ម្ចាស់ក្លឹបណាប៉ូលី ទៅទីក្រុងឡុងដ៏ជួបជាមួយ បេនីតេស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាសែតអ៊ីតាលីមួយបានរាយការណ៏ថា ម្ចាស់ក្លឹបក្រុមបាល់ទាត់ណាប៉ូលី (Napoli) លោកអូរ៉េលីយ៉ូ ដេឡូរ៉ិនធីស (Aurelio De Laurentiis) បានទៅដល់ទីក្រុងឡុងដ៏ហើយ កាលពីថ្ងៃច័ន្ទ ដើម្បីជួបជាមួយលោករ៉ាហ្វាអែល បេនីតេស (Rafael Benitez) និងធ្វើការលួងលោមគ្រូបង្វឹកបណ្តោះអាសន្នក្រុមឆែលស៊ី (Chelsea) រូបនោះ ទៅចូលរួមក្រុមនៅក្របខ័ណ្ឌស៊េរីអេ (Serie A)។
ក្រុមកីឡាកររបស់ក្លីបបាល់ទាត់ ណាប៉ូលី របស់អ៊ីតាលី។
ក្រុមណាប៉ូលី ទទួលបានចំណាត់ថ្នាក់លេខ២ ដោយតាមពីក្រោយក្រុមជូវីនទូស (Juventus) បន្ទាប់ពីរដូវកាលត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ ការបញ្ចប់ត្រឹមចំណាត់ថ្នាក់នេះ មានន័យថាណាប៉ូលី នឹងត្រូវបានលេងឆែមពានលីកនៅរដូវកាលក្រោយ។
ណាប៉ូលី កំពុងតែស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក វ៊លធឺ ម៉ាស្សារី (Walter Mazzarri) ដែលជាគ្រូបង្វឹកចាស់ បានប្រកាសកាលពីថ្ងៃអាទិត្យថា គាត់នឹងចាកចេញពីក្លឹបមួយនេះ។
លោក ម៉ាស្សារី ដែលត្រូវទៅធ្វើជាគ្រូបង្វឹកក្រុមរ៉ូម៉ា (Roma) នៅរដូវកាលថ្មី បាននិយាយបន្ទាប់ពីក្រុមណាប៉ូលីប្រកួតចាញ់ ២-១ កាលពីថ្ងៃអាទិត្យថា «ពេលវេលារបស់ខ្ញុំ ជាមួយនឹងក្រុមណាប៉ូលី ត្រូវបានបញ្ចប់ហើយ។ ខ្ញុំត្រូវការបរិយាកាសថ្មីមួយ។»
អតីតគ្រូបង្វឹកក្រុមហង្សក្រហមលីវើភូល (Liverpool) លោកបេនីតេស ធ្លាប់បានដឹកនាំក្រុមនៅប្រទេសអ៊ីតាលីរួចម្តងមកហើយ ដែលគាត់បានទៅជំនួសលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅក្រុមអ៊ីនធឺ មីឡាន (Inter Milan) ខណៈដែលមុនពេលគាត់ទៅ លោកម៉ូរីញ៉ូ បានដឹកនាំអ៊ីនធឺ ឲ្យលើកពាន៣ ក្នុងមួយរដូវកាល បូករួមទាំងឆែមពានលីកផងដែរនោះ។
បន្ទាប់ពីគាត់បានចុះកិច្ចសន្យារយះពេល២ឆ្នាំ ជាមួយក្រុមអ៊ីនធឺ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានជួយឲ្យក្រុមឈ្នះនូវពានរង្វាន់អ៊ីតាលីស៊ុបពើខាប់ (Italian Super Cup) និងពានរង្វាន់ក្លឹបវើលខាប់ (Club World Cup)។ ប៉ុន្តែនៅក្នុងលីក គាត់ធ្វើមិនបានល្អនោះទេ ដោយបញ្ចប់រដូវកាលក្រុមអ៊ីនធឺ ទទួលបានចំណាត់ថ្នាក់លេខ៧ ដូច្នេះគាត់ក៏ត្រូវម្ចាស់ក្លឹបបណ្តេញចេញ នៅខែធ្នូរ ឆ្នាំ២០១០។
បេនីតេស ត្រូវបានក្រុមតោខៀវឆែលស៊ី តែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីមកជំនួសដំណែងលោក រ៉ូបឺតូ ឌីម៉ាទីអូ (Roberto Di Matteo)។ គាត់បានដឹកនាំក្រុមម្ចាស់ជើងឯកឆែមពានលីកមួយនេះ ឲ្យលើកពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីបានយកឈ្នះ ២-១ លើក្រុមបិនហ្វីកា (Benfica) ក្នុងវគ្គផ្តាច់ព្រ័ត្រ។
លោក ម៉ាញ៉ូអែល ឃ្វីលឡុន (Manuel Quillon) ភ្នាក់ងាររបស់លោកបេនីតេស បានប្រាប់ដល់ក្លឹបណាប៉ូលីថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានបើកចិត្តសម្រាប់ក្រុមណាប៉ូលីហើយ។
ឃ្វីលឡុន បាននិយាយថា «ណាប៉ូលី ជាក្រុមដ៏អស្ចារ្យ ដូច្នេះយើងពិតជារីករាយ ដែលពួកគេ បានចាប់អារម្មណ៏មកលើលោកបេនីតេស។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ អំពីអនាគតរបស់គ្រូបង្វឹករូបនេះ ដូច្នេះបើក្រុមណាទាក់ទងមុន នោះប្រហែលជាអាចបាន៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ