អ្នកវិភាគ៖ រដ្ឋាភិបាលមិនទាន់ឲ្យតម្លៃសង្គមស៊ីវិល បានពេញលេញ
អ្នកវិភាគនយោបាយ និងសង្គមឯករាជ្យកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលបានលើកឡើងថា រដ្ឋាភិបាលមិនត្រូវយល់ច្រឡំថា គ្រប់ស្ថាប័នសង្គមស៊ីវិលទាំងអស់ មាននិន្នាការប្រឆាំងរដ្ឋាភិបាលនោះទេ តែគប្បីផ្តើមឲ្យតម្លៃពេញលេញដល់គ្រប់ស្ថាប័នសង្គមស៊ីវិល និងសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាមួយគ្នា។
លោក ហ៊ុន សែន (រូបលើកដៃចង្អុលនៅកណ្ដាល) នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត ហ្វេសប៊ុក)
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------
សង្គម - លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមានអង្គការសមាគមជាដៃគូចំនួន ១២ ស្ថាប័ន បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ នេះថា៖ «ភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលហាក់ដូចជាមិនទាន់ជិតស្និទ្ធជាមួយគ្នាប៉ុន្មានទេ ខណៈរដ្ឋាភិបាលនៅមន្ទិលសង្ស័យ ពីតួអង្គសង្គមស៊ីវិលហ្នឹង ថាជាក្រុមប្រឆាំងទៅវិញ។»
មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ដដែលនេះបានពន្យល់ថា ត្បិតកិច្ចការខ្លះសង្គមស៊ីវិលមិនមានសមត្ថភាព និងជំនាញ ដូចក្រុមហ៊ុនឯកជន ឬដៃគូឯកជន តែជាបទពិសោធន៍របស់រដ្ឋាភិបាលប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ អាចមានការរីកចម្រើនបាន ក៏អាស្រ័យមានការចូលរួមវិភាគទានយ៉ាងធំធេង ពីក្រុមអង្គការសង្គមស៊ីវិល។
សម្រាប់ស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជាលោក សន ជ័យ បញ្ជាក់ថា៖ « ប្រទេសដែលមិនទាន់មានអភិបាលកិច្ចល្អ និងមានអំពើពុករលួយដូចនេះ វាអាចធ្វើឲ្យមន្រ្តីខ្លះគិតថាការសហការជាមួយសង្គមស៊ីវិល វាធ្វើឲ្យបាត់ផលប្រយោជន៍របស់ពួកគេទៅវិញ។ (...) បើគិតពីឆ្នាំ១៩៩៣មក សង្គមស៊ីវិល មានជំនាញ និងបទពិសោធន៍ច្រើន ដូច្នេះរដ្ឋាភិបាល គួរតែបើកចិត្តឲ្យទូលាយ ព្រោះសង្គមស៊ីវិលមិនមែនជាគូប្រជែងនយោបាយទេ សង្គមស៊ីវិលគ្រាន់តែចង់ឃើញប្រទេសមានការអភិវឌ្ឍន៍បានត្រឹមត្រូវ និងធានានិរន្តរភាព។»
ទទ្ទឹមនឹងការអះអាងថា ក្រុមអង្គការសង្គមស៊ីវិលជាដៃគូមិនអាចខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា កន្លងមករដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជា ជាង៣០សិបឆ្នាំហើយនោះ ក៏បានចោទប្រកាន់ថា មានអង្គការសង្គមស៊ីវិលមួយចំនួន បំពេញការងាររបស់ខ្លួន ដោយមិនឯករាជ្យ និងលំអៀងទៅរកគណបក្សជំទាស់។
ជុំវិញបញ្ហានេះ លោកកែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកតាមដានស្ថានការណ៍សង្គមឯករាជ្យកម្ពុជា បានពន្យល់ថា ប្រជាពលរដ្ឋកម្ពុជា កំពុងឃ្លាតឆ្ងាយពីរបៀបវារៈនៃការអភិវឌ្ឍន៍ ដោយសាររដ្ឋាភិបាលបច្ចុប្បន្ន ធ្វើការជាមួយដៃគូឯកជន ច្រើនជាងសង្គមស៊ីវិល និងការជំរុញផ្នែកសង្គមកិច្ច។ លោកកែម ឡី បញ្ជាក់ថា៖ «សង្គមស៊ីវិល ដៃគូឯកជន និងរដ្ឋាភិបាល ដៃគូទាំងបីនឹងមិនអាចខ្វះគ្នាបានទេ។ តែបើដៃគូរទាំងបីហ្នឹង ស្រាក់ដៃគ្នាធ្វើការក៏ដោយ ក៏មិនទទួលបានជោគជ័យដែរ ប្រសិនបើភាគីទាំងនោះ មិនយកប្រជាពលរដ្ឋជាស្នូល៕»