វៀតណាម៖ អ្នកគាំទ្រម្នាក់ រត់​តាម​រថយន្ត​ក្រុង​របស់​ក្រុម​អាសិណល ជាង​១៥​នាទី

អ្នកគាំទ្រក្រុមកាំភ្លើងធំ អាសិណល (Arsenal) សញ្ជាតិវៀតណាមម្នាក់ បានរត់តាមរថយន្តក្រុងរបស់ក្រុមអាសិណល ជាង១៥នាទី ក្នុងចម្ងាយប្រហែល៥គីឡូម៉ែត្រ ដើម្បីចង់ជួបផ្ទាល់ជាមួយវីរបុរសរបស់ខ្លួន និងក្រុមសំណព្វចិត្តរបស់គាត់ ដែលធ្វើគ្រូបង្វឹក និងកីឡាករទាំងអស់នៅក្នុងរថយន្ត មានការស្ងើចសរសើរពីឆន្ទះរបស់យុវជនម្នាក់នោះយ៉ាងខ្លាំង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកគាំទ្រក្រុមកាំភ្លើងធំ អាសិណល (Arsenal) សញ្ជាតិវៀតណាមម្នាក់ បានរត់តាមរថយន្តក្រុងរបស់ក្រុមអាសិណល ជាង១៥នាទី ក្នុងចម្ងាយប្រហែល៥គីឡូម៉ែត្រ ដើម្បីចង់ជួបផ្ទាល់ជាមួយវីរបុរសរបស់ខ្លួន និងក្រុមសំណព្វចិត្តរបស់គាត់ ដែលធ្វើគ្រូបង្វឹក និងកីឡាករទាំងអស់នៅក្នុងរថយន្ត មានការស្ងើចសរសើរពីឆន្ទះរបស់យុវជនម្នាក់នោះយ៉ាងខ្លាំង។


បុរសជនជាតិវៀតណាម ដែលរត់តាមរថយន្ដក្រុងនៃក្រុមអាសឺណល បានឡើងទៅលើឡាននិងថតរូបជាមួយកីឡាករ។ (រូបថត arsenalinsider.com)

ខណៈដែលរថយន្តក្រុងក្រុមអាសិណល ធ្វើដំណើរមកដល់ទីក្រុងហាណូយ មានអ្នកគាំទ្រជាច្រើនចលាចល​ចង់ជួប​កីឡាករផ្ទាល់ ដែលមានអ្នកខ្លះជិះម៉ូតូតាម អ្នកខ្លះជិះកង់ អ្នកខ្លះក៏ស្ម័គ្រចិត្តរត់តាមរថយន្តក្រុងនោះ។

ប៉ុន្តែអ្វីដែលធ្វើឲ្យកីឡាករក្រុមអាសិណលទាំងអស់មានការភ្ញាក់ផ្អើលនោះគឺ មានយុវជនម្នាក់រត់​តាមរថយន្ត​រហូតដល់​ទៅ​ជាង១៥នាទី។ ឃើញដូចនោះ កីឡាករក្រុមអាសិណល និងបុគ្គលិកការងារក្រុមទាំងអស់ ស្រែកហ៊ោរបែបកំប្លែងលេងថា «ទិញគាត់!» «ទិញគាត់!»។ ហើយកីឡាករខ្លះស្រែកចំអន់គ្នាលេងថា «ទិញគាត់! គាត់ល្អជាង អារ៉ុន រ៉ាំសី (Aaron Ramsey - ខ្សែបម្រើក្រុមអាសិណល)»។

បន្ទាប់ពីរត់តែម្នាក់ឯងជាង១៥នាទីរួចមក មានម៉ូតូមួយគ្រឿងមកជួយឌុបគាត់។ ហើយភ្លាមៗនោះកីឡាករ​ក្រុម​អាសិណល​ទាំងអស់ សំណូមពរឲ្យអញ្ជើញអ្នកគាំទ្ររូបនោះ ឡើងមកលើរថយន្តក្រុង ដើម្បីធ្វើការថតរូប នឹងចុះហត្ថលេខា​លើ​អាវ​ឲ្យ។

ខ្សែប្រយុទ្ធ អូលីវីយើ ជីរ៉ូដ (Olivier Giroud) បានទាញទូរស័ព្ទដៃរបស់គាត់ មកថតរូបភាពជាមួយអ្នកគាំទ្ររូបនោះមុនគេ ហើយគាត់បានបង្ហាញនៅលើគណនីយ ហ្វេសប៊ុក (Facebook) របស់គាត់ថា «អ្នកគាំទ្រ រត់តាមរថយន្តជាង១៥នាទី»។

បន្ទាប់មកទៀត យុវជនរូបនោះ បានថតរូបជាមួយកីឡាករជាច្រើននៅលើរថយន្តក្រុង បូករួមទាំងគ្រូបង្វឹកលោកអាសិង វ៉ិងកឺ (Arsene Wenger) ក៏បានថតរូប និងចុះហត្ថលេខាឲ្យអ្នកគាំទ្រដ៏អស្ចារ្យម្នាក់នោះដែរ។

អាសិណល ប្រកួតមិត្តភាពបើកឆាកដំបូង បានបំបាក់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ៧-០ ហើយនឹងត្រូវប៉ះ​ក្រុមជម្រើសជាតិវៀតណាម នៅក្នុងកីឡាដ្ឋានជាតិមីឌិញ (My Dinh National Stadium) នាយប់ថ្ងៃពុធនេះ វេលាម៉ោង​០៧៖០០ (នៅវៀតណាម)។

ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏មួយនេះ នឹងត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសជប៉ុន ដើម្បីប្រកួត​ជា​មួយក្រុម ណាហ្គូយ៉ា ហ្រ្គាមផឺស (Nagoya Grampus) នៅថ្ងៃទី២២ ខែកក្កដា និងត្រូវប្រកួតចុងក្រោយ​នៅតំបន់​អាស៊ី​ជា​មួយក្រុម យូរ៉ាវ៉ា រ៉ែដដាយម៉ុន (Urawa Red Diamonds) នៅ៤ថ្ងៃបន្ទាប់៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...