ផ្ទុះអាវុធនៅអាហ្វ្រិកកណ្ដាល សម្លាប់ទាហានមួកខៀវខ្មែរ៤នាក់
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៩ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 10, 2017
- ប្រធានបទ: បេសកកម្មសន្តិភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បេសកកម្មអង្គការសហប្រជាជាតិ ដើម្បីសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្ដាល (ហៅកាត់ថា «Minusca») មានទុក្ខយ៉ាងក្រៀមក្រំ ដោយសូមអះអាងថា ទាហាន៣នាក់ ពីក្នុងចំណោមទាហានបាត់ខ្លួនបួននាក់ ក្នុងការវាយប្រហារ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានស្លាប់។ ទាហានម្នាក់ទៀត នៅតែបាត់ដំណឹងសូន្យឈឹងនៅឡើយ។» នេះ បើតាមការអះអាងរបស់សេចក្ដីប្រកាសព័ត៌មានមួយ របស់ «Minusca» នៅរសៀលថ្ងៃទី៩ ខែឧសភា ច្រើនម៉ោងក្រោយការវាយប្រហារ។
ក្បួនរថយន្ដ របស់កងកម្លាំងវិស្វកម្ម មកពីប្រទេសកម្ពុជា អមដោយកងកម្លាំងការពារ ប្រដាប់ដោយអាវុធ មកពីប្រទេសម៉ារ៉ុកច្រើននាក់ បានវិលត្រឡប់ពី ក្រុង «Rafaï» ទៅកាន់ក្រុង «Bangassou» ដែលសុទ្ធសឹងជាក្រុង ស្ថិតនៅភាគខាងត្បូង តាមបណ្ដោយព្រំដែន ជាមួយប្រទេសកុងហ្គោ។ នៅវេលាម៉ោងជាង ២០ ពេលទៅដល់ភូមិមួយ ឈ្មោះ «Yogofongo» ប្រមាណជា២០គីឡូម៉ែត្រ ពីក្រុង «Bangassou» ក្បួនរថយន្ដកងកម្លាំងមួកខៀវទាំងនេះ បានធ្លាក់ក្នុងអន្ទាក់វាយឆ្មក់ដ៏សាហាវមួយ ពីសំណាក់ក្រុមឧទ្ទាម «anti-Balaka»។
ការផ្ទុះអាវុធបានកើតឡើង រវាងកងកម្លាំងទាំងសងខាង។ ហើយភ្លាមៗ ទាហានកម្ពុជាម្នាក់បានស្លាប់ ដោយសារគ្រាប់កាំភ្លើង នៅនឹងកន្លែង និងបួននាក់បានបាត់ខ្លួន រួមនឹងទាហានរបួស ៨នាក់ផ្សេងទៀត។ នេះ បើតាមការអះអាងរបស់សេចក្ដីប្រកាសព័ត៌មានដដែលនោះ (ដែលផ្ទុយពីព័ត៌មានមួយចំនួន ដែលនិយាយថា ទាហានកម្ពុជារងគ្រោះ បានស្លាប់ដោយការកាត់ក្បាល) ដោយបញ្ជាក់បន្ថែមថា ភាគីក្រុមឧទ្ទាម បានរងការខូចខាតខ្លាំងជាង (ទាហានឧទ្ទាម៨នាក់ បានស្លាប់ និងរងរបួសច្រើននាក់ទៀត)។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសដែរ កាលពីម្សិលម៉ិញ នៅក្នុងពិធីមួយក្នុងខេត្តត្បូងឃ្មុំ ថា កងទ័ពមួកខៀវកម្ពុជាម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត បានបាត់ខ្លួន ក្រោយរងការវាយប្រហារពីក្រុមឧទ្ទាម ក្នុងពេលកំពុងបំពេញបេសកកម្ម នៅប្រទេសអាហ្វ្រិកកណ្ដាល។ បើតាមលោកនាយរដ្ឋមន្ត្រី ទាហ៊ានខ្មែរដែលត្រូវបានសម្លាប់នោះឈ្មោះ អ៊ឹម សំ ជាពលបាលឯក មានស្រុកកំណើតនៅខេត្តសៀមរាប។
ប្រភពមួយ ដែលធ្វើការក្នុងបេសកកម្មអង្គការសហប្រជាជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិ «RFI» ប្រចាំទ្វីបអាហ្វ្រិក ឲ្យដឹងថា នៅក្រោយការវាយប្រហារ ទាហានមួកខៀវ៤នាក់បានបាត់ខ្លួន ក្នុងនោះ៣នាក់ជាទាហានកម្ពុជា ម្នាក់ជាទាហានម៉ារ៉ុក។ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី៩ ខែឧសភា គេបានរកឃើញទាហាន៣នាក់ ពីក្នុងចំណោមទាហាន៤នាក់នោះ បានស្លាប់ ខណៈម្នាក់ទៀត នៅបាត់ខ្លួននៅឡើយ។ ទាហានបីនាក់ ដែលទើបនឹងរកឃើញស្លាប់នេះ ទំនងជាទាហានវិស្វកម្មកម្ពុជាទាំងអស់។
អ្នកនាំពាក្យ «Minusca» លោក «Hervé Verhoosel» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «នេះ ជាការវាយប្រហារដ៏ខ្លាំងក្លា ជាងពេលណាទាំងអស់ ប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាព របស់ "Minusca"»។
គេនៅមិនទាន់ដឹងទេថា តើការវាយប្រហារនៅយប់ថ្ងៃចន្ទ ត្រូវបានធ្វើឡើង ក្រោមមូលហេតុអ្វីនៅឡើយ។
តាំងពីច្រើនខែមកហើយ អំពើហិង្សាជាច្រើន ក្នុងនោះមានការប្រឈមមុខ ដោយអាវុធ បានកើតឡើងយ៉ាងខ្លាំងក្លា នៅតំបន់ភាគខាងត្បូង នៃប្រទេសអាហ្វ្រិកកណ្ដាល បង្កឡើងដោយកងកម្លាំងឧទ្ទាម ជាច្រើនក្រុម ច្រើនបក្ខពួក (មានដូចជា ក្រុម "UPC" ក្រុម "anti-Balaka" និងក្រុមសេនាជនប្រចាំភូមិជាដើម)។ នៅក្នុងចំណោមការប្រឈមមុខ ដែលប្រដាប់ដោយអាវុធទាំងនោះ ជារឿយៗ កងកម្លាំងមួកខៀវរបស់អង្គការសហប្រជាជាតិ ត្រូវបានយកជាទិសដៅកំទេច ដោយហេតុថា ក្រុមឧទ្ទាមមួយ បានចោទកងកម្លាំងមួកខៀវ ថាបានលំអៀង ទៅក្រុមមួយទៀត។ ពេលខ្លះ ក្បួនរថយន្ដរបស់កងកម្លាំងមួកខៀវ បានរងការវាយប្រហារ ពីក្រុមសេនាជនប្រចាំភូមិ ក្នុងគោលបំណង ដើម្បីគ្រាន់តែប្លន់យកអាវុធ និងគ្រាប់កាំភ្លើងប៉ុណ្ណោះ។
ដោយឡែក ក្រុមឧទ្ទាម «anti-Balaka» មិនមែនជាក្រុមអ៊ីស្លាមនិយមជ្រុល ឬជាសាខាណាមួយ របស់ក្រុមរដ្ឋអ៊ីស្លាមទេ (ផ្ទុយពីការផ្សាយ របស់សារព័ត៌មានមួយចំនួន)។ ក្រុម «anti-Balaka» នៅខណៈនេះ មានលក្ខណៈជាកងសេនាជន នៅតាមតំបន់ស្រែចំការ ដែលត្រូវបានបង្កើតឡើង ដោយអ្នកស្រុកនៅទីនោះ ដើម្បីស្វ័យការពារតំបន់របស់ពួកគេ និងមានតែនៅក្នុងប្រទេសអាហ្វ្រិកកណ្ដាលប៉ុណ្ណោះ៕