Europa League៖ កាំភ្លើងធំ ជួប អាត្លេទីកូ ខណៈ ម៉ាសីយ៍ ជួប សាលស្បួរ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មេសា ២០១៨
- កែប្រែចុងក្រោយ: April 13, 2018
- ប្រធានបទ: ជើងឯករងអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វគ្គ១ភាគ២ ជាការប្រកួត ដើម្បីឈានទៅរកការប្រកួតផ្ដាច់ព្រ័ត្រ ហើយការចាប់គូប្រកួត រវាងក្រុមចុងក្រោយ ទាំងបួន បានចេញជាលទ្ធផលហើយ នៅក្នុងពិធីចាប់ឆ្នោត ដែលប្រព្រឹត្តិទៅ ការិយាល័យកណ្ដាល របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ក្នុងក្រុង នីយ៉ុង (Nyon) ប្រទេសស្វីស។
វាក៏ជាការប្រកួត ដែលគេទន្ទឹងរង់ចាំ អស់រយៈពេល ជាយូរមកហើយនោះដែរ។ ក្រុមអាសឺណល (Arsenal - អង់គ្លេស) ឬក្រុមកាំភ្លើងធំ នឹងត្រូវជួបជាមួយ ក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atletico Madrid - អេស្ប៉ាញ) ខណៈក្រុម ម៉ាសីយ៍ (Olympic de Marseille - បារាំង) នឹងជួបជាមួយក្រុម សាលស្បួរ (Red Bull Salzbourg - អូទ្រីស)។
ការប្រកួត «ទៅ» រវាងគូប្រកួតទាំងពីរ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែមេសាខាងមុខ រីឯការប្រកួត «ត្រឡប់» នឹងប្រព្រឹត្តិទៅ នៅមួយសប្ដាហ៍ក្រោយ គឺថ្ងៃទី៣ ខែឧសភា។ តែម៉ោងប្រកួត នៅមិនទាន់កំណត់ឲ្យដឹង នៅឡើយ។
ក្រុមពីរ ដែលឈ្នះ ពីការប្រកួតវគ្គនេះ នឹងត្រូវឡើង ទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៦ ខែឧសភា ក្នុងកីឡដ្ឋាន «Parc Olympique Lyonnais» នៃក្រុង លីយ៉ុង ប្រទេសបារាំង៕