ហ៊ុន សែន បន្ទោស​អ្នក​សេព​គ្រឿង​ញៀន ថា​«សប្បាយ​ជ្រុល»

ត្រឡប់ពីព្យបាលជំងឺ ក្នុងមន្ទីរពេទ្យដ៏ទំនើប នៅប្រទេសសិង្ហបូរីវិញ នៅថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងបន្ទោសអ្នកសេពគ្រឿងញៀន ថា ការសេពគ្រឿងញៀន «មិនមែនជាជំងឺអត់ឃ្លានទេ តែជាជំងឺសប្បាយជ្រុល» ហើយដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោក ត្រូវបែងចែកថវិកាមួយផ្នែក ដើម្បីជួយសង្គ្រោះព្យាបាល អ្នកញៀនថ្នាំ ឬញៀនម្សៅញៀន។
ហ៊ុន សែន បន្ទោស​អ្នក​សេព​គ្រឿង​ញៀន ថា​«សប្បាយ​ជ្រុល»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 08, 2017
  • ប្រធានបទ: គ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសប្បាយជ្រុល រហូតដល់ចាញ់បោកជនជួញដូរគ្រឿងញៀន និងធ្លាក់ខ្លួនញៀនថ្នាំ មិនត្រឹមតែធ្វើឲ្យខូចខ្លួន របស់អ្នកញៀនថ្នាំនោះប៉ុណ្ណោះទេ តែថែមទាំងរំខាន ទៅដល់រដ្ឋាភិបាលនោះថែមទៀត។ នេះ បើតាមការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការថ្លែងមួយក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបទី១៥៤ នាព្រឹកថ្ងៃទី៨ ខែឧសភានេះ។

នៅចំពោះមន្ត្រីរាជការ និងពលរដ្ឋច្រើនសិបនាក់ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវចំពោះយុវជនយុវនារី និងមាតាបីតា (...) សុំគេសវេស និងជៀសវាងចំពោះបញ្ហាគ្រឿងញៀន។ គ្រឿងញៀន បានធ្វើឲ្យយើងពិបាក ដោយសារតែយុវជន ដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ គេក៏បានខូចខ្លួនប្រាណសម្រាប់គេ។ ប៉ុន្តែមួយផ្នែកទៀត រាជរដ្ឋាភិបាលក៏ត្រូវវិភាជ (បែងចែក) ថវិកាមួយចំនួន ដែលសម្រាប់ធ្លាប់យកទៅប្រើប្រាស់ នៅក្នុងគោលដៅនៃការអភិវឌ្ឍន៍ និងទិសដៅដទៃទៀត យកមកព្យាបាលគ្រឿងញៀន។ នេះ មិនគ្រាន់តែជាការរំខាន ទៅក្នុងគ្រួសារទេ តែវាបានរំខាន ទៅដល់ប្រទេសជាតិទាំងមូល។»។

នាយករដ្ឋមន្ត្រីកម្ពុជា ដែលទើបនឹងត្រឡប់ មកពីការព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យដ៏ទំនើបមួយ នៃប្រទេសសិង្ហបូរី បានអះអាងបន្តថា៖ «នេះ មិនមែនជាជំងឺអត់ឃ្លានទេ តែជាជំងឺដែលសប្បាយជ្រុល របស់យុវជន ដែលត្រូវចាញ់បោកគេ ជាពិសេសចាញ់បោក ចំពោះក្រុមលក់គ្រឿងញៀន»។

លោក ហ៊ុន សែន បានថ្លែងទៅកាន់ឪពុកម្ដាយ របស់យុវជនយុវនារី ដែលញៀនថ្នាំទាំងនោះ ថាកុំបន្ទោសការគ្រប់គ្រង របស់រដ្ឋាភិបាល និងគួរបន្ទោសខ្លួនឯងទៅវិញ។ លោកបានថ្លែងឡើងថា៖ «យើងគ្រប់គ្រង់កូនខ្លួនឯង តែបីនាក់មិនទាំងបានផង (...) ហើយមកស្ដីបន្ទោសឲ្យរដ្ឋាភិបាល ដែលគ្រប់គ្រង់ប្រជាពលរដ្ឋ រហូតទៅដល់១៥លាននាក់ វាមិនមែនជាការសមរម្យនោះទេ។ គួរស្ដីបន្ទោសខ្លួនឯង ដែលខ្វះការទទួលខុសត្រូវ ក្នុងការអប់រំកូនចៅ។»។

នៅក្នុងការថ្លែងរបស់លោក ហ៊ុន សែន លោកមិនបានបញ្ជាក់ផងទេ ថារដ្ឋាភិបាលរបស់លោក បានបង្ក្រាបការជួញដូរគ្រឿងញៀន ដល់កម្រិតណា ហើយថាតើគ្រឿងញៀនទាំងនោះ មានប្រភពចូលមកកម្ពុជា តាមច្រកណា ដោយរបៀបម៉េចនោះឡើយ។ យ៉ាងណា នៅក្នុងពេលកន្លងមក រដ្ឋាភិបាលរបស់លោក បានបង្ក្រាបករណីជួញដូរគ្រឿងញៀន បានជាច្រើនករណី ក្នុងនោះមានដោយ ទាំងកូនចៅមន្ត្រីធំៗ នៅក្នុងជួររដ្ឋាភិបាលនោះផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...