រៀលម៉ាឌ្រីត វិលមកវិញ ឲ្យមេរៀនឲ្យក្រុមប៉ារីស ៣-១
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 15, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានរកគ្រាប់បាល់ បានមួយគ្រាប់មុន (នាទីទី៣៣) ក៏ដោយ តែក្រុមប៉ារីស នៅមានចំណុចខ្វះខាតជាច្រើន ដើម្បីយកឈ្នះក្រុមរៀលម៉ាឌ្រីត (Real Madrid) ដែលកាន់កាប់តំណែង ជាជើងឯកអ៊ឺរ៉ុប «Champions League» នៅក្នុងដៃ និងដែលពោរពេញ ដោយបទពិសោធន៍នោះឡើយ។
កង្វះបទពិសោធន៍ បានបង្ហាញយ៉ាងច្បាស់ នៅក្នុងបរាជ័យរបស់ក្រុម ប៉ារីស នៅក្នុងការប្រកួតដ៏ធំមួយនេះ។ ក្រុម រៀល រកបានគ្រាប់បាល់ស្មើមកវិញ នៅនាទីចុងក្រោយ ដោយសារកីឡាករ «Lo Celso» របស់ក្រុមប៉ារីស បានយកដៃទាញកីឡាករ «Kroos» របស់ក្រុម រៀល បណ្ដាលឲ្យអាជ្ញាកណ្ដាល ផ្លុំកញ្ចែពិន័យ ឲ្យកីឡាករ រ៉ូណាល់ដូ (Cristiano Ronaldo) ទាត់បាល់១១ម៉ែត្រ។
បន្ទាប់មកទៀត ពីរគ្រាប់ចុងក្រោយរបស់ក្រុមរៀល រកបាននៅចុងបញ្ចប់នៃការប្រកួត (នាទីទី៨៣ និងនាទីទី៨៦) បង្ហាញថា ក្រុមប៉ារីសបាត់ការផ្ចង់អារម្មណ៍ នៅក្នុងការប្រកួត ឬអាចជាកំហុស មកពីជម្រើសរបស់គ្រូបង្វឹក របស់ក្រុមប៉ារីស ដែលធ្វើការផ្លាស់ប្ដូរខ្សែប្រយុទ្ធ គឺកីឡាករ កាវ៉ានី (Edinson Cavani) ដាក់ខ្សែការពារ កីឡាករ មើនញ៉េ (Thomas Meunier) ចូលទាត់ជំនួសវិញ។
តែបើទោះជាក្រុមរៀល បានឈ្នះនៅក្នុងការប្រកួតលើកនេះក៏ដោយ តែនៅសល់ការប្រកួត«ត្រឡប់»ម្ដងទៀត ដែលត្រូវធ្វើ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលជាផ្ទះរបស់ក្រុមប៉ារីស នៅក្នុងបីសប្ដាហ៍ខាងមុខ។ ដើម្បីអាចឡើងទៅវគ្គខាងលើបាន ក្រុមប៉ារីស ចាំបាច់ត្រូវដកបទពិសោធន៍ ពីកំហុសរបស់ខ្លួន នៅក្នុងការប្រកួតលើកនេះ ហើយត្រូវរកគ្រាប់បាល់ ឲ្យបានច្រើនយ៉ាងហោច ២គ្រាប់នាំមុខ ក្រុមរៀល៕
» ទស្សនាឡើងវិញ ពីការសង្ខេបនៃការប្រកួតនេះ៖