សេចក្តីព្រាងច្បាប់សមាគម និងអង្គការ នឹងដាក់ឲ្យសភាអនុម័ត នាចុងខែឧសភា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 21, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រឹកថ្ងៃទី២១ ខែឧសភានេះ ក្រុមអង្គការសមាគម ជាតិ និងអន្តរជាតិ ប្រមាណជាង២០០ បានជួបជុំគ្នា ក្នុងសិក្ខាសាលាមួយ ដើម្បីដាក់ចេញ នូវសេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះថា រដ្ឋាភិបាលបានធ្វើការ លាក់លៀម នូវព័ត៌មានជាច្រើន ជាមួយនឹងការមិនផ្តល់ឱកាស ឬបើកទូលាយ ឲ្យមានការពិគ្រោះយោបល់ ដោយមានតម្លាភាព ពីភាគីពាក់ព័ន្ធឡើយ។
សូមរំលឹកថា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ លោក វីល្លៀម អ៊ី ថត (William E. Todd) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ បានលើកឡើងថា លោកនិងចូលរួម និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំការពិគ្រោះយោបល់ ដោយតម្លាភាព ជាមួយនឹងការចេញផ្សាយ នូវសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាសាធារណៈ។
ឆ្លើយតប នឹងការលើកឡើង របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាខាងលើនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ចាត់ទុកថា ស្ថានទូតសហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងមិនគោរព តាមអនុសញ្ញាទីក្រុង វីយ៉ែន ថែមទៀត ។ យោងតាមលិខិត ចុះថ្ងៃទី២០ ខែឧសភា របស់ក្រសួងការបរទេសកម្ពុជា ម្សិលម៉ិញនេះ បានសរសេរទៅកាន់ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដោយលើកយក នូវមាត្រា៤១.១ នៃអនុសញ្ញាទីក្រុងវីយ៉ែ ដែលចែងថា៖ «ដោយពុំមានប៉ះពាល់ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ពួកគេ អ្នកដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ មានកាតព្វកិច្ចគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសម្ចាស់ផ្ទះ។ អ្នកទាំងនោះ ក៏មានកាតព្វកិច្ច មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋនោះដែរ។»
កាលពីថ្ងៃទី១ ខែមេសា នេះនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណា ជំរុញសេចក្តីព្រាងច្បាប់ ពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដាក់ជូនទៅគណរដ្ឋមន្រ្តីអនុម័ត ក្នុងខែឧសភានេះ ហើយបន្តជូនអង្គសភាអនុម័ត ឲ្យបានឆាប់បំផុត នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវគេរំពឹងថា មានចំនួន៩ជំពូក និង៣៤មាត្រា។
កាលពីថ្ងៃទី៤ ខែឧសភា ថ្មីៗនេះ ក្រុមសមាគម និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណជិតបីរយ បានជួបគ្នាម្តងរួចហើយ ក្នុងការពិភាគ្សា និងបដិសេធ លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយសំអាងថា សេចក្តីព្រាងច្បាប់នេះ ខ្វះនូវតម្លាភាព ឱកាស និងការពិគ្រោះយោបល់ ដែលនាំឲ្យមានផលអាក្រក់ ដល់អង្គការសង្គមស៊ីវិល ជាច្រើន។ អង្គការសង្គមស៊ីវិលទាំងនោះ បានបន្ថែមថា ផ្ទុយមកវិញ សេចក្តីព្រាងច្បាប់នោះ ត្រូវបានធ្វើឡើង ដើម្បីតែពង្រឹង និងបង្កើននូវឥទ្ធិពល របស់រដ្ឋាភិបាល ដែលជាដៃគូយ៉ាងជិតស្និត នៃគណបក្សកាន់អំណាច តែប៉ុណ្ណោះ។
» អានព័ត៌មានលំអិត៖ សង្គមស៊ីវិលជាង២៧០ មិនគាំទ្រសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីមន្រ្តីនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រីបានទេ ក្នុងព្រឹកនេះ។
ថ្មីៗនេះ ក្នុងកិច្ចសម្ភាស ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា បើទោះជា មានការមិនគាំទ្រ ដោយអង្គការសង្គមស៊ីវិលក៏ដោយ នេះជាសេចក្តីសម្រេច របស់រដ្ឋាភិបាល។ លោកបន្តថា សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងសមាគមអង្គការ ក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងច្បាប់ស្ដីពី ការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត ត្រូវតែបញ្ជូនទៅកាន់សភា នាចុងខែខែឧសភានេះ បើភាគីពាក់ព័ន្ធណាមិនពេញចិត្ត អាចធ្វើការតវ៉ា នៅសភាបាន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា៖ «វាជាការសម្រេច របស់រដ្ឋាភិបាល ហើយនៅទៅដល់សភា អង្គការសង្គមស៊ីវិលមានសិទ្ធិតវ៉ា ព្រោះទីនោះ ជាកន្លែងនយោបាយ។»
យ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិលទាំងអស់ បានសម្តែងនូវការព្រួយបារម្ភ ពីសេចក្តីព្រាងច្បាប់នេះ។ ជាមួយគ្នានេះ ពួកគេស្នើឲ្យរដ្ឋាភិបាល បើកវេទិកាសាធារណៈ ដោយតម្លាភាពមួយ ក្នុងការទទួលយក នូវកង្វល់របស់ ភាគីពាក់ព័ន្ធទាំងអស់ បញ្ចូលន្ថែម ឬត្រូវកាត់បន្ថយចេញ ពីសេចក្តីព្រាងច្បាប់នោះ៕