ក្រុមម្ចាស់ផ្ទះ ហង្សក្រហម លីវើភូល លត់ក្រុមខ្លាំងកាំភ្លើងធំ ៥-១
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Barclays English Premier League ប្រចាំសប្តាហ៍ ទី២៥ គូពិសេសប្រចាំសប្ដាហ៍ ឬ ដែលគេនិយមហៅថា RED WAR DAY ម្ចាស់ផ្ទះហង្សក្រហម Liverpool លត់ភ្ញៀវរបស់ខ្លួន គឺក្រុមកាំភ្លើងធំ Arsenal យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-១ ។
ក្រុមលីវើភូល ផ្ទុះក្ដីអំណរពេលបានទាត់ឈ្នះក្រុមអាសឺណល។ (រូបថត huffingtonpost.com)
បាល់ទាត់អង់គ្លេស - នេះពិតជាព្រឹត្តិការណ៍ប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរជឿទាល់តែសោះខណៈក្រុមខ្លាំងកាំភ្លើងធំ Arsenal លេងត្រឹមបានរយៈ ពេល២០នាទីប៉ុណ្ណោះ បានធ្វើឲ្យបាត់បង់គ្រាប់បាល់របស់ខ្លួនរហូតដល់ទៅ៤គ្រាប់ផ្ទួនៗ ក្រោយពីការដាក់សម្ពាធ យ៉ាងធ្ងន់ពីសំណាក់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ក្នុងព្រឹត្តិការប្រកួត Barclays English Premier League ប្រចាំសប្តាហ៍ ទី២៥ នេះ។
នៅក្នុងព្រឹត្តិការប្រកួត នៅឯកីឡដ្ឋាន Anfield នោះការវាយបករបស់ Arsenal គ្មានប្រសិទ្ធភាព ទាល់តែសោះក្នុង វគ្គទី១ រួមជាមួយនឹងការសហការគ្នា មិនបានល្អផងដែរពីសំណាក់ខ្សែការពារ ដោយការចាប់ផ្តើមលេងបាន ១នាទី ដំបូង របូតមួយគ្រាប់បាត់ទៅហើយ ពីការធ្វើបានសម្រេច ដោយកីឡាករ Martin Skrtel និងរកបានគ្រាប់ទី២ទៀត នៅ៩នាទី បន្ទាប់ មុនពេលមិត្តរួមក្រុម Sterling និងDaniel Sturridge ចែកគ្នាស៊ុតម្នាក់មួយគ្រាប់នៅនាទី ទី១៦ និនង២០ ។
ក្រុម Liverpool បាននាំមុខ Arsenal ៤-០ ដាច់ជាបណ្តោះអាសន្នក្នុងវគ្គទី១ នៅមិនទាន់គ្រប់គ្រាន់ នោះទេ ដោយ បានបន្ថែមគ្រាប់ទី៥ទៀត បន្ទាប់ពីចាប់ផ្តើមលេងក្នុងវគ្គទី២ បាន៧នាទី ស៊ុតបញ្ចូលទី ដោយកីឡាករឆ្នើមរបស់ អង់គ្លេស Sterling ជាមួយនឹងក្រុម Liverpool របស់លោក Brendan Rodgers បានប្រលែងឲ្យ Arsenal រកបានមួយ គ្រាប់វិញ នៅនាទី៦៩ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បានសម្រេចដោយកីឡាករ Mikel Arteta ដែលលទ្ធផលជា ផ្លូវការក្រោយ ពីបញ្ចប់នៃការប្រកួត ពេញម៉ោងគឺ ក្រុម Liverpool បាន ៥ និង Arsenal បានត្រឹម ១ ប៉ុណ្ណោះ។
នេះជាការបរាជ័យជាប្រវត្តិសាស្រ្តដ៏ធ្ងន់ធ្ងរបំផុតមួយ នៅក្នុងការប្រកួតក្រៅទឹកដី សម្រាប់ក្រុមកាំភ្លើងធំ និងបានបាក់មុខជាខ្លាំងសម្រាប់ អ្នកចាត់ការទូទៅ គឺលោក Arsene Wenger ដែលត្រូវបានធ្លាក់តំណែងទៅលេខ២ក្នុងតារាងជាបណ្តោះ អាសន្នវិញ ស្របពេលដែល Chelsea ទទួលបាន៣ពិន្ទុយ៉ាងងាយ និងលោតឡើងទៅកំពូលតារាង បន្ទាប់ពីបំបាក់ក្រុមភ្ញៀវសារិកាព្រៃ Newcastle United ៣-០ ស្ងាត់មាត់ជ្រាបក្នុងការប្រកួតនេះដូចគ្នាដែរ រួមជាមួយគូប្រជែងតំណែងកំពូលតារាង Man City បានរក្សាលទ្ធផល ០-០ជាមួយក្រុមម្ចាស់ផ្ទះ Norwich City ផងដែរ៕
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤