«ប្រសិន​ជា ហ៊ុន សែន យក​ពេល​ដោះស្រាយ​រឿង​​ទឹកដី...»

ហេតុអ្វីក៏អ្នកលេងហ្វេសប៊ុក ជាតិយួន ប៉ុន្មាននាក់នោះ មានកិត្តិយសខ្លាំងសម្បើមម្លេះ រហូតត្រូវបាន​នាយក​រដ្ឋមន្ត្រី របស់​ជាតិ​ខ្មែរ​មួយ​ទាំងមូល យកពេលទៅធ្វើការឆ្លើយតប ម្ដងហើយម្ដងទៀត យ៉ាងដូច្នេះ? នេះជា​ចម្ងល់ លើក​ឡើង​ដោយ​លោក សួន សេរីរដ្ឋា ដោយចាក់ដោតចំ ទៅលើប្រតិកម្មរបស់លោក ហ៊ុន សែន តប​នឹង​ការ​បញ្ចេញ​មតិយោបល់ របស់អ្នកប្រើប្រាស់​បណ្ដាញសង្គម ដែលគេគិតថាជាជនជាតិយួន រហូតត្រូវ​បាន​ក្រសួង​​ការបរទេស​កម្ពុជា ចេញ​សេចក្ដី​ប្រកាស ចូល​​ពាក់ព័ន្ធ​បន្ថែម​ទៀត។
«ប្រសិន​ជា ហ៊ុន សែន យក​ពេល​ដោះស្រាយ​រឿង​​ទឹកដី...»
លោក ហ៊ុន សែន សម្លឹងមើលទូរស័ព្ទរបស់លោក នៅក្នុងអង្គប្រជុំ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 29, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឃ្លាដ៏ល្បី របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលលើកឡើងថា «ខ្ញុំមិនមែនជាអាយ៉ងវៀតណាម» នោះ បានទាក់ទាញចំណាប់អារម្មណ៍ របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ឲ្យធ្វើការ​«អស់​សំណើច» និងបរិហារសំណេររបស់លោក ហ៊ុន សែន ទាក់ទងនឹងឃ្លាខាងលើ ថាជា​«រឿងខ្ជីខ្ជា​ពេល​វេលា​របស់ នាយករដ្ឋមន្ត្រី»។

ឃ្លា «ខ្ញុំមិនមែនជាអាយ៉ងវៀតណាម» នេះ ត្រូវបានលោក ហ៊ុន សែន រំលឹកយកមកសរសេរយ៉ាងតិច ៤ដង​ហើយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅក្នុងរយៈពេល មិនដល់មួយខែស្រួលបួលផង។ លើក​ចុង​ក្រោយបំផុត គឺនៅយប់ថ្ងៃទី២៦ ចូលមកថ្ងៃទី២៧ ខែសីហា ដែលជាសំណេរ«ហួសប្រធានបទ»មួយ តប​ទៅ​នឹង​ការ​លើក​ឡើង របស់អ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះ «Nguyen Van Tai»។

បន្ទាប់ពីបានឆ្លើយតប ទៅនឹងការលើកឡើង របស់អ្នកប្រើប្រាស់បណ្ដាញសង្គមខាងលើនេះ ទាក់ទងនឹង​បញ្ហា​សមុទ្រ​ចិនខាងកើតរួច លោក ហ៊ុន សែន បានឆ្លៀតយកឃ្លា «ខ្ញុំមិនមែនជាអាយ៉ងវៀតណាម» មកបញ្ជាក់ជា​ថ្មី​ទៀត។ នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា៖ «ខ្ញុំជាមេដឹកនាំកម្ពុជា ដែលមានឯករាជ្យ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី ដែលស្មើភាព និងស្មើសិទ្ធិ ជាមួយប្រទេសទាំងអស់ រាប់ទាំង​ជាមួយ​នឹង​វៀតណាម​​ផង​ដែរ។ (...) ខ្ញុំមិនមែន​ជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាម លើបញ្ហាដែលជា​ផល​ប្រយោជន៍ របស់​វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ។»។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ថាលោក​មិន​មែន​ជា​«អាយ៉ង»វៀតណាម

សម្រាប់លោក សួន សេរីរដ្ឋា ដែលធ្លាប់ត្រូវលោក ហ៊ុន សែន ស្នើព្រះមហាក្សត្រ លើកលែងទោសឲ្យ​លោក​នេះ បានសម្ដែងចំងល់ថា៖ «ជនជាតិយួន អ្នកលេងហ្វេសបុក​ម្នាក់នោះ អីក៏មានកិត្តិយសខ្លាំងម្លេះ ដែលមាន​នាយករដ្ឋមន្ត្រី នៃប្រទេសមួយ ខិតខំយកពេលវេលា ទៅឆ្លើយឆ្លងតាមរយៈ ហ្វេសបុក ហើយសូម្បីតែ​ក្រសួង​ការបរទេស ក៏ខិតខំចេញលិខិតជួយបន្ទរដែរនោះ?»។

ប្រធានគណបក្សអំណាចខ្មែរ បានពន្យល់ថា៖ «បើលោក ហ៊ុន សែន និងរដ្ឋាភិបាល របស់លោក (...) ពិត​ជា​មាន​ជំហរ​ច្បាស់លាស់ការពារនូវទឹកដី អធិបតីភាព បូរណភាព នៃប្រទេសខ្មែរ ប្រឆាំងនឹងការឈ្លានពាន​របស់​យួន ដែលកំពុងរំលោភឈ្លានពាន នាពេលបច្ចុប្បន្ននេះ លោក ហ៊ុន សែន និងរដ្ឋាភិបាលនេះ ត្រូវហ៊ាន​ប្រតិកម្ម​តបតរ​ជាមួយមេដឹកនាំយួន ក្រុងហាណូយ ដោយប្រើច្បាប់ និងតុលាការអន្តរជាតិ។»។

លោក សេរីរដ្ឋា បានបន្តទៀតថា លោក ហ៊ុន សែន មិនត្រូវប្រើហ្វេសបុក​របស់ខ្លួន ទៅចំណាយពេលវេលា​ឆ្លើយ​ឆ្លង ជាមួយនឹងជនជាតិយួនម្នាក់ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ដើម្បីលាងជំរះខ្លួនឲ្យផុត ពីការ​សង្ស័យ​ថា៖ «ខ្លួនជាអាយ៉ងរបស់ យួន» នោះទេ។

ក្នុងរយៈពេលចុងក្រោយនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ដែលគេគិតថាជា ជនជាតិវៀតណាម បានចូលមកបញ្ចេញមតិយោបល់ នៅលើទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងចំណោមម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងនោះ មានម្ចាស់គណនីខ្លះ បានចេញមកនិយាយរួច ក៏ស្រាប់តែបាត់ខ្លួន ឬគណនី​ហ្វេសប៊ុក​នោះ ត្រូវបានបិតរកទាក់ទងមិនបានទៅវិញ។

ប្រធានគណបក្សអំណាចខ្មែរ បានបន្តចំអក​ឲ្យ​លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដូច្នេះថា៖ «តើ​នរណា​អាចដឹងថា Account ហ្វេសបុករបស់​ជនជាតិ​យួន ដែលលោក ហ៊ុន សែន កំពុងឆ្លើយឆ្លងនោះជា Account ខ្មោច ឬក៏ក៏ជា Account មនុស្ស​ពិត​ប្រាកដ? ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន មានយួន និង​មាន​អ្នក​ចេះ​ភាសាយួនច្រើនណាស់។ ចុះបើពួកនេះបង្កើត Account ក្លែងក្លាយ ១ ឬ ២ ដើម្បីលេង​ល្ខោន​ ដើម្បី​បោកពលរដ្ឋខ្មែរវិញ នោះ តើនណាដឹង?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...