ក្រុមណាប៉ូលី តែង​តាំង​លោក​បេនីតេស ជា​គ្រូ​បង្វឹក​ថ្មី​ជា​ផ្លូវការ

បុរសសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំ ធ្លាប់មានបទពិសោធន៏ក្នុងក្របខ័ណ្ឌស៊េរីអេម្តងរួចមកហើយ ជាមួយនឹងការឈឺចាប់ កាលពីគាត់ដឹកនាំក្រុមអ៊ីនធឺ មីឡាន (Inter Milan) ដោយពុំទទួលបានលទ្ធផលល្អសោះ។ ប៉ុន្តែគ្រូបង្វឹករូបនេះ ត្រូវបានម្ចាស់ក្លឹបណាប៉ូលី លោកអូរ៉េលីយ៉ូ ដេឡូរ៉ិនធីស (Aurelio De Laurentiis) ពេញចិត្តយ៉ាងខ្លាំង និងជឿថាគ្រូបង្វឹករូបនេះ ប្រាកដជាអាចជួយក្លឹបរបស់គាត់ ឲ្យទទួលជោគជ័យបាននាពេលខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោករ៉ាហ្វាអែល បេនីតេស (Rafael Benitez) ត្រូវបានក្រុមបាល់នៅក្របខ័ណ្ឌស៊េរីអេ (Serie A) ណាប៉ូលី (Napoli) យល់​ព្រមតែងតាំងជាគ្រូបង្វឹកជាផ្លូវការហើយ នេះបើតាមសេចក្ដីរាយការណ៏ របស់កាសែតប៊ីប៊ីស៊ី (BBC)។


លោករ៉ាហ្វាអែល បេនីតេស តវ៉ាទៅអ្នកទទួលខុសត្រូវ សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ក្នុងពេលប្រកួត។ (រូបថត AFP)

បុរសសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំ ធ្លាប់មានបទពិសោធន៏ក្នុងក្របខ័ណ្ឌស៊េរីអេម្តងរួចមកហើយ ជាមួយនឹងការឈឺចាប់ កាលពីគាត់ដឹកនាំក្រុមអ៊ីនធឺ មីឡាន (Inter Milan) ដោយពុំទទួលបានលទ្ធផលល្អសោះ។ ប៉ុន្តែគ្រូបង្វឹករូបនេះ ត្រូវបាន​ម្ចាស់ក្លឹបណាប៉ូលី លោកអូរ៉េលីយ៉ូ ដេឡូរ៉ិនធីស (Aurelio De Laurentiis) ពេញចិត្តយ៉ាងខ្លាំង និងជឿថាគ្រូបង្វឹករូបនេះ ប្រាកដជាអាចជួយក្លឹបរបស់គាត់ ឲ្យទទួលជោគជ័យបាននាពេលខាងមុខ។

លោកដេឡូរ៉ិនធីស ដែលក្រុមរបស់គាត់បញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងរដូវកាលនេះ បាននិយាយថា «រ៉ាហ្វាអែល បេនីតេសជាគ្រូបង្វឹកថ្មីក្រុមណាប៉ូលី។ គាត់ជាបុរសដែលមានបទពិសោធន៏ច្រើន ហើយក៏ជាអ្នកដឹកនាំពិតប្រាកដដែរ។»

បេនីតេស ដែលធ្លាប់បានក្រុមបាល់ទាត់ ម្ចាស់ជើងឯកប្រទេសបារាំងប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ទាក់ទង​ដែរនោះ បានទទួលភាពជោគជ័យយ៉ាងខ្លាំង កំឡុងពេលដែលលោកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ននៅក្រុមឆែលស៊ី (Chelsea) ពោលគឺបានជួយឲ្យឆែលស៊ី បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៣ និងឈ្នះពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ទៀតផង។

ទោះបីជាគាត់មានស្នាដៃយ៉ាងល្អដូចនោះក្តី ក៏គាត់មិនអាចទទួលបានការពេញចិត្តពីម្ចាស់ក្លឹប និងអ្នកគាំទ្រ​របស់ក្រុម​ឆែលស៊ីដែរ ខណៈដែលពួកគេចង់បានតែលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលនាំការបរាជ័យយ៉ាងអាម៉ាស់ទៅឲ្យ​ក្រុមរៀលម៉ាឌ្រីដ (Real Madrid) នោះ ជាគ្រូបង្វឹកពិតប្រាកដរបស់គេ។

លោកបេនីតេស បានចុះកិច្ចសន្យារយះពេល២ឆ្នាំ ជាមួយនឹងក្រុមអ៊ីតាលីមួយនេះ និងទទួលបានថ្លៃឈ្នួលប្រចាំឆ្នាំ​ប្រមាណ ៣.៥លានអ៊ឺរ៉ូ។

ការងារដំបូងរបស់អតីតគ្រូបង្វឹកក្រុមហង្សក្រហមលីវើភូល (Liverpool) រូបនេះ ជាមួយនឹងក្រុមណាប៉ូលី នឹងព្យាយាម​បញ្ចុះបញ្ចូលខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេ អេឌីសិន កាវ៉ានី (Edinson Cavani) ឲ្យនៅបន្តជាមួយក្លឹប។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ បានរកគ្រាប់បាល់បញ្ចូលទីបាន២៩គ្រាប់ ក្នុងរដូវកាលនេះ ខណៈដែលក្លឹបធំៗនៅអ៊ឺរ៉ុប កំពុងតែចាប់អារម្មណ៏យ៉ាងខ្លាំង ក្នុងនោះមានក្រុមរៀលម៉ាឌ្រីដ និងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ចង់បាន​កីឡាកររូបនេះខ្លាំងជាងគេ។

គួររំឭកថា លោករ៉ាហ្វាអែល បេនីតេស ធ្លាប់ដឹកនាំក្រុមវ៉ាឡិនស៊ៀ (Valencia) ឲ្យឈ្នះពានរង្វាន់លីកកំពូល​អេស្ប៉ាញ​ចំនួន​២លើក និងពានរង្វាន់អ៊ឺរ៉ូផាលីក១លើក ខណៈដែលគាត់បានដឹកនាំក្រុមលីវើភូល ឲ្យឈ្នះពានរង្វាន់កំពូលរបស់​អ៊ឺរ៉ុប ឆែមពានលីក (Champions League) កាលពីឆ្នាំ២០០៥៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...