ហ៊ុន សែន គួរចុះចេញពីតំណែង បើបន្តឲ្យក្រុមសន្តិសុខធ្វើអ្វីតាមចិត្ត?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងព្រឹត្តិការណ៍វាយបំបែក កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ការរៀបចំពិធិបុណ្យ វិសាខបូជា របស់ក្រុមការងារដើម្បីសន្តិភាព ត្រូវបានក្រុមយុវជន សិស្ស និស្សិត និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនចាត់ទុក ការដេញ វាយ បំបែក របស់ក្រុមសន្តិសុខទាំងនោះ (វា) ជាការបង្កឲ្យមានភាព អសន្តិសុខទៅវិញទេ។ ពីក្នុងចំណោមនោះ សកម្មជនមួយចំនួន បានលើកឡើងពីអសមត្ថភាពរបស់រដ្ឋាភិបាល ដែលបានបង្កើតក្រុមសន្តិសុខនេះឡើង និងបានទាមទារឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងនោះទៀត។
ការជួបជុំរបស់ក្រុមពលរដ្ឋ ក្នុងឱកាសបុណ្យវិសាខបូជា ក្រោមការឃ្លាំមើលរបស់ក្រុមសន្ដិសុខបិទមុខ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ ឧសភា ២០១៤
-------------------------------------
សេរីភាព - ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយពីមានការដេញ វាយ បំបែក នៃក្រុមសន្តិសុខខណ្ឌ ក៏ដូចជាក្រុមបង្ក្រាបបាតុកម្មដែលមានដំបង ដំបងឆក់ និងខែលនោះ អ្នកស្រី សិទ្ធិ ប្រជា (ឈ្មោះដែលទស្សនាវដ្តីដាក់ឲ្យ) តំណាងខាងព្រះពុទ្ធសាសនា បានលើកឡើងថា ក្រុមការងារអ្នកស្រី មិនមែនជាក្រុមបាតុកម្ម ឬកូដកម្មអ្វីឡើយ។ ពួកគាត់មកជួបជុំគ្នា ដើម្បីរៀបចំពីធីបុណ្យ បែបព្រះពុទ្ធសាសនា ទៅតាមទំនាបទំលាប់ ប្រពៃណី និងធ្វើនៅទីគោរពសក្ការៈបូជាដូចជារមណីដ្ឋានវត្តភ្នំ និងព្រះអង្គដងកើប៉ុណ្ណោះ។
អ្នកស្រីបានទំលាក់បន្ទុកនៃការទទួលខុសត្រូវនេះ ទៅលើរដ្ឋាភិបាលដែលគ្មានសមត្ថភាព និងការមិនទទួលខុសត្រូវ ដោយបានបង្កើតក្រុមទាំងនេះឡើង ដើម្បីដេញ វាយ និងចាប់យកសម្ភារៈរបស់គេដូចជា«ចោប្លន់»។ អ្នកស្រីបានថ្លែងទៀតថា៖ «ប្លន់ទាំងរស់។ (...) មិនមែនជាក្រុមសន្តិសុខទេ ជាក្រុមអសន្តិសុខ។ (...) បាវចនាដែលសរសេរថា “ជាតិ សាសនា ព្រះមហាក្សត្រ” គ្មានប្រយោជន៍នោះទេ ព្រោះគ្មានអ្នកគោរពទេ។ ក្រុមអសន្តិសុខទាំងនោះ (វា) មិនគោរពទេ។ អញ្ចឹង គួសម្តេច (ហ៊ុន សែន) ចុះចេញពីតំណែងទៅ។»
«ថ្ងៃបុណ្យ។ យើងមិនមែនធ្វើនយោបាយទេ យើងធ្វើបុណ្យ។ ប្រជាជនគ្រប់ជាតិសាសន៍ ដែលមានមេត្តាធម៌ គេធ្វើគ្រប់គ្នា ព្រោះវាមិនមែនជាបុណ្យសម្រាប់តែខ្មែរមួយទេ ជាបុណ្យចំរុះជាតិសាសន៍។ (...) ចាប់ពីក្រោយបោះឆ្នោតមានការ វាយដុំ ច្រំធាក់ ចាប់ចង បាញ់សម្លាប់ពាសវាលពាសកាល នៅស្រុកខ្មែរដូចសមរភូមិចឹង។ យើងគិតថា ធម៌ព្រះ ធម៌ព្រះពុទ្ធ អាចមានការជ្រាបវចូលក្នុងខួរក្បាល ក្រុមអសន្តិសុខទាំងនោះ។ ហេតុដូច្នេះហើយ បានជាយើងខំធ្វើ។ (...) បើពួកគេមិនបានធ្វើ មិនចូលរួមធ្វើទេ សុំតែកុំមករំខានទៅបានហើយ។ (...) យើងចង់ឲ្យប្រទេសខ្មែរមានសុខសន្តិភាព។» នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី សិទ្ធិ ប្រជា។
លោក លឹម វន្នី សកម្មជនមួយរូបរបស់ក្រុមការងារបណ្តាញសម្រាប់យុត្តិធម៌ និងសន្តិភាព និងជាអ្នកតំណាងខាងគ្រឹស្តិសាសនា ដែលចូលរួមក្នុងការជួបជុំនោះ ក៏បានរងនូវការដេញ វាយ និងបំបែកដោយក្រុមសន្តិសុខខណ្ឌដូនពេញទាំងនោះដែរ។ លោកបានបង្ហាញនូវការខកចិត្ត ក្នុងនាមព្រះយេស៊ូគ្រឹះ ចំពោះសកម្មភាពនៃការបំបែកដោយក្រុមអាជ្ញាធររដ្ឋាភិបាលនេះ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិ និងសេរីភាពពេញលេញក្នុងការសម្តែងមតិ ស្របតាមរដ្ឋធម្មនុញ្ញដែលមានចែង។»
អ្នកស្រីសិទ្ធិ ប្រជា ក៏បានសង្កត់ធ្ងន់ដែរថា ផ្នែកការអនុវត្តជាក់ស្តែង ប្រទេសកម្ពុជាសព្វថ្ងៃគ្មានលិទ្ធិប្រជាធិបតេយ្យទេ ព្រោះលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានតែលើក្រដាសប៉ុណ្ណោះ។ អ្នកស្រីបានថ្លែងថា បើមានលិទ្ធប្រជាធិបតេយ្យនោះ មិនមែនប្រជាពលរដ្ឋខ្មែរ ធ្វើការបញ្ចេញមតិមិនបាន បើសូម្បីតែក្នុងកម្មវិធីបុណ្យសាសនាក៏ធ្វើមិនបាននោះទេ។ អ្នកស្រីបន្តទៀតថា៖ «ទោះបីនាយករដ្ឋមន្រ្តី(ហ៊ុន សែន) ខំប្រកាសថាជាប្រទេសលិទ្ធិប្រជាធិបតេយ្យក៏ដោយ តែបើឲ្យកូនចៅ (របស់លោក ហ៊ុន សែន ធ្វើនូវអំពើ) គ្មានលិទ្ធិប្រជាធិបតេយ្យបែបនេះ (...) ព្រះសង្ឃ ឬរាស្រ្តសាមញ្ញមិនឲ្យធ្វើបុណ្យដែរ។ បាវចនារបស់ជាតិ ដាក់មកវាគ្មានប្រយោជន៍។
ក្នុងនាមជាយុវជន កញ្ញា ពៅ ចាន់ដាវី ដែលបានចូលរួមក្នុងកម្មវិធីនោះ ហើយក៏ត្រូវបានដេញវាយ និងបំបែកពីសំណាក់ក្រុមសន្តិសុខខណ្ឌ បានឯកភាពថា សម្រាប់ប្រទេសកម្ពុជា មិនមានសិទ្ធិ សេរីភាព និងលិទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ។ ជាងនេះកញ្ញា មានការសោកស្តាយយ៉ាងខ្លាំង ដែលអាជ្ញាធរ ឬរដ្ឋាភិបាលកម្ពុជា មិនបានគោរពច្បាប់ក្នុងនាមជាថ្នាក់ដឹកនាំយ៉ាងដូច្នេះសោះ។ តែទោះយ៉ាងនេះក្តី កញ្ញានៅតែប្រកាន់ជំហរ តស៊ូមតិធ្វើយ៉ាងណាទាមទារ និងជំរុញឲ្យមានការគោរពច្បាប់ ដោយក្រុមអាជ្ញាធរទាំងនោះ ឬរដ្ឋាភិបាល។ «ក្នុងនាមជាយុវជន បើសិនជាយើងមិននាំគ្នាធ្វើទេ នោះស្ថានភាពស្រុកទេសយើង កាន់តែយ៉ាប់យឺនជាងនេះហើយ។ (...) យើងមិនមែនប្រឆាំងទេ តែទាមទាឲ្យរដ្ឋាភិបាលត្រូវតែគោរពច្បាប់ ដោយខ្លួនឯងជាមុនសិន ដើម្បីសន្តិភាព និងការរីកចំរើនរបស់ប្រទេសជាតិ។ (...) យើងខកចិត្តចំពោះពួកគាត់ ដែលមិនបានធ្វើអ្វីទាល់តែសោះដើម្បីសន្តិភាព គាត់បែរជាហាមឃាត់អ្នកដែលធ្វើដើម្បីសន្តិភាពទៅវិញ។»
ជាមួយគ្នានេះ អ្នកស្រី សិទ្ធិ ប្រជា សូមផ្តាំផ្ញើរទៅប្រមុខរដ្ឋាភិបាល បើពិតជាមានការគោរពច្បាប់មែននោះ ឲ្យក្រឡេកមើលកូនចៅខ្លួនឯងផង។ អ្នកស្រីបានដាក់ជាចម្ងល់ថា ក្រុមសន្តិសុខទាំងនោះ មិនត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃឡើយ ចុះហេតុអ្វីបានជាពួកគេមានសិទ្ធិ មកវាយដំ ច្រំធាក់ប្រជាពលរដ្ឋខ្មែរ។ «សូមបើកភ្នែកមើលផង កុំងងឹតពេក!»
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញនូវទស្សនៈផ្ទាល់ថា ក្នុងព្រឹត្តិការណនៃការហាមឃាត់ មិនឲ្យមានការជួបជុំនៅទីសាធារណៈនេះ ព្រោះតែស្ថេរភាពនយោបាយនៅតានតឹង។ ដូច្នេះ គណបក្សនយោបាយ ពិសេសគណបក្សកាន់អំណាច ត្រូវតែគិតពីស្ថេរភាពនៃ«អំណាចរបស់បក្ស» ជៀសជាងគិតពី«ឧត្តមប្រយោជន៍ជាតិ និងឧត្តមប្រយោជន៍ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បើកាលណាថ្នាក់ដឹកនាំគិតពីឧត្តមប្រយោជន៍"បក្ស" ធំជាងឧត្តប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ វាមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិប្រជាពលរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះយ៉ាងគំហុក។»
យ៉ាងណាក៏មកទល់នឹងល្ងាចថ្ងៃទី១៣ ខែឧសភានេះ ទស្សនាដ្តីមនោរម្យ.អាងហ្វូ នៅមិនមានប្រតិកម្មតបណាមួយ ពីខាងមន្រ្តីរាជរដ្ឋាភិបាល នៅឡើយទេ ចំពោះរាល់ការចោទប្រកាន់ខាងលើនេះ៕