ទារលែងប្រពន្ធទាំងកូនខ្ចី... ស្រាប់តែចង់ត្រូវរ៉ូវគ្នាវិញពេលកូនធំ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 21, 2015
- ប្រធានបទ: ស្នេហ៍ប្រេះឆា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងដែលនឹកស្មានមិនដល់នោះ គឺមកដល់ពេលបច្ចុប្បន្ន ដែលកូនប្រុសនោះ មានវ័យប្រមាណ ជាង៣ឆ្នាំហើយនោះ បុរសជាឪពុក បែរជាមកធ្វើចិត្តបុណ្យ លួងលោម ចង់បានកូននោះទៅ ដោយនិយាយថា ជាកូនរបស់ខ្លួនតែម្នាក់គត់។ មិនតែប៉ុណ្ណោះ ឪពុកដែលបានចុះចោល កូនខ្លួនទើបនឹងកើត និងម្តាយកំសត់ពីរនាក់នេះ ថែមទាំងបានប្រាប់ ឲ្យមេឃុំធ្វើលិខិតអញ្ជើញ គ្រួសារខាងស្រី ទៅនិយាយសុំស្រុះស្រួល ជាគ្នាវិញ បន្ទាប់ពីអ្នកទាំងពីរ បានបែកគ្នាអស់រយៈពេល ៤ឆ្នាំ មកហើយ។
បុរសជាប្តីឈ្មោះ ឡាយ សុភ័ក្រ បានរៀបការជាមួយ អ្នកស្រី ឡេង ណារី។ អ្នកទាំងពីរ រស់នៅជាមួយគ្នា មានកូនប្រុសម្នាក់ឈ្មោះ ឆាំ ពន្លឺ ដែលសព្វថ្ងៃ មានអាយុជាង៣ឆ្នាំ រស់នៅជាមួយយាយតា នៅក្នុងភូមិកូនកក់ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាស្រុកកំណើតខាងស្រី។ តាមការអះអាង ពីអ្នកស្រី តន់ ថង ជាម្តាយបង្កើត សាមីខ្លួនខាងស្រី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដំបូងកូនរបស់គាត់ បានរៀបការទៅនៅខាងប្តី នៅភ្នំពេញ ពេលកូនស្រីគាត់ ចាប់ផ្តើមមានផ្ទៃពោះ កូនប្រសារគាត់ចាប់ផ្តើម រករឿងកូនស្រីគាត់ រកលែងលះ។
រហូតដល់ពេលកូនអ្នកស្រី សម្រាលកូន បានតែ៥ថ្ងៃ កូនប្រសារដ៏អប្រិយ បានបណ្តេញនាងចេញពីផ្ទះ រហូតលុះត្រាមួយខែក្រោយ ទើបបានលែងលះគ្នាដាច់ស្រេច ដោយមានការដឹងលឺពីភូមិ ឃុំ ចេញលិខិតស្នាមត្រឹមត្រូវ។ អ្នកស្រីបន្តថា ដោយសារកូនការ មិនបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ ទើបលែងលះឲ្យចប់ នៅត្រឹមតែភូមិឃុំនេះ។ បន្ទាប់មក អ្នកស្រីបានទទួលមើលថែកូន និងចៅប្រុស រហូតដល់សព្វថ្ងៃ។
ទើបតែប៉ុន្មានខែចុងក្រោយនេះ ស្រាប់តែលេចមុខ បុរសអតីតកូនប្រសារ មកលេងផ្ទះគាត់ ជាញឹកញាប់ ហើយបាននិយាយ ជាមួយគាត់សុំត្រូវគ្នាវិញ និងសុំកូនប្រុស មករស់នៅជាមួយនៅភ្នំពេញ។
តែការស្នើសុំ និងការលើកឡើងទាំងនេះ របស់បុរសអតីតស្វាមី ត្រូវបានអតីតប្រពន្ធ ប្រកែកជាដាច់ខាតថា នាងមិនព្រមឡើយ ហើយថែមទាំង មិនឲ្យកូននោះទៅណាទាំងអស់។ ម្យ៉ាងទៀត ឪពុករូបនេះ គ្មានកន្លែងរស់នៅច្បាស់លាស់ នាងជាម្ដាយ បារម្ភពីអនាគតកូន។ បន្ទាប់ពីបានការបដិសេធ ពីក្រុមគ្រួសារខាងស្រី បុរស សុភ័ក្រ បានទៅជួបជាមួយមេឃុំ បាស្រែ ហើយមេឃុំ ក៏បានហៅក្រុមគ្រួសារខាងស្រី ទៅសាកសួរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥នេះ ជុំវិញបញ្ហាសុំស្រុះស្រួលគ្នាវិញ ទាំងមេឃុំរូបនេះ បានចេញលិខិតលែងលះ ឲ្យអ្នកទាំងពីររួចហើយ។
ពាក់ព័ន្ធជាមួយបញ្ហានេះ លោក មឿយ ហៀង មេឃុំប្រាស្រែបានបដិសេធថា លោកមិនបានឃុបឃិតគ្នា ជាមួយសាមីខ្លួនខាងប្រុសទេ គឺលោកធ្វើតាមសម្តីរបស់គេ ដែលចង់ជួបជុំប្រពន្ធកូនវិញប៉ុណ្ណោះ (ចង់ផ្សះផ្សាគ្នា)។ នៅមិនឆ្ងាយពីនេះ លោក ជ័យ បូរ៉ា នាយនគរបាលប៉ុស្តិ៍ឃុំ ប្រាស្រែ ក៏បានបដិសេធដែរថា បើលោកជួយសម្រុះសម្រួលនេះ គឺដោយសារពីមុន លោកមិនដឹងថា គេលែងលះគ្នា ទើបបានពេលនេះ លោកបានចូលរួមជួយយ៉ាងនេះ៕