របាយការណ៍៖ វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

ការលួចដឹកឈើដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតែមានជាបន្តនៅឡើយ និងមានចំនួនមិនតិចជាង ៣០ម៉ឺនម៉ែត្រគូបឡើយ។ នេះ បើតាមបានអានរបាយការណ៍មួយ របស់ «EIA» ទីភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ផ្នែកបរិស្ថានមួយ ដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស។
របាយការណ៍៖ វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន
រថយន្ដដឹកឈើដ៏ធំចំនួនពីរដើម។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 08, 2017
  • ប្រធានបទ: ជួញដូរឈើ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ប្ដូរក្រដាសស្នាម ឲ្យ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ (ការលាងឈើកខ្វក់) ដែល​​មាន​តម្លៃ​ប្រមាណជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ បើតាមទិន្នន័យ នៅក្នុងរបាយការណ៍មួយ ចេញផ្សាយដោយអង្គការអន្តរជាតិ  «Environnement Investigation Agency» ហៅកាត់ថា «EIA» ដែលមានជំនាញ ខាងការស៊ើបអង្កេត រឿងរ៉ាវទាក់ទងនឹងបរិស្ថាន។

របាយការណ៍របស់អង្គការ «EIA» ចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ ដែលមានកម្រាស់១០ទំព័រ និងដែលមានចំណងជើង «ជនល្មើសមុខដដែល៖ វៀតណាមលាងឈើកខ្វក់» បានចេញផ្សាយនៅប៉ុន្មាន​ថ្ងៃ ​មុនការចុះកិច្ចព្រមព្រៀងទិញឈើ ពីប្រទេសវៀតណាម ដោយសហភាពអ៊ឺរ៉ុប ក្នុងទំហំទឹកប្រាក់​តម្លៃ ៧០៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្នុងកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ប្រទេសវៀតណាម មិនអាចនាំចូលឈើខុសច្បាប់ ពីក្រៅប្រទេសទៀតបានឡើយ ដែលផ្ទុយស្រឡះ ពីអ្វីដែលរបាយការណ៍នេះ បានរកឃើញទៅវិញ។ របាយការណ៍ បានសរសេរថា៖ «មន្ដ្រីសន្ដិសុខ និងមន្ត្រីរដ្ឋាភិបាលវៀតណាម នៅតែចេញកូតា ផ្ដល់ភាពស្របច្បាប់ ក្នុងសេដ្ឋកិច្ចវៀតណាម ដោយជួយសម្រួល ដល់ការលួចកាប់ឈើខុសច្បាប់ ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ទោះបីកម្ពុជា បានប្រកាសថាឈប់ធ្វើជំនួញឈើគ្រប់ប្រភេទ ជាមួយវៀតណាម នោះហើយក៏ដោយ»។

«លាងឈើកខ្វក់»

ការស៊ើបអង្កេត បានរកឃើញថា នៅតែមានសកម្មភាពលួចកាប់ និងនាំចូលឈើខុសច្បាប់ ទៅក្នុងប្រទេសវៀតណាម ដោយសារការឃុបឃិតគ្នា និងការសូកប៉ាន់ រវាងអាជ្ញាធរនៃប្រទេសទាំងពីរ។ ហើយដើម្បីទទួលបានឈើទាំងនេះ ក្រុមឈ្មួញវៀតណាមបានសូកប៉ាន់មន្ដ្រីខ្មែរ ក្នុងទឹកប្រាក់រាប់លានដុល្លារ ដើម្បីចូលកាប់ឈើ នៅក្នុងតំបន់អភិរក្ស និងតំបន់ការពារក្នុងទឹកដីកម្ពុជា។

តំបន់ដែលរងការកាប់ឈើយ៉ាងខ្លាំងក្លា និងដោយខុសច្បាប់ទាំងនោះ មានដូចជា តំបន់ការពារសហគមន៍ ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់ ដែលសុទ្ធសឹងជាតំបន់ការពារ ក្នុងខេត្តរតនគីរី រាប់ចាប់តាំង ពីដើមខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក។ ជាងនេះទៅទៀត ការស៊ើបអង្កេតបានបញ្ជាក់ថា គម្រោងមួយចំនួន ពីក្នុងចំណោម​តំបន់​ការពារ​ទាំងនេះ ​បានទទួលជំនួយថវិកា ពី​សហភាព​អឺរ៉ុបនោះផង។

របាយការណ៍បានអះអាងបន្តថា បន្ទាប់ពីដឹកឈើខុសច្បាប់ទាំងនេះ ចូលទៅដល់ទឹកដីវៀតណាមហើយ ក្រុមមន្ត្រីពុករលួយ របស់អាជ្ញាធរវៀតណាម បាន«លាងឈើកខ្វក់»ទាំងនោះ ឲ្យក្លាយជាឈើស្របច្បាប់។ ទង្វើនេះ បានជួយរកចំណូលយ៉ាងក្រាស់ក្រែល ទៅដល់មន្ត្រីវៀតណាម​ដែលពុករលួយ និងជួយផ្ដល់សន្ទុះ ឲ្យសេដ្ឋកិច្ចវៀតណាម។ ការ​ស៊ើប​អង្កេត បានស្រង់សំដីរបស់ឈ្មួញឈើវៀតណាម មកបញ្ជាក់ថា ពួក​គេ​បាន​សូក​ប្រាក់ ៤៥​ដុល្លារអាមេរិក ​សម្រាប់​ឈើ ១​ម៉ែត្រ​គូប ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​ នៃ​ខេត្ត​យ៉ាឡាយ (Gai Lai) ដើម្បីជា​ថ្នូរ ទៅ​នឹង​ការ​ទទួល​បាន​សិទ្ធិ​ដឹក​ជញ្ជូន​ឈើ ​ចូល​ក្នុង​ប្រទេស​វៀតណាម។

«បាញ់គ្រាប់រ៉ុក្កែត ចេញពីឧទ្ធម្ភាគចក្រ សំដៅកំទេចអ្នកលួចកាប់ឈើ»

នៅវេលានេះ មិនទាន់មានប្រតិកម្មណាមួយ ពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជានៅឡើយ ទាក់ទងនឹងរបាយការណ៍ របស់អង្គការខាងលើ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​​បានសម្រេចបង្កើត កាលពីដើមឆ្នាំ ២០១៦ គណៈកម្មាធិការចំរុះមួយ ដែលដឹកនាំដោយ លោក ​​​សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់ពន្ធឈើខុសច្បាប់ទាំងឡាយ ទៅកាន់ប្រទេសវៀតណាម។ លោក ហ៊ុន សែន នៅបានបញ្ជាទៅលោក សៅ សុខា នៅពេលនោះ ថាឲ្យបាញ់គ្រាប់រ៉ុក្កែត ចេញពីឧទ្ធម្ភាគចក្រ សំដៅកំទេចអ្នកលួចកាប់ឈើថែមទៀត។

បន្ទាប់ពីសំដីខ្លាំងៗ របស់លោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា ក៏បានចេញលិខិតជាផ្លុវការដែរ នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ថាខ្លួនបានលុបបំបាត់ការកាប់ឈើខុសច្បាប់ នៅទូទាំងប្រទេស និងគ្មានការនាំឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមទៀតទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...