ឈាង វុន៖ ការប៉ះទង្គិចនៅសួនប្រជាធិបតេយ្យ អាក្រក់ជាងនៅវ៉េងស្រេង
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន បានអះអាងថាអំពើហិង្សា ដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា កន្លងទៅនេះ មានរូបភាពអាក្រក់ជាងអំពើហិង្សា ដែលបានកើតឡើងនៅលើដងវិថីវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។
លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)
ហិង្សា - មើលតាមទំនង លោក ឈាង វុន ដែលមានតំណែងជាប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាផងនោះ ប្រហែលជាចង់ឲ្យគេនិយាយពីលោក ឲ្យបានច្រើនជាថ្មីម្ដងទៀត។
ថ្លែងយោងពីសេចក្តីថ្លែងការណ៍របស់រដ្ឋសភា ក្នុងសន្និសីទការសែតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ មន្ត្រីគណបក្សប្រជាជន ដែលសម្បូរដោយវោហារស័ព្ទរូបនេះ បានថ្លែងថា៖ «រដ្ឋសភាកម្ពុជា ថ្កោលទោស ចំពោះអំពើហិង្សាដ៏ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនេះ (ការប៉ះទង្គិចនៅទីលានប្រជាធិបតេយ្យថ្ងៃទី១៥កក្កដា )។ សកម្មភាពអាណាធិបតេយ្យ មានការរៀបគម្រោងទុកជាមុននេះ គឺជាអំពើឧក្រិដ្ឋកម្ម ដែលរំលោភច្បាប់ព្រហ្មទណ្ឌជាធរមាន។»
តែនៅពេលអ្នកសារព័ត៌មានសួរថា ហេតុដូចម្តេចបានជារដ្ឋសភាកម្ពុជា មិនថ្កោលទោសអំពើហិង្សានៅផ្លូវវ៉េងស្រេងផង? លោក ឈាង វុន បានពន្យល់ថា ករណីនៅផ្លូវវ៉េងស្រេង មិនដូចករណីនៅក្បែរទីលានប្រជាធិបតេយ្យ គឺមិនអាក្រក់ដូចនៅទីលានប្រជាធិបតេយ្យទេ ហើយថាករណីនៅផ្លូវវ៉េងស្រេង គឺរដ្ឋសភា មិនចេញសេចក្តីថ្លែងការណ៍ ដោយសារតែចង់ទុកឱកាសឲ្យ គណបក្សសង្គ្រោះជាតិ អាចមកចរចាជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ឈាង វុន បានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង មិនមានរូបភាពសហាវអញ្ចឹងទេ»។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងកម្លាំសន្តិសុខស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅក្បែរទីលានប្រជាធិបតេយ្យ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាល យ៉ាងតិចជាង៣០នាក់ ភាគច្រើនជាក្រុមសន្តិសុខ។ តែករណីប៉ះទង្គិចនៅផ្លូវវ៉េងស្រេងពីដើមឆ្នាំ២០១៤ របាយការណ៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ឲ្យដឹងថា បានបណ្តាលឲ្យកម្មករស្លាប់៧នាក់ និង២៣នាក់ត្រូវចាប់ខ្លួន និងរាប់សិបនាក់រងរបួស ក្រោយពីមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ច។
មកទល់ពេលនេះ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិយ៉ាងតិច៧នាក់ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាចាប់ឃាត់ខ្លួន ហើយកំពុងតាមចាប់ខ្លួនបន្ថែមទៀត។ ព្រឹត្តិការណ៍នៃការចាប់ឃាត់ខ្លួន ហើយត្រូវចោទប្រកាន់ដោយតុលាការនេះ កើតឡើងក្រោយពី ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងកម្លាំសន្តិសុខស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដានេះ៕