រសិនបើទីក្រុងតូក្យូ មិនបង់ថ្លៃរំលោះ២០០លានដុល្លារ ខណៈពេលដែលការបោះរំលោះរបៀបនេះ បានបង្កឲ្យមានសង្គ្រាមពាក្យសម្ដី នៅក្នុងប្រទេសរួចទៅហើយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២២ មករា ២០១៥
  • កែប្រែចុងក្រោយ: January 23, 2015
  • ប្រធានបទ: រដ្ឋអ៊ីស្លាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាល​ជប៉ុន បាន​ស្ថិត​នៅ​ក្នុង​គំនាប​ដ៏​ខ្លាំង​មួយ នៅ​យប់​ថ្ងៃ​ព្រហស្បត្ត៍​នេះ ២៤​ម៉ោង មុន​ការ​បញ្ចប់​ឱសានវាទ កំហិត​ដោយ​ក្រុម​សមាជិក​រដ្ឋ​អ៊ីស្លាម​និយម​តឹង ដែល​គម្រាម​ថា​នឹង​សម្លាប់​ចំណាប់​ខ្មាំង​ជាតិ​ជប៉ុន​ទាំង​ពីរ​នាក់ ប្រសិន​បើ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ មិន​បង់​ប្រាក់​ថ្នូរប្រមាណ​ជា​២០០​លាន​ដុល្លារ​នោះ​ទេ។

នាយករដ្ឋមន្ត្រី លោក សីនហ្សូ អាប៉េ (Shinzo Abe) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​បង្កើន​សកម្មភាព​ខាង​ការ​ទូត​របស់​ខ្លួន​ខុស​ពី​រាល់​ដង ជា​មួយ​នឹង​ប្រទេស​ពាក់​ព័ន្ធ​សឹង​តែ​ទាំង​អស់ ដើម្បី​អាច​ស្វែង​រក​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​ពីរ​នាក់ គឺ​លោក ហារូណា យូកាវ៉ា (Haruna Yukawa) និង​លោក កេនជី ហ្គូតូ (Kenji Goto) ដែល​ត្រូវ​បាន​ចាប់​ពង្រត់​យក​ទៅ ដោយ​ក្រុម​ស្ម័គ្រ​ប្រយុទ្ធ​របស់​ព្រះ​អាឡាហ៍ ហៅថា ជីហាដ (jihad)។

វីដេអូមួយត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ បង្ហាញពីគម្រោងរបស់ពួកសមាជិករដ្ឋអ៊ីស្លាមទាំងនេះ ថានឹង​សម្លាប់ចំណាប់ខ្មាំងទាំងពីរនាក់ នៅក្នុងរវាង៧២ម៉ោងខាងមុខ។ លោក អាប៊េ ដែលកំពុងស្ថិតក្នុងតំបន់​មជ្ឈឹម​បូព៌ា បានថ្លែងពីទីនោះថា នឹងមិនបណ្ដោយទៅតាមការទាមទារ របស់ក្រុមភេវរជននោះឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានបញ្ជាក់ថា ឱសានវាទនឹងផុត​នៅម៉ោង២និង៥០រសៀល ថ្ងៃសុក្រនេះ ហើយប្រទេសជប៉ុនមិនបានដឹង ពីស្ថានភាពពិតប្រាកដ​នៃចំណាប់​ខ្មាំងទាំងពីរ ថានៅទីណា ឬយ៉ាងដូចម្ដេចនៅឡើយ ដោយហេតុថា ក្រុមអ្នកគម្រាម មិនបានបង្ហាញ​ពីការ​ទាក់​ទងពិតប្រាកដនោះទេ។

នៅក្នុងវីដេអូមួយទៀត ដែលបានថតនៅខែតុលា ឆ្នាំទៅម៉ិញ លោក កេនជី ហ្គូតូ អ្នកសារព័ត៌មាន បានថ្លែង​នៅមុនលោក ចូលទៅក្នុងតំបន់កាន់កាប់ដោយក្រុមសមាជិករដ្ឋអ៊ីស្លាម ថា៖ «បើសិនជាខ្ញុំមានរឿងអី ខ្ញុំខ្លួន​ឯងជាអ្នកទទួលខុសត្រូវទាំងស្រុង»។ អ្នកសារព័ត៌មានរូបនេះ បានចូលទៅស្វែងរកលោក ហារូណា យ៉ូកាវ៉ា ស្ថាបនិកក្រុមហ៊ុនសន្តិសុខតូចមួយ ដែលត្រូវបានចាប់ខ្លួននៅខែសីហាមុន។

អ្នកនាំផ្លូវមួយរូបរបស់លោក ហ្គូតូ បានថ្លែងនៅក្នុងកញ្ចក់ទូរទស្សន៍ជប៉ុនថា លោកបានទទួលពាក្យពឹងពាក់ ឲ្យទាក់ទងមកគ្រួសាររបស់លោក ហ្គូតូ ក្នុងករណីបើលោក ហ្គូតូ មិនឲ្យដំណឹងលើសពីមួយសប្ដាហ៍។ ភរិយា​របស់លោក ហ្គូតូ ក៏បានបញ្ជាក់ដែរថា អ្នកស្រីបានទទួលសំបុត្រជាច្រើនរបស់ក្រុមសមាជិករដ្ឋអ៊ីស្លាម បញ្ជាក់​ពីការទាមទារប្រាក់ថ្នូរ ទលនឹងស្វាមីរបស់អ្នកស្រី។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានបញ្ជៀសមិនឆ្លើយដោយផ្ទាល់ ទៅកាន់សំនួរ ថាតើជប៉ុននឹង​បង់ប្រាក់ថ្នូរឬ​យ៉ាងណា។ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បាននិយាយថា៖ «ជំហររបស់យើង មិនបានផ្លាស់ប្ដូរទេ។ យើងនឹង​មិន​ក្រាបរួញខ្លួន នៅពីមុខការគម្រាមរបស់ភេវរជនឡើយ ហើយក៏គ្មានការផ្ទេរប្រាក់ថ្នូរ នោះដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...