រតនៈគិរី៖ ក្រុមហ៊ុនបូមខ្សាច់ បង្កការក្ដៅក្រហាយដល់ពលរដ្ឋ
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៥
- កែប្រែចុងក្រោយ: January 23, 2015
- ប្រធានបទ: បរិដ្ឋាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការធ្វើអាជីវកម្មនៅក្នុងស្រុកវើនសៃ បានបង្កផលលំបាកខ្លាំងណាស់ ដល់ប្រជាពលរដ្ឋដែលនៅទីនោះ។ មិនត្រឹមតែពិបាកក្នុងការប្រើប្រាស់ទឹកតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែទឹកកខ្វក់ ដែលពួកគាត់បង្ខំចិត្តក្នុងការប្រើប្រាស់វា បានបង្កជម្ងឺតម្កាត់ផ្សេងៗដល់ប្រជាជនផងដែរ។ នេះជាការលើកឡើងរបស់លោក កែវ ណាង ប្រជាពលរដ្ឋនៅក្នុងស្រុកវើនសៃ ខេត្តរតនៈគិរី។
ប្រជាពលរដ្ឋរូបនេះ បានបន្តត្អូញត្អែរប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «ដល់ពេលអញ្ចឹងទៅ យើងប្រើប្រាស់ទឹកទន្លេ ហើយក៏យើងប្រើប្រាស់ដូចជាពិបាកខ្លះ ទឹកល្អក់យើងពិបាកប្រើប្រាស់។ យើងប្រើប្រាស់មិនមែនតែសម្រាប់ងូត ឬក៏ស្អីទេ យើងប្រើដើម្បីផឹក។ ហើយប្រជាពលរដ្ឋភាគច្រើន គឺប្រើប្រាស់ទឹកទន្លេ។ តិចតួចណាស់ ដែលគាត់មានអណ្តូងប្រើប្រាស់។»
លោកថា កន្លងមកមានខាងអាជ្ញាធរចុះទៅធ្វើអន្តរាគមន៍ ឱ្យមានការដាក់លូដាក់អីត្រឹមត្រូវដែរ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពនោះទេ។
ទាក់ទងនឹងបញ្ហានេះដែរលោក ឆាយ ធី មន្រ្តីអាដហុកប្រចាំខេត្តរតនៈគិរី បានឱ្យដឹងថាមានក្រុមចំនួនពីរ បានធ្វើសកម្មភាពបូមខ្សាច់ ដោយអនាធិបតេយ្យ នៅក្នុងស្រុកវើនសៃ ក្នុងទីតាំងពីរកន្លែងខុសគ្នា។ លោកថាក្រុមហ៊ុនទាំងពីរ បានធ្វើអាជីវកម្មអស់រយៈពេលជិត២០ហើយ។ រយៈពេល២០ឆ្នាំ ដែលក្រុមហ៊ុននេះបានធ្វើអាជីវកម្ម គឺគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋាភិបាលនោះទេ មានតែច្បាប់ពីអាជ្ញាធរឃុំ ស្រុកតែប៉ុណ្ណោះ។
បើតាមលោក ឆាយ ធី មិនមែនតែស្រុកវើនសៃនោះទេ ដែលមានការធ្វើអាជីវកម្មបូមខ្សាច់នោះ តែនៅមានស្រុកចំនួនពីរទៀត គឺស្រុក អូយ៉ាដាវ និងស្រុកលំផាត់ ដែលខាងក្រុមហ៊ុនស៊ិនទ្រី និងក្រុមហ៊ុនរបស់លោក សូ សំណាង ប្រធានមន្ទីគនាគមន៍និងដឹកជញ្ជូនខេត្តរតនៈគិរី ជាអ្នកធ្វើអាជីវកម្មយ៉ាងសស្រាក់សស្រាំ។ មន្រ្តីអង្គការអាដហុករូបនេះបន្តថា ក្រុមហ៊ុនធ្វើអាជីវកម្មខាងខ្សាច់នៅក្នុងខេត្តមាន តែក្រុមហ៊ុនបីតែប៉ុណ្ណោះ តែទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។ ក្រុមហ៊ុនទាំងនោះ មានឈ្មោះថាសូឡាវិចិត្រ តៃសេង និងក្រុមហ៊ុនភូមា៕