សាច់​ញាតិ​របស់ ហ៊ុន សែន ឡើង​កាន់​ក្បាល​ម៉ាស៊ីន​រដ្ឋសភា

សាច់ឈាមពីរនាក់ របស់លោក ហ៊ុន សែន បានឡើង និងនៅតែ កាន់កាប់គណៈកម្មការចំនួនពីរ នៅរដ្ឋសភា ដែលត្រូវបានបង្កើតឡើង ដោយគណបក្សតែមួយ។ មនុស្សទាំងពីរនោះ មានម្នាក់ជាកូនប្រុសពៅ អាយុ៣៦ឆ្នាំ និងម្នាក់ទៀត អាយុ៦៨ឆ្នាំ ជាបងប្រុសរបស់លោក ហ៊ុន សែន។
សាច់​ញាតិ​របស់ ហ៊ុន សែន ឡើង​កាន់​ក្បាល​ម៉ាស៊ីន​រដ្ឋសភា
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន ណេង និងលោក ហ៊ុន ម៉ានី ត្រូវជាបងប្រុសបង្កើត និងកូនប្រុសពៅ របស់លោក ហ៊ុន សែន។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 06, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាប៉ោង បើកគ្រប បង្ហាញខ្លួនទាំងអស់ហើយ។ បន្ទាប់សមាសភាពគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោក ហ៊ុន សែន អាណត្តិទី៦ថ្មី ដែលរីកធំជាងមុន នៅពេលនេះ ក្បាលម៉ាស៊ីនដឹកនាំ និងប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភានីតិកាលទី៦ ក៏ត្រូវបានជ្រើសតាំងឡើងដែរ។

បើក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា នៅតែជាលោក ហេង សំរិន ប្រធាន - លោក ងួន ញ៉ិល និងអ្នកស្រី ឃួន សុដាវី អនុប្រធានទី១-ទី២ ដដែលនោះ ប្រធានគណៈកម្មការទាំង១០ នៃស្ថាប័ននីតិបញ្ញត្តិនេះ មានផ្លាស់ប្ដូរខ្លះៗ បើប្រៀបធៀបនឹងនីតិកាលមុន។

អ្វីដែលកត់សម្គាល់ខ្លាំង កឺលោក ហ៊ុន ម៉ានី អាយុ៣៦ឆ្នាំ ដែលជាកូនប្រុសពៅ របស់លោក ហ៊ុន សែន ត្រូវបានជ្រើសតាំង ឲ្យធ្វើជាប្រធានគណៈកម្មការទី ៧ ទទួលបន្ទុក អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេស ចរណ៍។ ខណៈលោក ហ៊ុន ណេង អាយុ៦៨ឆ្នាំ ដែលជាបងប្រុសបង្កើត របស់លោក ហ៊ុន សែន នៅតែត្រូវបានជ្រើសតាំងដដែល ជាប្រធានគណៈកម្មការទី៤ ទទួលបន្ទុក មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។

ក្រៅពីនេះ មនុស្សថ្មីៗមួយចំនួនទៀត ដែលត្រូវបានជ្រើសតាំង ធ្វើជាថ្នាក់ដឹកនាំគណៈកម្មការសេសសល់ នៃរដ្ឋសភានីតិកាលថ្មីនេះ ត្រូវបានគេស្គាល់ថា ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដូចយ៉ាង លោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ និងអ្នកស្រី ឡោក ខេន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលសម្បូរដោយរឿងដីធ្លី ដ៏ចម្រូងចម្រាស់ ជាមួយអ្នកភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំងជាដើម។

ខាងក្រោមនេះ ជាសមាសភាពទាំងស្រុង នៃថ្នាក់ដឹកនាំគណៈកម្មការ ទាំង១០ នៃរដ្ឋសភា៖

- លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ ទទួលបន្ទុក សិទ្ធិមនុស្ស ទទួលពាក្យ បណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
- លោក ជាម យៀប ប្រធានគណៈ កម្មការទី២ ទទួលបន្ទុក សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
- លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ ទទួលបន្ទុក ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
- លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ ទទួលបន្ទុក មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
- លោក ឈាង វុន ប្រធានគណៈកម្មការទី៥ ទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
- លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ ទទួលបន្ទុក នីតិកម្ម និងយុត្ដិធម៌
- លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុក អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
- អ្នកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ ទទួលបន្ទុក សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង កិច្ចការនារី
- អ្នកស្រី ងិន សុផុន ប្រធានគណៈកម្មការទី៩ ទទួលបន្ទុក សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- និងលោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ ទទួលបន្ទុក អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...