សម្រែកអ្នកស្រែកឃ្លានយុត្តិធម៌ នឹង«ឈ្នះ»អំពើអយុត្តិធម៌?
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី២២ មករា ២០១៥
- កែប្រែចុងក្រោយ: January 23, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បី«បំបាត់វប្បធម៌និទណ្ឌភាព និងពង្រឹងយុត្តិធម៌នៅកម្ពុជា» ក្រុមអ្នកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នេះ បានទាមទារឲ្យស្វែងរកយុត្តិធម៌ និងធ្វើការអំពាវនាវដល់តុលាការ ឲ្យវែករកមុខឃាតក«ពិតប្រាកដ» ដែលបានបាញ់សម្លាប់លោក ជា វិជ្ជា ជាមួយអ្នកបញ្ជាពីក្រោយខ្នង មកផ្ដន្ទាទោសតាមច្បាប់ជាកំហិត។ អ្នកចូលរួម ដែលក្រៅពីក្រុមកម្មករ និងក្រុមសមាជិកសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅមានមន្ត្រីគណបក្សសង្គ្រោះជាតិ និងមេដឹកនាំ ដូចជាលោក កឹម សុខា លោក សម រង្ស៊ី ព្រមទាំងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំនោះផង។
លោក រ៉ុង ឈុន ដែលធ្លាប់ជាក្លើជិតដិតរបស់លោក ជា វិជ្ជា បានថ្លែងឡើងថា៖ «ទោះបីជាមានការគំរាមយ៉ាងណា ក៏ខ្ញុំមិនចេញទៅរស់នៅប្រទេសខាងក្រៅដែរ។ (…) ខ្ញុំនឹងធ្វើជាគំរូល្អសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្មែរនៅកម្ពុជា។ (…) ក្នុងនាមជាមិត្តភក្តិ ខ្ញុំសូមឲ្យអាជ្ញាធរកម្ពុជា ត្រូវតែស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនលោក ជា វិជ្ជា។»
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងឱកាសនេះ បានថ្លែងឡើងថា៖ «យើងមិនអាចបំភ្លេចភាពឃោរឃៅ ភាពអមនុស្សធម៌មកលើជនរងគ្រោះស្លូតត្រង់បានទេ។ (…) យើងត្រូវតែជំរុញឲ្យមានការស៊ើបអង្កេត ឲ្យមានការចាត់ការ ពីសំណាក់តុលាការដោយឯករាជ្យនៅថ្ងៃណាមួយ ដើម្បីផ្ដល់យុត្តិធម៌ជូនរងគ្រោះ និងវែកមុខអ្នកបញ្ជានៅពីក្រោយ។»
លោក ជា មុន្នី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤កន្លងទៅ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សុខ រឿន បានស្នើឲ្យអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេត កំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើស។ មកទល់ពេលនេះ ជិតមួយឆ្នាំហើយ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនទាន់បង្ហាញពីការធ្វើការស្រាវ របស់ខ្លួន ដើម្បីវែកមុខ និងកំណត់អត្តសញ្ញាណឃាតករ និងអ្នកនៅពីក្រោយឡើយ។
ទស្សនាវដ្តីមិនអាចសំការបញ្ជាក់ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានទេនារសៀលនេះ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែលោកបាន បានបកស្រាយតាមសាព័ត៌មានដើមអំពិលថា រដ្ឋាភិបាលបានកំពុងដំណើការនីតិវិធីលើសំណុំរឿងលោក ជា វិជ្ជា ដោយ«ចំហរ»។ យ៉ាងណា លោកបានបន្ថែមថា សំណុំរឿងនេះជាសមត្ថកិច្ចរបស់តុលាការសុទ្ធសាធ។
រីឯលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំបានថ្លែងយ៉ាងខ្លីថា ថ្វីត្បិតតែលោក ជា វិជ្ជា បានស្លាប់បង់ជីវិត អស់រយៈជាយូរណាស់មកហើយក៍ដោយ ប៉ុន្តែលោកតែងតែស្ថិតនៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរជាង ១៤លាននាក់ដដែលរហូតមកដល់សព្វថ្ងៃនេះ ព្រោះលោកគឺជាវិរៈបុរស ដែលបានជួយដឹកនាំកម្មករខ្មែរឲ្យចេះ ប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់បៀវត្សរបស់ខ្លួន៕