អាត់ ធន់ រៀបចំបណ្តឹងប្តឹងទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការ
ចំពោះការពិន័យជាទឹកប្រាក់ ដ៏ច្រើនលើសលប់ និងការបំបិទសិទ្ធមួយចំនួន របស់តុលាការរាជធានីភ្នំពេញ ត្រូវបានលោក អាត់ ធន់ អះអាងថាលោកនឹងដាក់ពាក្យបណ្តឹងប្តឹងជំទាស់វិញ ដើម្បីឱ្យតុលាការដកសេចក្តីសម្រេច។
លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១៣ ឧសភា ២០១៤
-----------------------------------------------
ប្រព័ន្ធយុត្តិធម៌ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខាវឌូ លោកអាត់ ធន់ បានបញ្ជាក់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ក្រោយពេលដែលលោកយកប្រាក់ចំនួន២ម៉ឺន៥ពាន់ដុល្លារ ទៅតម្កល់នៅសាលាដំបូងរាជធានីភ្នំពេញនេះថា លោកនឹងត្រៀមពាក្យបណ្តឹងប្តឹងទាស់ ទៅនឹងការសម្រេចរបស់តុលាការទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងដកសេចសម្រេចនេះចោលចេញ ដែលបានដាក់កំហិតទៅលើរូបលោក។
ចំពោះការប្តឹងប្រឆាំងតបនឹងសេចក្តីរបស់តុលាការនេះ ត្រូវបានលោក អាត់ ធន់ អះអាងថា ការចោទប្រកាន់របស់តុលាការដែលថាលោកញុះញង់កម្មករ និងបង្កឱ្យមានរបួសស្នាមនោះ វាជារឿងមួយដែលមិនត្រឹមត្រូវ និងមិនសមហេតុផលនោះទេ ព្រោះលោកមិនបាននៅក្នុងព្រឹត្តការណ៍។ លោកពន្យល់យ៉ាងដូច្នេះថា៖ «យោងតាមច្បាប់និតិវិធីព្រហ្មទណ្ឌតាមមាត្រា៤៩៥ បានបញ្ជាក់ថាញុះញង់គឺវាមានតែញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬរើសអើងជាតិសាសន៍ ប៉ុន្តែយើងមិនបានទៅញុះញង់នោះទេ។ ហើយរឿងមួយទៀត បើសិនជាចាត់នរណាមួយឱ្យទៅប្រព្រឹត្តទាល់តែរកឃើញនណារមួយដែលប្រព្រឹត្ត តែឥលូវរកមិនទាន់ឃើញអ្នកប្រព្រឹត្តផង ហើយមកចោទខ្ញុំ។»
«យើងក៏ទំនាក់ទំនងជាមួយមិត្តភក្តិជាតិ និង អន្តរជាតិផ្សេងទៀតដែលគេបានជួយ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានការដកចោលទាំងស្រុងទៅលើការចោទប្រកាន់ ក៏ដូចជាការធ្វើទុក្ខបុកម្នេញផ្សេងមកលើរូបខ្ញុំ» នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានសហជីពរូបនេះ។
លោកអាត់ ធន់បន្តឱ្យដឹងទៀតថា ការដាក់ទណ្ឌកម្មរបស់សាលាដំបូងរាជធានីភ្នំពេញ នូវទឹកប្រាក់២ម៉ឺន៥ពាន់ ជាការធានាខ្លួនឱ្យនៅក្រៅឃុំ និងការហាមសិទ្ធិមួយចំនួន មិនឱ្យមានការជួបជុំនៅទីកន្លែងសាធារណៈ ក្នុងនាមលោកជាប្រធានសហជីព វាការរំលោភទាំងស្រុងទៅនឹងច្បាប់៕