ទ្រង់ រណឫទ្ធិ៖ ការតែងតាំងសេដ្ឋីចិនជាអនុប្រធានហ្វ៊ុនស៊ីនប៉ិច មិនអាចធ្វើទៅរួច
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មករា ២០១៨
- កែប្រែចុងក្រោយ: January 16, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីចុងឆ្នាំកន្លងទៅ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នៅឯវិមានរដ្ឋសភាជាតិ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានមានបន្ទូលថា ការតែងតាំងជនជាតិចិន ជាទីប្រឹក្សា ឬជាអនុប្រធានគណបក្ស ហ្វុនស៊ីនប៉ិច គឺអាស្រ័យទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកសម្រេច ខណៈព្រះអង្គបានត្រឹមបញ្ជូនឈ្មោះទៅ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅពេលនេះ ឮថា«មិនបានទេ»។
បន្ទូលរបស់ទ្រង់ បានធ្វើឡើងស្របនឹងដំណឹងមួយ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «រស្មីកម្ពុជា» មកបញ្ជាក់ពីគម្រោងតែងតាំង សេដ្ឋីចិនមួយរូប ឈ្មោះ ចាក់គី សែ (Jack Ki se) ឲ្យឡើងមកកាន់តំណែង ជាអនុប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច។
សារព័ត៌មាននេះ បានចុះផ្សាយថា៖ «សមាជិកជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ម្នាក់បានប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី ១៣ ខែមករាថា សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងលោក "Jack Ki Se" ដែលជាជនជាតិចិន ឲ្យធ្វើជាអនុប្រធានគណបក្ស ហ្វ៊ុនស៊ីនប៉ិច»។
ក្រោយការចុះផ្សាយ របស់សារព័ត៌មាននេះ ប្រតិកម្មជាច្រើនបានផ្ទុះឡើង ដោយចោទប្រកាន់ការតែងតាំងនេះ ថាបានខុសទៅនឹងច្បាប់កម្ពុជា ស្ដីពីគណបក្សនយោបាយ ដែលទើបនឹងត្រូវបានធ្វើវិសោធនកម្ម ម្ដងជាពីរដង ដោយក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា។ ប្រតិកម្មខ្លះ ដែលចេញពីមន្ត្រីគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យក្រសួងមហាផ្ទៃចាត់វិធានការ ទៅលើគណបក្សហ្វុនស៊ីនប៉ិច និងបានបរិហារ ពីការអនុវត្តន៍ច្បាប់ ដែលមានលក្ខណៈលំអៀង បែប«ច្បាប់មួយ តែការអនុវត្តន៍ពីរប្រភេទ» របស់អាជ្ញាធររដ្ឋាភិបាលកម្ពុជា។
នៅចំពោះសំណួររបស់អ្នកកាសែត ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានមានបន្ទូលនៅថ្ងៃទី១៥ ខែមករា ក្នុងវិមានរដ្ឋសភាជាតិថា៖ «ខ្ញុំបានឮអំពីរឿងនេះ។ វាមិនអាចទៅរួចទេ។ យើងមិនអាចតែងតាំង [នរណាម្នាក់] បានទេ លុះត្រាតែគាត់ជាពលរដ្ឋកម្ពុជា។»។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ក៏បានថ្លែងបដិសេធ ពីការតែងតាំងនេះដែរ តែបានបញ្ជាក់បន្ថែមថា សេដ្ឋីចិន ឈ្មោះ ចាក់គី សែ នោះ គ្រាន់តែជាទីប្រឹក្សាសេដ្ឋកិច្ច «យូរមកហើយ» របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាប្រធានគណបក្សតែប៉ុណ្ណោះ៕