បាសឺឡូន បន្តបង្ហាញ«មហិទ្ធិរិទ្ធិ»ដោយបំបាក់ ហ្សេតាហ្វ ៦-០
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១២ មីនា ២០១៦
- កែប្រែចុងក្រោយ: March 13, 2016
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមម្ចាស់ផ្ទះ បាសឺឡូន (Barcelona FC) មិនបានទុកមុខឲ្យក្រុម ហ្សេតាហ្វ (Getafe) ដែលជាភ្ញៀវ ខំស្កាត់ពីចំងាយ មកទាត់នៅកីឡាដ្ឋាន កំព្នូ (Camp Nou) របស់ក្រុមអ្នកមានបុណ្យនោះឡើយ។ នៅក្នុងការប្រកួត សន្សំពិន្ទុដើម្បីក្លាយជាជើងឯក នៃការប្រកួតជុំ (Liga) នៅក្នុងប្រទេសអេស្ប៉ាញ កាលពីល្ងាចថ្ងៃសៅរ៍ ក្រុមបាសា (បាសឺឡូន) បានលុតក្រុមហ្សេតាហ្វ ក្នុងពិន្ទុ ៦ ទល់នឹងសូន្យ។
ជាការប្រកួតមួយ ដែលបានអនុញ្ញាត ឲ្យតារាបាល់ទាត់ល្បីៗ នៅក្នុងក្រុមបាសា រកគ្រាប់បាល់ បានសឹងតែគ្រប់គ្នាៗ ក្នុងនោះគេមិនត្រូវភ្លេច ម៉េស៊ី (Neymar) ឬ ណីម៉ា (Messi) ដែលសុទ្ធសឹងជាកំពូលកីឡាករ របស់ពិភពលោកនោះឡើយ។ បើនិយាយរំលឹកឡើងវិញ ក្រុមបាសឺឡូនបានរកបានគ្រាប់បាល់ ដល់ទៅ១៥គ្រាប់ នៅក្នុងតែការប្រកួត បីលើកចុងក្រោយគេបំផុតប៉ុណ្ណោះ។
គម្រាមដល់ក្រុមអាសឺណល់ របស់អង់គ្លេស...
មិនព្រឺព្រួចមិនបាន ព្រោះនៅក្នុងការជួបជាមួយក្រុម អាសឺណល់ (Arsenal) នាប្រទេសអង់គ្លេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ប៉ុន្មានសប្ដាហ៍មុន សម្រាប់ការប្រកួត«ទៅ» ដើម្បីដណ្ដើមពានជើងឯក នៃ«Champions League» ក្រុមបាសឺឡូន បានបំបាក់ក្រុមអង់គ្លេស ក្នុងពិន្ទុ២ទល់នឹងសូន្យរួចហើយ។ រីឯនៅថ្ងៃពុធខាងមុខនេះ ក្រុមកាំភ្លើងធំ អាសឺណល់ នឹងត្រឡប់មកជួបក្រុមបាសាវិញ នៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីទូទាត់បញ្ជីវិញដែរ។ តែក្ដីសង្ឃឹម នៃការទូទាត់បញ្ជី ទំនងមានកាន់តែស្ដើងឡើង ខណៈក្រុមអ្នកមានបុណ្យ បានបង្ហាញមហិទ្ធិរិទ្ធិ ទុកជាមុនហើយនេះ។
ចំពោះចំណាត់ថ្នាក់ នៃការប្រកួតជុំយកពិន្ទុជាជើងឯង (Liga) វិញ ក្រុមបាសឺឡូន ដែលស្ថិតនៅលំដាប់ទីមួយ បាននាំមុខក្រុម អាត្លង់ទីកូ (ចំណាត់ថ្នាក់លេខពីរ) ដល់ទៅ៨ពិន្ទុ និងនាំមុខក្រុមរៀល (ចំណាត់ថ្នាក់លេខ៣) ដល់ទៅ១៥ពិន្ទុ៕