វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

កងទ័ពរបស់ប្រទេសវៀតណាម បានវាយលុកចូលប្រទេសកម្ពុជា ក្រោមផ្លាកជាអ្នករំដោះនៅឆ្នាំ១៩៧៩ ដើម្បីបណ្ដេញ​របបខ្មែរក្រហម ប៉ុល ពត ឲ្យចេញពីអំណាច។ ការចូលវាយលុកនេះ ត្រូវទទួលបានការបកស្រាយផ្សេងៗពីគ្នា ជាពិសេស​ក្នុងឱកាសនៃទិវាចងកំហឹង រំលឹកវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី២០ខែឧសភាម្សិលម៉ិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងទ័ពរបស់ប្រទេសវៀតណាម បានវាយលុកចូលប្រទេសកម្ពុជា ក្រោមផ្លាកជាអ្នករំដោះនៅឆ្នាំ១៩៧៩ ដើម្បីបណ្ដេញ​របបខ្មែរក្រហម ប៉ុល ពត ឲ្យចេញពីអំណាច។ ការចូលវាយលុកនេះ ត្រូវទទួលបានការបកស្រាយផ្សេងៗពីគ្នា ជាពិសេស​ក្នុងឱកាសនៃទិវាចងកំហឹង រំលឹកវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី២០ខែឧសភាម្សិលម៉ិញ។


ទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ខែមិនាឆ្នាំ១៩៧៩។ (រូបថត ina របស់បារាំង)

ពលរដ្ឋកម្ពុជា ដែលសុទ្ធសឹងជាអ្នករងគ្រោះ នៅក្នុងរបបកុម្មុយនីសប្រល័យពូជសាសន៍ប៉ុលពត ក្នុងពេលនោះមាន​សេចក្ដី​រីករាយណាស់ ដែលខ្លួនម្នាក់ៗត្រូវបានរំដោះចេញពីរបប ដែលពោរពេញទៅដោយភាពខ្លោចផ្សារនេះ។ តែនៅពេលបាន​ឈានជើងចេញពីកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាទាំងមូលត្រូវបង្ខំចិត្ត ទទួលយកជាថ្មីនូវរបបកុម្មុយនីស​មួយ​ទៀត ដែលលើកបន្ដុបគាំទ្រដោយវៀតណាម ហើយទទួលរងនូវទណ្ឌកម្មយ៉ាងខ្លាំងក្លា ពីសំណាក់សហគមន៍​អន្តរជាតិ។

សំនួរដែលតែងតែចោទសួរដោយអ្នកប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជាខ្លួនឯង មិនមានបំណងអ្វី ក្រៅតែពីចង់ស្វែង​រក​ចម្លើយ ដ៏ពិតប្រាកដនិងឯករាជ្យមួយ ដើម្បីបញ្ជាក់ពីវត្តមានរបស់កងទ័ពវៀតណាមនៅកម្ពុជា។ មានមតិមួយចំនួន ដែល​ស្និតនឹងគណបក្សប្រជាជនរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងហើយអះអាងទៀតថា វត្តមានរបស់កងទ័ព​វៀតណាមនៅកម្ពុជា ជាការ«ចូលរំដោះ»ប្រជាជនអ្នករងគ្រោះ ឲ្យរួចផុតពីការកាប់សម្លាប់រង្គាលក្នុងរបបប៉ុលពត។ តែមតិ​មួយចំនួនទៀតយល់ថា វាជាការ«ចូលឈ្លានពាន»ប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម។

សូមស្ដាប់មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ និងតំណាងគណបក្សប្រឆាំង ធ្វើការបកស្រាយ ជុំវិញបញ្ហានេះ​ដូច​ខាងក្រោម។

លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក(adhoc) បានបង្ហាញនូវទស្សនៈថា មតិទាំងពីរខាងលើនេះ មិនអាចធ្វើការ​បែងចែកឲ្យដាច់ស្រលះពីគ្នាបានទេ ព្រោះថាវាជាការពិតទាំងពីរ។ ការវាយលុកចូលរបស់កងទ័ពវៀតណាមនៅកម្ពុជា ក៏ជាការវាយរំដោះប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតសារជាថ្មី និងបើតាមច្បាប់អន្តរជាតិ ក៏ជាការឈ្លានពានមួយ​របស់​កងទ័ពបរទេស មកលើប្រទេសមួយទៀតដែរ។

លោកហូរ វ៉ាន់ អនុប្រធានគណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាបានបញ្ជាក់ថា ការ​បណ្តេញ​ប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ ជាបដិវត្តមួយ។ លោកបន្តថា ចំពោះមតិខាងលើ«ត្រូវទាំងពីរ»។ កងទ័ព​វៀតណាម បាន​ចូលមកក្នុងប្រទេសកម្ពុជា ហើយបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប៉ុល ពត។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ វៀតណាមមានបំណងលេបត្របាក់កម្ពុជាទាំងមូលតែម្តង។ ព្រោះមានឧទាហរណ៍ស្រាប់ដូចជា កម្ពុជាក្រោម ដែនដីកោះ គោក និងសមុទ្រ មានជាបន្តបន្ទាប់។ លោកបានបង្ហាញថា បើវៀតណាមមានចេតនាចង់រំដោះកម្ពុជាមែន ត្រូវដកទ័ព​ចេញទៅវិញភ្លាម ក្រោយពេលទទួលជោគជ័យ។ តែនេះបែរជាដាក់កងទ័ពនៅកម្ពុជាហើយ ដាក់កម្ពុជាឲ្យនៅក្រោម​អាណានិគមទៀត នេះហើយគេហៅថា «ឈ្លានពាន»នោះ។

សម្រាប់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បង្ហាញថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សសន្តិសុខ​អង្គការសហ​ប្រជាជាតិ វៀតណាមបានការពារថា ការចូលមកកម្ពុជារបស់ទ័ពវៀតណាម ជាការវាយច្រានទ័ពកម្ពុជាប្រជាធិបតេយ្យ ដែលបានចូល«ឈ្លានពាន»វៀតណាមទេ។ លោកបន្តថាតាមទិដ្ឋភាពច្បាប់អន្តរជាតិ នៅពេលនោះវៀតណាម មាន​បំណងបញ្ជូនទ័ពមក ដើម្បី«ឈ្លានពាន»កម្ពុជាតែម្តង។

ការដកទ័ពរបស់វៀតណាមចេញពីកម្ពុជា

លោក ធន សារ៉ាយ បញ្ជាក់ថា វៀតណាមមានគម្រោង ដាក់កម្លាំងទ័ពនៅកម្ពុជាឲ្យបានយូរដែរ តែដោយសាតែកងទ័ព​វៀតណាម មានការជ្រោមជ្រែងពីសហភាពសូវៀត ហើយដោយសារសហភាពសូវៀតបានដួលរំលំទៅ ប្រពន្ធ័​សង្គមនិយមលើពិភពលោកក៏បានបាក់បែក។ ព្រមជាមួយនឹងការទាមទារពីប្រជាជាតិខ្មែរ នៅអំឡុងឆ្នាំ១៩៩០នោះផង ទើបកងទ័ពវៀតណាមបានដកចេញពីកម្ពុជា បន្តិចម្ដងៗ រហូតដកជាស្ថាពរ នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

លោកហូរ វ៉ាន់ ថាកងទ័ពវៀតណាមគ្មានបំណងចេញពីកម្ពុជាទេ កម្ពុជាទាំងមូលប្រហែលនឹងបន្តរ នៅក្រោមអាណានិគម​វៀតណាមទាំងស្រុង បើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ។

បន្ថែមពីលើនេះ លោក ឡៅ ម៉ុងហៃ បានអះអាងថា ព្រះបរមរតនកោដ្ឋ (នរោត្តម សីហនុ) បានធ្វើអន្តរាគមន៍ នៅក្នុង​កិច្ច​ប្រជុំមួយស្តីពីបញ្ហាកម្ពុជា នាដើមខែមករា ឆ្នាំ១៩៧៩ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ​ការ​ទាមទារឲ្យដកទ័ពវៀតណាមចេញពីកម្ពុជានេះ ក៏មានប្រទេសចំនួនជាងមួយរយក្នុងពិភពលោក គាំទ្រឲ្យធ្វើដែរ។ ដូច្នេះ​អង្គការសហប្រជាជាតិ ក៏មិនទទួលយកនូវកងទ័ពវៀតណាមនៅកម្ពុជាទេ ហើយបង្ខំឲ្យវៀតណាម ដកទ័ពចេញពីកម្ពុជា​អំឡុងឆ្នាំ១៩៨៩-៩០៕

» មនោរម្យព័ងអាំងហ្វូនឹងត្រឡប់មកវិញ ជាមួយនឹងអត្ថបទលើកក្រោយៗរបស់ខ្លួន ដែលនិយាយពីភូមិសាស្ត្រនយោបាយ ដែលកើតមាននៅជុំវិញប្រវត្តិសាស្ត្រកម្ពុជាទំនើប ដើម្បីជាពន្លឺដល់អ្នកអានទាំងអស់។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...