ទិវា​វិសាខ​បូជា​អន្តរជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​បំបែក ដោយ​កង​សន្តិសុខ

នៅព្រឹកថ្ងៃអង្គារទី១៣ ខែឧសភានេះ ទីរមណីយដ្ឋានវត្តភ្នំ និងជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរ តាម​ទំនៀម​ទម្លាប់បែបព្រះពុទ្ធសាសនានោះ ក្រុមការងារដើម្បីសន្តិភាព មានសិស្ស និស្សិត អង្គការ បានមកប្រមូលផ្តុំគ្នា ចូលរួម​អបអរសាទ និងបន់ស្រន់ ក្នុងថ្ងៃវិសាខបូជានេះ។ តែការជួបជុំនេះត្រូវបានក្រុមសន្តិសុខ​ខណ្ឌ ធ្វើការហាមឃាត់ និង​បំបែកមិនឲ្យមានការជួបជុំគ្នាលើសពី១០នាក់ ដោយលើកពីការ«បិទ»ទីលានប្រជាធិបតេយ្យ ដោយសាលារាជធានី នាពេលកន្លងមក មកអះអាងពីមូលហេតុ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃអង្គារទី១៣ ខែឧសភានេះ ទីរមណីយដ្ឋានវត្តភ្នំ និងជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរ តាម​ទំនៀម​ទម្លាប់បែបព្រះពុទ្ធសាសនានោះ ក្រុមការងារដើម្បីសន្តិភាព មានសិស្ស និស្សិត អង្គការ បានមកប្រមូលផ្តុំគ្នា ចូលរួម​អបអរសាទ និងបន់ស្រន់ ក្នុងថ្ងៃវិសាខបូជានេះ។ តែការជួបជុំនេះត្រូវបានក្រុមសន្តិសុខ​ខណ្ឌ ធ្វើការហាមឃាត់ និង​បំបែកមិនឲ្យមានការជួបជុំគ្នាលើសពី១០នាក់ ដោយលើកពីការ«បិទ»ទីលានប្រជាធិបតេយ្យ ដោយសាលារាជធានី នាពេលកន្លងមក មកអះអាងពីមូលហេតុ។


ក្រុមការងារដើម្បីសន្តិភាព មានសិស្ស និស្សិត អង្គការ បានរៀបចំចេញដំណើរពីវត្តភ្នំ ឆ្ពោះទៅព្រះអង្គដងកើរ។ (រូបថត MONOROOM.info/ S.Tith)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ ឧសភា ២០១៤
-----------------------------------

សេរីភាព និងព្រះពុទ្ធសាសនា - ក្រុមការងារដើម្បីសន្តិភាព ដែលទើបតែបានជួបជុំគ្នាប្រមាណជិត២០នាក់ រួមមាន​ព្រះសង្ឃ យុវជន អង្គការសង្គមស៊ីវិល នៅរមណីដ្ឋានវត្តភ្នំ ដើម្បីប្រារព្វពិធី«បុណ្យវិសាខបូជា»ទៅតាម​ព្រះពុទ្ធ​សាសនានោះ បានរងនូវការវាយបំបែក ពីសំណាក់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ និងខណ្ឌប្រាំពីរមករាចំនួន​ប្រមាណជាង៥០នាក់។

ក្រុមការងារដើម្បីសន្តិភាពទាំងនោះ បានព្យាយាមដើរចេញពីវត្តភ្នំ ឆ្ពោះទៅសួនច្បារផ្សារចាស់ (ប្របមាត់ទន្លេ) ក្នុង​គោលបំណងឆ្ពោះទៅព្រះអង្គដងកើជាបន្ត តែក៏ត្រូវបរាជ័យទៀត ដោយក្រុមសន្តិសុខខណ្ឌទាំងនោះ ចូលមកវាយ​បំបែកខ្ចាត់ខ្ចាយ។ ក្នុងហេតុការណ៍នៃការដេញបំបែកនេះ បើទោះមានការតវ៉ារគ្នាបន្តិចបន្តួចក៏ដោយ តែមិនបណ្តាល​ឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន យុវជន ហង់ សូវៀត បានបង្ហាញនូវការខកចិត្តចំពោះ​ទង្វើរបស់អាជ្ញាធរ​របស់​ជាតិ ដែលហាមឃាត់មិនឲ្យមានការរៀបចំពិធីបុណ្យវិសាខបូជា។ យុវជនរូបនេះ បានថ្លែងថា៖ «រដ្ឋាភិបាល​ដែល​គោរព​ព្រះពុទ្ធសាសនា កាន់ព្រះពុទ្ធសាសនា និងមានព្រះពុទ្ធសាសនាជាសាសនារបស់ជាតិទៀតនោះ បែរជាហាម​ឃាត់​មិនឲ្យមានការប្រារព្វនេះ តើមានន័យយ៉ាងដុចម្តេចដែរ?»

អ្នកស្រី ប្រាក់ សុខានី តំណាងក្រុមការងារដើម្បីសន្តិភាព បានលើកឡើងថា ការជួបជុំគ្នានេះ ក្នុងគោលបំណង​បួង​សួងចង់ឲ្យខ្មែរទាំងអស់ចេះរួមរួម និងស្រលាញ់គ្នា។ ពិសេសជៀសវាង នូវការប្រើប្រាសើហិង្សាដាក់គ្នា រវាងខ្មែរ និង​ខ្មែរ។ អ្នកស្រី​និយាយឲ្យដឹងទៀតថា «តាមគម្រោងយើងត្រូវជួបជុំគ្នាជាង៣០០នាក់។ តែយើងជួបជុំគ្នាមិន​ទាន់​ដល់​ដប់នាក់ផង គេក៏មកបំបែក ដោយលើកឡើងថា មិនឲ្យមានការជួបជុំលើសពី១០នាក់ និងត្រូវមានលិខិតអនុញាតិ​ជា​ដើម។»

សាមណៈនិស្សិត អាន វិចិត្រ ដែលមានវត្តមានចូលរួមដែរនោះ បានមានសង្ឃដីកាថា ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃ​ដែល​បានចូលរួមនោះ មានបំណងតែមួយគត់គឺ ចង់ថែរក្សានូវវប្បធម៌ ប្រពៃណី និងសាសនារបស់ជាតិ។ តែការ​ជួប​ជុំនេះ មិនត្រូវបានជួយសម្រួលតាមច្បាប់ដោយក្រុមអាជ្ញាធរទេ។ ព្រះភិក្ខុសង្ឃអង្គនេះបន្តសង្ឃដីកាដូច្នេះថា «ក្រុម​អាជ្ញាធរតែងតែបំផ្លាញនូវប្រពៃណី និងវប្បធម៌របស់ជាតិ។ ព្រោះពួកគេមិនដែលយកចិត្តទុកដាក់ទៅនឹងវប្បធម៌ ប្រពៃណីរបស់ជាតិទេ។ (...) បើគេ(ក្រុមអាជ្ញាធរ) ចង់ថែររក្សាប្រពៃណីជាតិ ឬសាសនានោះ មិនមានការរារាំង​នៃ​ការប្រារព្វទិវានេះទេ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់​សាលារាជធានីភ្នំពេញបាន​ឡើយ ដោយលោកពុំទទួលទូរស័ព្ទ។ ទោះយ៉ាងនេះក្តី ក្នុងពេលបំបែកការជួបជុំនោះ ក្រោមសន្តិសុខខណ្ឌតែងតែ​លើកនូវហេតុផលថា ដើម្បីរក្សាសណ្តាប់ធ្នាប់ និងមិនឲ្យមានការរាំងស្ទះចរាចរជាដើម។ ក្រុមកងកម្លាំងអាជ្ញាធរ និង​សន្តិសុខទាំងនោះ តែងតែលើកសំអាងនូវបំរាមមិនឲ្យមានការជួបជុំលើសពី«១០នាក់» ទោះបីបំរាមនោះត្រូវបាន​ប្រកាស«លុប»ចោលដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលកន្លងមកក៏ដោយ។

លោក អំ សំអាត បានលើកឡើងជាថ្មីថា ទាំងច្បាប់ជាតិ ទាំងច្បាប់អន្តរជាតិ មិនមានការហាមប្រាមណាមួយ ចំពោះ​ការជួបជុំ និងការប្រារព្វទិវាបុណ្យជាតិ ឬបុណ្យសាសនានោះទេ។ លោកនៅតែធ្វើការថ្កោលទោស ទៅលើការដាក់​បំរាម​របស់អាជ្ញាធរ ដែលមិនឲ្យមានការជួបជុំគ្នា លើសពី១០នាក់នោះថាជាការរំលោភ «ច្បាប់» ឬខុសទៅនឹងច្បាប់។ ដែលបំរាមនេះក៏បានរំលោភលើសិទ្ធិបុគ្គល និងសិទ្ធិមនុស្សផងដែរ។ «ប្រទេសយើងជាប្រទេសប្រកាន់ និងគោរព​លិទ្ធិ​ប្រជាធិបតេយ្យ មិនគួមានបំរាមនេះកើតឡើងទេ។ ការចែងបំរាមនេះ ជាការមួយរំលោភទៅលើច្បាប់អន្តរជាតិ ជាពិសេសរំលោភទៅលើច្បាប់រដ្ឋធម្មនុញ្ញនោះឯង។»

សូមរំលឹកថាក្នុងឆ្នាំ១៩៩៩ «ទិវាបុណ្យពិសាខបូជា» ត្រូវបានមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលមាន​សមាជិក ជិត២០០ប្រទេស បានប្រកាសទទួលស្គាល់ ជាថ្ងៃ«បុណ្យអន្តរជាតិ»។ លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានផ្ញើសារសន្តិភាពមួយ ដល់សាធារណៈជន ក្នុងអត្ថន័យថា៖ «នៅពេលនេះ យើងត្រូវការ​នូវ​ស្មារតីអហិង្សាជាងអ្វីៗទាំងអស់ ដើម្បីលើកកំពស់សន្តិភាព និងលុបបំបាត់នូវទំនាស់។ (...) ក្នុងការប្រារព្វបុណ្យ​វិសាខបូជា ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នា និង​ប្រកាន់ខ្ជាប់នូវឧត្តមភាព ឬស្មារតីដ៏ល្អ ក្នុងការពង្រឹង នូវដំណោះស្រាយ​របស់យើង ដើម្បីធ្វើឲ្យពិភពលោក​មានភាពផូរផង់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...