ករុណា ពេជ្រ៖ នរណាទាត់ចោលស្អី... អ្វីដែលខ្ញុំធ្វើជាការងារសង្គម
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារា - តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវបានគេដឹងថា ជាតារាចម្រៀងដែលបានចេញមុខចេញមាត់ខ្លាំងក្នុងការឃោសនា រកសម្លេងឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៣។ ការប្រឹងប្រែងរបស់ តារាចម្រៀង ករុណា ពេជ្រ ត្រូវបានគេមើលឃើញថា មិនអត់ប្រយោជន៍នោះទេ ព្រោះពេលនេះ តារាចម្រៀងដែលតែងតែឡើងច្រៀង លើឆាកតន្រ្តីបំរើអារម្មណ៍ទស្សនិកជនរូបនេះ កំពុងទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ហើយគេក៏បានដឹងដែរថា នៅពេលនេះ ករុណា ពេជ្រ បានក្លាយជាជំនួយការផ្ទាល់ដ៏ជំនិតម្នាក់ របស់លោក ហ៊ុន ម៉ានី ផងដែរ។
ជាញឹកញាប់ គេតែងឃើញវត្តមានរបស់ ករុណា ពេជ្រ ទៅណាមកណា ជាមួយនឹងលោក ហ៊ុន ម៉ានី ក្នុងភាពស្និទ្ធស្នាល ដូចកាលពីថ្ងៃទី១៣ កក្កដា កន្លងមកនេះ នៅពេលដែលលោក ហ៊ុន ម៉ានី បានចុះទៅចែកអំណោយ ក្នុងខេត្តកោះកុង និងព្រះសីហនុ គេក៏បានឃើញវត្តមានរបស់តារាចម្រៀង ករុណា ពេជ្រ ដើរតួជាជំនួយការផ្ទាល់ដែរ។
ចំពោះសកម្មភាពដែលស្និទស្នាលជាញឹកញាប់នេះ នេះត្រូវបានទស្សនិកជន ដែលតាមដានសកម្មភាពរបស់តារាចម្រៀងរូបនេះ លើកឡើងថា គឺដើម្បីឆក់យកឱកាស ឬក៏សម្លឹងឃើញតំណែងណាមួយ នៅក្នុងជួររដ្ឋាភិបាលជាក់ជាមិនខាន។
ប៉ុន្តែតាមរយៈសារព័ត៌មានក្នុងស្រុកមួយ តារាចម្រៀងជួរមុខរបស់ថោនរូបនេះ បានបដិសេធភ្លាមៗតែម្តង ចំពោះការលើកឡើងខាងលើនេះ។
លោក ករុណា ពេជ្រ បានពន្យល់យ៉ាងដូច្នេះថា៖ «ខ្ញុំបានឮច្រើន ពីការលើកឡើងដោយចំៗនេះ តែខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនសម្លឹង ឬចង់បានតំណែងអ្វីមួយទេ។ នៅពេលនេះ ខ្ញុំគ្មានតួនាទីនៅក្នុងស្ថាប័នរដ្ឋណាមួយនោះទេ តែអ្វីដែលខ្ញុំធ្វើ ជាឆន្ទះ និងទឹកចិត្តផ្ទាល់។ មានគេថា ថ្ងៃណាមួយ នៅពេលយើងអស់ប្រយោជន៍ឱ្យគេ គេនឹងទាត់យើងចោល តែសម្រាប់ខ្ញុំ អ្នកណាទាត់ចោល ឬមិនទាត់ចោលស្អី បើយើងគ្រាន់តែធ្វើអ្វីជាការងារសង្គមប៉ុណ្ណឹងនោះ។»៕