កឹម សុខា៖ មិនដែលឃើញរដ្ឋាភិបាលប្រើច្បាប់អន្តោប្រវេសន៍ លើជនជាតិវៀតណាម
ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា បច្ចុប្បន្នមិនបានរឹតបណ្តឹង ដើម្បីអនុវត្តទៅលើជនអន្តោប្រវេសន៍ ដែលជាជនជាតិវៀតណាមនោះឡើយ។
បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។
លោក កឹម សុខា បានថ្លែងនៅក្នុងកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រ ឆ្នាំ២០១៣ ក្រោមការរៀបចំរបស់វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យសម្រាប់កិច្ចការ អន្តរជាតិ(NDI) ដោយមានការចូលរួមពីគណបក្សចំនួនបី គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថា លំហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម ស្របច្បាប់ និងខុសច្បាប់មកកម្ពុជា ជិត៣០ឆ្នាំមកនេះ នៅតែបន្តកើនឡើង ដោយមិនមានច្បាប់គ្រប់គ្រងឡើយ ហើយកម្ពុជាអនុវត្តច្បាប់នេះ តែចំពោះប្រទេសផ្សេងប៉ុណ្ណោះ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «យើងមិនដែលឃើញរដ្ឋាភិបាលយកច្បាប់អន្តោប្រវេសន៍ យកទៅអនុវត្តន៍ ដើម្បីបញ្ជូនជនវៀតណាមណាម្នាក់ ទៅស្រុកវិញ ឬក៏យកទៅផ្តន្ទាទោសតាមច្បាប់ឡើយ»។
លោកបានថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ការដែលជនជាតិវៀតណាមហូរចូលមកកម្បុជា គឺដោយសារដ្ឋាភិបាលពុំបានអនុវត្តច្បាប់ ។ លោកបានថ្លែងឲ្យដឹងថា ៖«បើសិនជាមានការអនុវត្តច្បាប់ គឺច្បាស់ជាពុំមានជនជាតិវៀតណាមហូរចូលបានទេ»។
លោក សួស វិរៈ ដែលបានចូលរួមស្តាប់កម្មវិធីឃោសនានយោបាយបាន ឲ្យដឹងថា អ្វីដែលគណបក្សប្រជាជនកម្ពុជាលើកឡើង ពាក់ព័ន្ធនឹងលំហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម ថាមិនមានសិទ្ធិក្នុងការហាមឃាត់នោះ គឺជាទង្វើរមួយដែលមិនអាចទទួលយកបាន។ លោកបានឲ្យដឹងថា ៖«គាត់ថា គេចូលមក គាត់មិនអាចហាមឃាត់គេបានទេ ចុះហេតុអ្វីក៏ពុំយកច្បាប់មកអនុវត្តន៍ រឺមួយក៏ខ្លាចមិនហ៊ានប៉ះពាល់ជនជាតិវៀតណាម»។
លោកបានពន្យល់ថា ជនជាតិវៀតណាមមួយចំនួននៅកម្ពុជា មានសិទ្ធិលើសពីពលរដ្ឋកម្ពុជា ដោយខ្លះមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែពលរដ្ឋខ្មែរខ្លះ ពុំមានអត្តសញ្ញាណប័ណ្ណដោយសារពុំមានលុយសូកអាជ្ញាធរ។ លោកបានបន្ថែមថា៖ «យើងឃើញជាក់ស្តែង ពលរដ្ឋយើងទៅធ្វើកានៅក្រៅប្រទេស ពេលត្រឡប់មកវិញបាត់សិទ្ធិបោះឆ្នោត តែជនជាតិវៀតណាមបែរជាមានសិទ្ធិបោះឆ្នោត»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បដិសេធចំពោះការលើកឡើងនោះដោយលោក ស្រីបានឲ្យដឹងថា នោះគឺជាការលើកឡើងរបស់គេ ហើយវាគឺជាសិទ្ធិរបស់គាត់។ លោកស្រីបានឲ្យដឹងទៀតថា ៖«វាជាសិទ្ធិរបស់គាត់ ពេលណាគាត់និយាយអស់ចិត្ត គឺគាត់ឈប់និយាយហើយ ប្រទេសមានច្បាប់»។
សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា២០១៣ ក្នុងពិធីសម្ពោធអាគារសិក្សា នៅស្រុកអង្គស្នួល ខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា គ្មានវត្តមានជនជាតិវៀតណាម រហូតដល់៤លាន៥សែននាក់នៅកម្ពុជា ដូចដែលគណបក្សប្រឆាំងនោះទេ គឺមានមិនដល់១០ម៉ឺននាក់ផង។
ហើយទាក់ទិននៅនិងការលើកឡើងនោះ កាលពីថ្ងៃទី២០ ខែមិថុនា ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ ដែលជាបេក្ខជនតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដាក់ពាក្យបណ្តឹងទៅ សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងបន្លំឯកសារសាធារណៈ ប៉ុន្តែបណ្តឹងនោះ ត្រូវបានសាលាឧទ្ទរណ៍បដិសេធ ពុំទទួលពាក្យបណ្តឹងឡើយ។
យោងតាមច្បាប់អន្តោប្រវេសន៍ក្នុងមាត្រាទី២៩ បានឲ្យដឹងថា ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកក្នុងប្រទេសកម្ពជា ដោយលួចលាក់ បន្លំ រឺ ដោយល្បិចផ្សេងទៀត ដែលផ្ទុយនិងបញ្ញាត្តិនៃច្បាប់ ត្រូវផ្តន្ទាទោសដាក់គុកពី ៣ ខែដល់៦ ខែ និងត្រូវបណ្តេញចេញ។ ត្រូវផ្តន្ទាទោសដូចគ្នានិងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ រឺជួយលាក់បាំងក្នុងការបញ្ជូនជនបរទេស ដែលគ្មានការអនុញ្ញាត មកក្នុងព្រះរាជណាចក្រកម្ពុជា។ មន្ត្រីរឺភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត រឺជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់គុកពី៦ ខែ ដល់ ១ឆ្នាំ៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ