ក្រុម​អ្នក​រិះគន់​ភ្ជាប់​ការ​យក​ចិន​ជា​បង្អែក ទៅ​នឹង​របប​ប៉ុលពត

ក្រុមអ្នករិះគន់ រួមមានទាំងមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលផង បាននាំគ្នាលើកឡើង ជាបន្តបន្ទាប់ ទៅនឹងទង្វើរបស់រដ្ឋាភិបាលខ្មែរ ដែលកំពុងយកចិនកុម្មុយនីស្ដ មកធ្វើជាខ្នងបង្អែក នៃនយោបាយក្នុងប្រទេសរបស់ខ្លួន។ ពួកគេទាំងនោះ បានភ្ជាប់ករណីនេះ ទៅនឹងគំរូដែលកម្ពុជាធ្លាប់ឆ្លងកាត់ នៅក្នុងសម័យកាលខ្មែរក្រហម ដែលទទួលបានការគាំទ្រដ៏សម្បើម ពីប្រទេសចិន។
ក្រុម​អ្នក​រិះគន់​ភ្ជាប់​ការ​យក​ចិន​ជា​បង្អែក ទៅ​នឹង​របប​ប៉ុលពត
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីងភីង ប្រធានាធិបតីចិន។ (រូបថត Xinhua)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 01, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នយោបាយយកចិនជាបង្អែក របស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានទទួលរងនូវប្រតិកម្មខ្លាំងក្លា និងជាបន្តបន្ទាប់ ពីសំណាក់មន្ត្រី​គណបក្សប្រឆាំង និងអ្នកឃ្លាំមើលជាច្រើន។ ប្រតិកម្មទាំងនោះ បានពន្យល់ពីគុណវិបត្តិ នៃនយោបាយការបរទេសកម្ពុជា ដែលលំអៀងខ្លាំង ទៅរកចិន នាពេលនេះ ថាមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងរបបវាលពិឃាត ប្រល័យពូជសាសន៍ខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។

អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស លោក អេង ឆៃអ៊ាង បានរៀបរាប់ឡើងថា បក្សកុម្មុយនីស្តចិន បានធ្វើជាខ្នងបង្អែក ក្នុងរបបខ្មែរក្រហម សំរាប់លោក ប៉ុល ពត ដឹកនាំប្រទេសកម្ពុជា។ លោក ឆៃអ៊ាង បន្តថា៖ «ពេលនោះ ប្រជាពលរដ្ឋខ្មែរទាំងមូល រស់ក្នុងភាពជាទាសករ ហើយប្រជាពលរដ្ឋខ្មែរ ប្រមាណពីរលាននាក់ ត្រូវរដ្ឋអំណាចខ្មែរក្រហមសម្លាប់»។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានភ្ជាប់ករណីខាងលើ មករបបដឹកនាំកម្ពុជា សព្វថ្ងៃថា៖ «ឥឡូវនេះ បក្សកុម្មុយនីស្តចិន បានសន្យានឹងធ្វើជាខ្នងបង្អែក សំរាប់លោក ហ៊ុន សែន ក្នុងការបន្តដឹកនាំកម្ពុជា បន្ទាប់ពីកម្ចាត់បក្សប្រឆាំង ពីទីលាននយោបាយកម្ពុជា។ តើប្រជាពលរដ្ឋខ្មែរ នឹងទទួលផលបែបណា?»។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកានេះ ប្រទេសចិនកុម្មុយនីស្ដ តាមរយៈលោក សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិចិន បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងធ្វើទស្សនកិច្ច ក្នុងប្រទេសចិនថា ថ្នាក់ដឹកនាំកំពូលៗ នៃគណៈកម្មាធិការ មជ្ឈិមបក្សកម្មុយនីស្តចិន នឹងធ្វើជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរដ្ឋាភិបាល និងប្រទេសកម្ពុជា ក្នុងរយៈពេលយូរអង្វែង តទៅមុខទៀត។

ការងាកទៅរកប្រទេសចិនកុម្មុុយនីស្ដ បានធ្វើឡើង នៅបន្ទាប់ពីការផ្ទុះឡើង នូវព្រឹត្តិការណ៍នយោបាយជាច្រើន ក្នុងរយៈពេលចុងក្រោយ ដែលសុទ្ធសឹងជាចំណាត់ការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដូចជាការបិទសារព័ត៌មាន និងវិទ្យុ ដ៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ការចាប់ចងប្រធានគណបក្ស ការរំលាយគណបក្សប្រឆាំង និងហាមមន្ត្រីគណបក្សយ៉ាងហោច ១១៨នាក់ មិនឲ្យធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំជាដើម។ ព្រឹត្តិការណ៍ទាំងនេះ បានរងនូវប្រតិកម្មធ្ងន់ៗ និងការថ្កោលទោស ពីបណ្ដាប្រទេសមហាអំណាច និងអង្គការអន្តរជាតិជាច្រើន នៅបស្ចិមលោក។

 

 

សម្រាប់អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី វិញ បានប្រៀបធៀប ការផ្ដេកខ្លួនទៅលើប្រទេសចិន នាពេលនេះ ទៅនឹងសម័យសង្គមរាស្ត្រនិយម ដឹកនាំដោយសម្ដេច ព្រះនរោត្ដម សីហនុ ដោយបានពន្យល់ថា ការគាំទ្ររបស់ចិននៅពេលនោះ ហាក់បានធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានភាពបែកបាក់ខ្លាំងឡើង។

លោក មាស នី មាន​ប្រសាសន៍​ថា៖ «ជា​ភស្តុតាង​ជាក់ស្ដែង កាល​ពី​ទំនាក់ទំនង​សម្តេចតា ​ជាមួយ​ចិន ក្នុង​ទសវត្ស​៦០ ទី​បំផុត​ប្រទេស​យើង ​បាន​ក្លាយ​ជា​មាន​វិបត្តិ​ ទំនាស់​ផ្ទៃក្នុង​របស់​ខ្លួន​ឯង​ កាន់​តែ​ធំ​ទៅៗ។ ដោយសារ​តែ​ការ​ជួយ​របស់​ចិន​នេះ គឺ​មិន​សូវ​ជួយ​ប្រទេស​តូច​ក្រីក្រ​ដូច​យើង​នេះ មាន​ឯកភាព​ជាតិ​ទេ។ គឺ​ច្រើន​តែ​អ្នក​ណា​ ដែល​មាន​កម្លាំង អ្នក​ណា​ដែល​មាន​អំណាច គឺ​ចិន​ជួយ​គាំទ្រ​។ ប៉ុន្តែ​អ្នក​ដែល​ទន់​ខ្សោយ​គឺ​ចិន មិន​សូវ​យក​ចិត្ត​គិត​ខ្វល់​ឡើយ។ ដូច្នេះ​ហើយ​ នាំ​ឲ្យ​សង្គម​នោះ ​កាន់​តែ​បែកបាក់​គ្នា​ កាន់​តែ​ធំ​ទៅៗ។»។

រីឯលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ (CCIM) បានរិះគន់ដោយប្រយោល ទៅលើនយោបាយ និងអ្នកដឹកនាំនយោបាយណា ដែលលំអៀងខ្លាំង ទៅរកតែប្រទេសចិននេះ ថាបានធ្វើឲ្យ«ប្រជាពលរដ្ឋខ្មែររាប់លានរងគ្រោះ និងរងទុក្ខរាប់ជំនាន់ ជាពិសេសក្នុងសម័យខ្មែរក្រហម ដែលគាំទ្រផ្តាច់មុខដោយចិន»។

លោក ងួនទៀង ដែលជានាយកវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែរនោះ បានបន្ថែមថា៖ «ដូច្នេះ ប្រជាពលរដ្ឋខ្មែរ ត្រូវតែចូលរួមសកម្ម ក្នុងវិស័យនយោបាយ និងជ្រើសរើស មេដឹកនាំល្អ ប្រកបដោយសីលធម៌ខ្ពស់ និងការទទួលខុសត្រូវ ដែលមិនគិត តែដើរបញ្ឆេះកំហឹង គំរាមគេឯង រំលោភច្បាប់ស្រេចតែចិត្ត...។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...