ក្លឹប​អ្នក​កាសែត​បរទេស ថ្កោល​ទោស​ការ​បង្ហោះ​អត្ត​សញ្ញាណ​អ្នក​សារព័ត៌មាន

ការបង្ហោះអត្តសញ្ញាណ របស់អ្នកសារព័ត៌មានម្នាក់ នៅលើគណនីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគ្មានការអនុញ្ញាត ខណៈអ្នកសារព័ត៌មានរូបនោះ មិនទាន់ត្រូវបានតុលាការកាត់ទោស ត្រូវបានក្លិបអ្នកកាសែតបរទេស ប្រកាសថ្កោលទោស នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច។
ក្លឹប​អ្នក​កាសែត​បរទេស ថ្កោល​ទោស​ការ​បង្ហោះ​អត្ត​សញ្ញាណ​អ្នក​សារព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ (រូបថត MONOROOM.info)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 24, 2017
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងទាមទារទៅរាល់សមាជិក របស់រដ្ឋាភិបាលកម្ពុជា នគរបាល និងរាល់បណ្ដាស្ថាប័នពាក់ព័ន្ធ ឲ្យធ្វើការលុបចោលជាបន្ទាន់ នូវព័ត៌មានស្ដីពីអត្តសញ្ញាណ របស់អ្នកសារព័ត៌មាន ចេញពីប្រព័ន្ធអ៊ិនធើណែត»។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់ក្លិបអ្នកកាសែតបរទេស នៅកម្ពុជា ដែលហៅជាភាសា​អង់គ្លេស «The Overseas Press Club of Cambodia» ចេញផ្សាយនៅមុននេះបន្តិច។

កាលពីរសៀលម្សិលម៉ិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះ​នៅលើ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក នូវរូបថតពីរ-បីសន្លឹក ក្នុងនោះមានពីរសន្លឹក ថតពីពាក្យបណ្ដឹងមួយច្បាប់ និងមួយសន្លឹកទៀត ថតពីលិខិតឆ្លងដែន របស់អ្នកសារព័ត៌មាន ជាតិកាណាដាមួយរូប មកពីសារព័ត៌មាន ខេមបូឌាដេលី។

លោករដ្ឋមន្ត្រី បានសរសេរ អមទៅនឹងរូបថត បង្ហោះ​ជាសាធារណៈ​ទាំង​នេះថា អ្នកកាសែត​ទាំងអស់ ត្រូវ«រៀន​ពីច្បាប់បោះឆ្នោត» និងពី​«ក្រមសីលធម៌» ក្នុងពេលបោះឆ្នោត ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាង ពីការចោទប្រកាន់នានា។

រីឯពាក្យបណ្ដឹងនោះ ត្រូវបានលោក រម៉ាម យួត មេឃុំមួយរូប មកពីគណបក្ស សម រង្ស៊ី រួមជាមួយអ្នកស្រុក ពីរនាក់ទៀត នៅក្នុងឃុំប៉ាតេ ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី ប្ដឹងឡើង​ទៅអភិបាលស្រុក ប្រឆាំង​នឹងអ្នកសារព័ត៌មាន​ពីររូប របស់​សារព័ត៌មាន​ខាងលើ គឺលោក «Zsombor Peter» ជាតិកាណាដា និងលោក អូន ភាព (អ្នកបកប្រែភាសា) ដោយចោទ​អ្នកសារព័ត៌មាន ថាបានចូលទៅក្នុងភូមិ «ក្នុងគោលបំណងមិនល្អ» បន្ទាប់ពីពួកគេ បានសាកសួរពលរដ្ឋ នៅក្នុងឃុំពីរឿងរ៉ាវ នៃការបោះឆ្នោត។

» អានអត្ថបទដែលទាក់ទង៖ ខៀវ កាញារីទ្ធ ប្រាប់​ឲ្យ​អ្នក​កាសែត​រៀន​ពី​ច្បាប់​បោះឆ្នោត

ការផ្សព្វផ្សាយអត្តសញ្ញាណ របស់អ្នកសារព័ត៌មានជាតិកាណាដា ពីសំណាក់លោក ខៀវ កាញារីទ្ធ ត្រូវបានប្រិយមិត្តរបស់លោក ប្រមាណជិត៥០នាក់ យកទៅចែករំលែក នៅលើបណ្ដាញសង្គម និងត្រូវបានសារព័ត៌មានខ្លះ យកទៅចុះផ្សាយបន្តថែមទៀត។ ក្នុងចំណោមប្រិយមិត្តទាំងនោះ គេសង្កេតឃើញមានលោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមួយរូបផង។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពន្យល់ពីទង្វើរបស់លោក​ ប្រាប់រយៈសារព័ត៌មាន ខេមបូឌាដេលី ក្នុងថ្ងៃនេះថា ការបង្ហោះនោះ គ្រាន់តែ «បង្ហាញថាករណីវាអញ្ចឹង»។

ក្លិបអ្នកកាសែតបរទេស បានហៅការបង្ហោះអត្តសញ្ញាណ របស់អ្នកសារព័ត៌មានខាងលើ ថាជា«ការបំភិតបំភ័យ» បានបង្កគ្រោះថ្នាក់ និងជាការបង្ខូចកេរ្តិ៍ឈ្មោះ ទៅលើរូបលោក «Zsombor Peter» ដោយផ្ទាល់។ ស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះ ទាមទារឲ្យធ្វើការលុបចោលជាបន្ទាន់ នូវទិន្នន័យទាំងឡាយ ដែលមានអត្តសញ្ញាណ របស់អ្នកសារព័ត៌មានខាងលើ ចេញពីប្រព័ន្ធអ៊ិនធើណែត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...