ដំបូន្មានល្អៗ ដើម្បីឲ្យស្នេហានៅ«ឆ្ងាយពីគ្នា» នៅគង់វង្សយូរអង្វែង
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទំនាក់ទំនងស្នេហា ដែលមានគម្លាត ឬនៅឆ្ងាយពីគ្នា អាចប្រឈមនឹងឧបសគ្គខ្លាំងជាង ស្នេហាដែលដៃគូរទាំងពីរនៅជិតគ្នាដូចឃ្លាមួយថា «ឃ្លាតកាយ ណាយចិត្ត» ដូច្នោះដែរ។ ប៉ុន្តែបើយើងស្ថិតក្នុងកាលៈទេសៈនេះ តើយើងគួរធ្វើ ឬមានវិធីយ៉ាងណា ដើម្បីឲ្យជិវិតស្នេហានៅស្ថិតថេរជានិរន្តន៏នោះ។
មនោរម្យព័ងអាំងហ្វូ សូមបង្ហាញនូវគន្លឹះយល់ដឹងខ្លីៗ មួយចំនួន ដើម្បីជាវិធីសាស្រ្តជួយថែរក្សា ជិវិតស្នេហារបស់លោកអ្នក ដែលកំពុងតែនៅឆ្ងាយពីគ្នាបាន។ កត្តាទាំងនោះមានដូចជា៖
១. ការទំនាក់ទំនង៖
ការទំនាក់ទំនង ជាកត្តាមួយចាំបាច់សម្រាប់អ្នកទាំងពីរ ក្នុងការសន្ទនាគ្នា ទាំងពេលនៅជិត ឬនៅឆ្ងាយពីគ្នា។ ការនៅឆ្ងាយពីគ្នា ដោយមិនបានសន្ទនាគ្នា នោះប្រាកដជាមានការបែកបាក់ជាមិនខាន ដូច្នេះបើអ្នកទាំងពីរនៅស្រលាញ់គ្នា គួរតែរក្សាការសន្ទនា ឬជជែកជាមួយគ្នាឲ្យបានញឹកញាប់។
ការសន្ទនាត្រូវមានភាពស្មោះត្រង់។ ទៅបីជាដៃគូររបស់អ្នកនៅឆ្ងាយដល់កំរិតណាក្តី ក៏មិនត្រូវនិយាយកុហកដែរ។ ត្រូវនិយាយការពិត និងស្មោះត្រង់ ដោយមានភាពជឿជាក់លើគ្នាទៅវិញទៅមក។ ជាពិសេសនៅពេលជជែកគ្នា ត្រូវបើកចិត្តឲ្យទូលាយ និងមានភាពស្និតស្នាលគ្នា។
២. ត្រូវកំណត់ពេលវេលាច្បាស់លាស់ ក្នុងការជជែកគ្នា៖
ការជជែកគ្នាដូចជា តាមរយះទូរស័ព្ទដៃ ឬបណ្តាញសង្គមទំនាក់ទំនងនានា ដោយគ្មានពេលវេលាច្បាស់លាស់ នោះវានឹងក្លាយទៅជាការរំខាន ឬគួរឲ្យធុញទ្រាន់ដល់ខាងណាមួយ ជាមិនខាន។
ឧទាហរណ៏៖ មនុស្សរស់នៅមិនមែនមានតែរឿងស្នេហាតែមួយមុខនោះទេ ដែលត្រូវយកចិត្តទុកដាក់នោះ ប្រហែលជាអ្នកទាំងពីរនៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវដោះស្រាយដូចជា បញ្ហាការងារ ការសិក្សារ និងបញ្ហាគ្រួសារជាដើម។ ដូច្នេះប្រការដែលល្អ អ្នកទាំងពីរត្រូវរកពេលវេលាណា ដែលសមគួរដើម្បីជជែកគ្នា ដោយគ្មានសម្ពាត និងដោយភាពរីករាយ។
៣. ត្រូវជឿជាក់គ្នា៖
នៅពេលដែលអ្នកទាំងពីរនៅឆ្ងាយពីគ្នា វាកាន់តែចាំបាច់ថែមទៀត ក្នុងការបង្កើននូវការជឿជាក់លើគ្នា ព្រោះបើគ្មានការជឿជាក់ទេ វាអាចនឹងកើតទៅជាការប្រច័ណ្ឌខឹង ដែលនាំឲ្យទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ឈានទៅរកផ្លូវបែកបាក់បាន។
ប៉ុន្តែដើម្បីទទួលបាននូវការជឿជាក់លើគ្នាទៅវិញទៅមក ទាល់តែអ្នកទាំងពីរធ្វើអ្វីៗ ដើម្បីឲ្យដៃគូរមានការជឿជាក់ ដោយបង្ហាញនូវសកម្មភាពស្មោះត្រង់ឲ្យគ្នាបានឃើញ។
៤. កុំឈប់បង្ហាញក្តីស្រលាញ់៖
ការបង្ហាញក្តីស្រលាញ់ជាកាដូ ឬអំណាចមួយ ដែលធ្វើឲ្យស្នេហារបស់អ្នកកាន់តែមានភាពផ្អែមល្ហែម និងអាចនៅគង់វង្សបាន បើទោះបីជាអ្នកទាំងពីរនៅឆ្ងាយគ្នាក៏ដោយ។ ជាងនោះទៅទៀត វារឹតតែធ្វើឲ្យដៃគូររបស់អ្នក មានភាពរីករាយ និងពេញចិត្តខ្លាំងថែមទៀតផង។
ផ្ទុយទៅវិញ បើស្នេហារបស់អ្នកទាំងពីរមិនបានបង្ហាញនូវក្តីស្រលាញ់ដល់គ្នាញឹកញាប់ទេ នោះវានឹងនាំឲ្យបាត់បង់នូវទំនុកចិត្តលើគ្នាបាន។ ដូច្នេះសូមបង្ហាញនូវក្តីស្រលាញ់ ទៅដល់មនុស្សពិសេសរបស់អ្នកឲ្យបានច្រើន ព្រោះវាពិតជាមិនពិបាកនោះទេ បើអ្នកពិតជាស្រលាញ់គាត់ ឬនាងពិតមែន៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ